កីឡាជាតិ
ជាតិ
អាជ្ញាកណ្ដាលនៅ CPL៖ កីឡាករអាជីព ត្រូវគោរពគ្នាលើទីលាន (Fair-Play) ដើម្បីជាគំរូល្អ
04, Nov 2022 , 3:26 pm        
រូបភាព
លោក ជួប វិសាល អាជ្ញាកណ្ដាលកីឡាបាល់ទាត់កម្ពុជា ពាក់អាវខ្មៅនៅចន្លោះកីឡាករ រូបពីហ្វេសប៊ុក Choup Visal
លោក ជួប វិសាល អាជ្ញាកណ្ដាលកីឡាបាល់ទាត់កម្ពុជា ពាក់អាវខ្មៅនៅចន្លោះកីឡាករ រូបពីហ្វេសប៊ុក Choup Visal
លោក ជួប វិសាល អាជ្ញាកណ្ដាលកាត់ក្តីការប្រកួតក្របខណ្ឌខេ​មបូឌានលីគ CPL យល់ឃើញថា កីឡាករទាំងអស់ គួរតែបង្ហាញការគោរព (Fair-Play) ដល់គូរប្រកួត នៅក្នុងការប្រកួត បើទោះប្រឈមប៉ះទង្គិចគ្នាច្រើនលើទីលាន។ ទាំងនេះ នឹងបង្ហាញពីសីលធម៌ និងការអប់រំល្អ ក្នុងនាមជាកីឡាករអាជីព ដល់កីឡាករជំនាន់ក្រោយ។ 



ការប្រកួតរបស់កីឡាករក្នុងលីគ មានការប៉ះទង្គិចគ្នាជាច្រើន ដែលមិនបង្ហាញពីការប្រកួត ប្រកបដោយការគោរពគ្នា (Fair-play)។ ចំពោះរឿងនេះ លោក ជួប វិសាល អាជ្ញាកណ្តាលប្រកបអាជីពក្នុងលីគកីឡាបាល់ទាត់កំពូលកម្ពុជា បានពន្យល់ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ការប្រកួត ឬយុទ្ធសាស្ដ្រនៃការប្រកួតរបស់កីឡាករ គឺមានចំណែកក្លិប។ ទំហំនៃការចង់បានជ័យជំនះ ខ្លាំងពេករហូតដល់ភ្លេចនូវអ្វីហៅថាការគោរពគ្នាទៅវិញទៅមក។ 
  

លោក ជួប វិសាល អាជ្ញាកណ្ដាលកីឡាបាល់ទាត់កម្ពុជា រូបពី CNCC
 
«នេះ គឺជាការប្រកួតកីឡា ហើយតែងតែមានឈ្នះ និងចាញ់ ប៉ុន្ដែកីឡាករ ត្រូវគោរពគ្នាទៅវិញទៅមក បើទោះជាពេលខ្លះបង្ករបួស ឬគ្រោះថ្នាក់ជាអចេតនាក៏ដោយ។»។ អាជ្ញាកណ្ដាលកម្ពុជារូបនេះ បញ្ជាក់ដូច្នេះ។
 
ដោយឡែក ការប្រកួតជាមួយអន្ដរជាតិ ត្រូវបានគេមើលឃើញថាកីឡាករកម្ពុជា ហាក់បីដូចជាមិនហ៊ានប្រជែងយកបាល់ពីគូប្រជែងដោយកម្រោលយ ដូចការប្រកួតលីគក្នុងស្រុកឡើយ។ ជុំវិញករណីនេះ លោក ជួប វិសាល បកស្រាយថា ការប្រកួតក្នុងលីគ ពេលខ្លះកីឡាករ ដាក់គោលដៅយកជ័យជំនះជាធំ ហើយមិនខ្វល់ពីការប៉ះគ្នា ឬបញ្ហាផ្សេងៗទេ សំខាន់ធ្វើយ៉ាងណាឲ្យតែក្រុមខ្លួនបានឈ្នះ ទោះជាអ្នកណារបួសធ្ងន់ស្រាល ក៏ពួកគេមិនសូវជាខ្វល់។
 
