ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សភ្លើងទៀន សុំអឺរ៉ុបជួយជំរុញឲ្យបរិយាកាសនយោបាយនៅកម្ពុជាមានភាពល្អប្រសើរ មុនការបោះឆ្នោតមកដល់
03, Nov 2022 , 5:39 pm        
រូបភាព
ពីឆ្វេងដៃទៅ៖ លោក ហ្ស៊ីកា ទីហាមើ (CZIKA Tihamer) អនុប្រធានបេសកកម្មស្ថានទូតសហភាពអឺរ៉ុប លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន អ្នកស្រី កាមិន ម៉ូរ៉េណូ (Carmen MORENO) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន និងលោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន ថតជាមួយគ្នាក្នុងស្ថានទូតសហភាពអឺរ៉ុបប្រចាំរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបពីគណបក្សភ្លើងទៀន
ពីឆ្វេងដៃទៅ៖ លោក ហ្ស៊ីកា ទីហាមើ (CZIKA Tihamer) អនុប្រធានបេសកកម្មស្ថានទូតសហភាពអឺរ៉ុប លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន អ្នកស្រី កាមិន ម៉ូរ៉េណូ (Carmen MORENO) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន និងលោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន ថតជាមួយគ្នាក្នុងស្ថានទូតសហភាពអឺរ៉ុបប្រចាំរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបពីគណបក្សភ្លើងទៀន
ដោយ៖ ទេពញាណ

ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ជាប្រធាន លោក ថាច់ សេដ្ឋា ជាអនុប្រធាន និងលោក លី សុធារ៉ាយុត្តិ ជាអគ្គលេខាធិការ បានចូលជួបអ្នកស្រី កាមិន ម៉ូរ៉េណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី២ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២។



លោក ថាច់ សេដ្ឋា ប្រាប់សារព័ត៌មានថ្មីៗថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន បានជម្រាបដល់តំណាងស្ថានទូតសហភាពអឺរ៉ុប ពីបញ្ហាមួយចំនួន ដែលគណបក្សភ្លើងទៀន កំពុងជួបប្រទះ។ លោក បញ្ជាក់ដូច្នេះថា៖«យើង បានប្រាប់សហភាពអឺរ៉ុបបានជ្រាប ជំរុញយ៉ាងម៉េចដើម្បីឲ្យបរិយាកាសនយោបាយល្អប្រសើរ មុនការបោះឆ្នោត»។ 
 
តើបរិយាកាសនយោបាយនៅកម្ពុជាសព្វថ្ងៃ មិនល្អប្រសើរ ឬយ៉ាងណា? លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល មិនឆ្លើយឲ្យចំថា ល្អប្រសើរ ឬមិនល្អប្រសើរឡើយ។ តែលោក បកស្រាយថា គ្រប់គណបក្សនយោបាយ មានសិទ្ធិសេរីភាព ក្នុងការជួបជុំ និងការធ្វើយុទ្ធនាការផ្សេងៗទៀត។ 
 
តាមរយៈសារព័ត៌មានថ្មីៗ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បង្ហាញការយល់ឃើញបែបនេះថា៖«ការលើកឡើងរបសស់គណបក្សភ្លើងទៀន ប្រហែលជាគ្រាន់តែដើម្បីឲ្យសភាពអឺរ៉ុបចាប់អារម្មណ៍ប៉ុណ្ណោះ»។ លោក បន្តថា អ្នកនយោបាយ ត្រូវធ្វើសកម្មភាភ ដែលច្បាប់អនុញ្ញាត ហើយបើប្រើភាសា ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ពួកគេ ត្រូវទទួលខុសត្រូវ។ 
 
លោក ថាច់ សេដ្ឋា លើកឡើងថា តំណាងស្ថានទូតសហភាពអឺរ៉ុប ឆ្លើយតបនឹងថ្នាក់ដឹកនាំគណបក្សភ្លើងទៀត សភាពអឺរ៉ុប នឹងតាមដានឲ្យបានដិតដល់នូវការវិវត្តនយោបាយ និងបញ្ហានានានៅកម្ពុជា។ លោក ផ្តល់ព័ត៌មានទៀតថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀត ថែមទាំងបានស្នើសុំឲ្យសភាពអឺរ៉ុប បញ្ជូនអ្នកសង្កេតការណ៍ មកចូលរួមសង្កេតការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ។ ប៉ុន្តែ តំណាងស្ថានទូតសហភាពអឺរ៉ុប មិនទាន់សម្រេចលើសំណើនេះទេ។ 
 
ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងតំណាងស្ថានទូតសភាពអឺរ៉ុប បានពិភាក្សាគ្នាអំពីស្ថានភាពនយោបាយនៅកម្ពុជា បញ្ហាប្រឈម ការគំរាមកំហែងផ្សេងៗ ដែលបានបោកបក់លើគណបក្សភ្លើងទៀន ការធានាលម្ហប្រជាធិបតេយ្យ ដំណើរការនៃការចុះឈ្មោះអ្នកបោះឆ្នោត និងដំណើរការបោះឆ្នោតជាតិឆ្នាំ២០២៣។ នេះជាសំណេរលើទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន។ 
 
សូមរម្លឹកថា ក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ កាលពីខែមិថុនា ឆ្នាំ២០២២ មានតែគណបក្សភ្លើងទៀនប៉ុណ្ណោះ ដែលទទួលបានអាសនៈច្រើន បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា។ គណបក្សភ្លើងទៀន ទទួលបានអាសនៈជាង២ពាន់ ឯគណបក្សប្រជាជនកម្ពុជា ទទួលបានជាង៩ពាន់អាសនៈ។ ការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕ 
 

Tag:
 គណបក្សភ្លើងទៀន
  សហភាពអឺរ៉ុប
  ថាច់ សេដ្ឋា
  ផៃ ស៊ីផាន
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com