ចំពោះការលេង Fair-play មិនមែនមន្ដ្រីរៀបចំការប្រកួត ឬអាជ្ញាកណ្ដាល អ្នកកំណត់ទេ ប៉ុន្ដែពួកគេត្រូវយល់នូវអ្វី គួរ ឬមិនគួរ នៅក្នុងការប្រកួតដោយខ្លួនឯង។
 
លោក ជួប វិសាល បានប្រាប់បន្ថែមថា ការប្រកួតលីគបាល់ទាត់កម្ពុជា ក្រោមការរៀបចំរបស់ក្រុមហ៊ុនលីគ Cambodian Premier League គួរឲ្យទាក់ទាញ់ ព្រោះក្រុមនីមួយៗ មានកម្រិតប្រហាក់ប្រហែងគ្នា ហើយកីឡាករ សកម្ម និងប្រឹងអស់ពីសមត្ថភាពក្នុងទីលាន។ អាជ្ញាកណ្ដាលរូបនេះ បានបន្ថែមថា លីគកម្ពុជាកាន់តែស្ដង់ដា ព្រោះក្លិប និងក្រុមហ៊ុនលីគ សហការគ្នាយ៉ាងល្អ ហើយមន្ដ្រីរៀបចំការប្រកួតយល់ស្របទៅ និងគោលការណ៍របស់ CPL។
 
«ការប្រកួតរបស់ក្រុមនីមួយៗ អភិវឌ្ឍខ្ពស់ ហើយកម្រិតរបស់កីឡាករ ក៏រីកចម្រើនផងដែរ។ ដូច្នេះ អាជ្ញាកណ្ដាល ត្រូវអភិវឌ្ឍខ្លួនឲ្យបានលឿន ដើម្បីតាមទាន់កីឡាករ។»។ អាជ្ញាកណ្ដាលរូបនេះ បាននិយាយដូច្នេះ។
 
បើទោះជាលីគវិវឌ្ឍលឿន កីឡករក៏រីកចម្រើន ក៏ដោយ អាជ្ញាកណ្ដាលរូបនេះ ថាមិនមានសម្ពាធ ឬពិបាកក្នុងការវិនិច្ឆ័យទេ។ លោកជួប វិសាល និយាយដូច្នេះថា៖«ការប្រកួតទូទៅ សម្រាប់ខ្ញុំ មិនមានសម្ពាធក្នុងខ្លួនទេ។ ខ្ញុំ ផ្ដោតលើសមត្ថភាពខ្ញុំផ្ទាល់ខ្លួន ចំណេះដឹង និងកម្លាំងកាយសម្បទា។ អ្វី ដែលប្លែកក្នុងឆ្នាំនេះ គឺកីឡាករ លេងលឿន ដូច្នេះ ខ្ញុំ ត្រូវតែវិវឌ្ឍខ្លួនឲ្យលឿន ដូចកីឡាករដែរ។»។
 
គួរបញ្ជាក់ផងដែរថា ការប្រកួតលីគកម្ពុជា បានឈានជិតដល់ចុងរដូវកាល ឆ្នាំ២០២២។ ការប្រកួតរដូវកាល ២០២៣-២០២៤ នឹងចាប់ផ្ដើម នៅអំឡុងខែសីហា ឆ្នាំ២០២៣។ ការចាប់ផ្ដើមរដូវកាលថ្មី មានក្រុម៨ ឬ១០ ចូលរួមនោះ ក្រុម Cambodian Premier League មិនទាន់បញ្ជាក់បានច្បាស់ទេ ព្រោះរងចាំមើលនូវការបំពេញតាមលក្ខខ័ណ្ឌក្រុមលីគ២ ដែលមានអាទិភាពត្រូវឡើងមកលីគកំពូល៕
 

Tag:
 បាល់ទាត់
  ជួប វិសាល
  CPL
© រក្សាសិទ្ធិដោយ thmeythmey.com