កីឡាជាតិ
ជាតិ
ករណីកីឡាករអាជីពលួចលេងឱ្យក្រុមដទៃ៖ ក្លិប អាចពិន័យកាត់ប្រាក់ឈ្នួល ឬបញ្ចប់កុងត្រាតែម្តង
04, Nov 2022 , 10:29 pm        
រូបភាព
ការប្រកួតពានរង្វាន់មហាជនខេត្តសៀមរាប រូបពី ក្លឹបបាល់ទាត់ កូនហង្ស អង្គរ ខេត្តសៀមរាប
ការប្រកួតពានរង្វាន់មហាជនខេត្តសៀមរាប រូបពី ក្លឹបបាល់ទាត់ កូនហង្ស អង្គរ ខេត្តសៀមរាប
មន្ដ្រីដឹកនាំក្លិបកីឡាបាល់ទាត់ក្នុងលីគកំពូលកម្ពុជា គាំទ្រលើការរិះគន់របស់មហាជន ចំពោះកីឡាករអាជីពណា ដែលចូលរួមប្រកួតឲ្យក្រុមកម្រិតក្រោមអាជីព ដើម្បីស៊ីឈ្នួលរកប្រាក់កម្រៃ។ មន្ត្រីក្លិបទាំងនោះ ចាត់ទុកទង្វើនេះ ជាការបំផ្លាញតម្លៃរបស់កីឡាករខ្លួនឯងផ្ទាល់។ កីឡាករអាជីពដែលចូលរួមប្រកួតជាមួយក្រុមដទៃដោយគ្មានការអនុញ្ញាតពីក្លិប នឹងត្រូវកាត់ប្រាក់ឈ្នួល ឬបញ្ចប់កិច្ចសន្យាតែម្តង។

 
លោក លី ហៀង អគ្គលេខាធិការក្លិបភ្នំពេញក្រោន បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ក្លិបភ្នំពេញក្រោន ធ្លាប់ជួបករណីកីឡាករ ស៊ីឈ្នួលប្រកួតក្រៅផ្លូវការបែបនេះ ខណៈអ្នកទាំងនោះ កំពុងជាប់កុងត្រាជាមួយក្លិប។ ប៉ុន្ដែបច្ចុប្បន្ន ក្លិប ពុំធ្លាប់ជួបរឿងនេះទៀតទេ ព្រោះក្លិបមានវិធានការតឹងរឹងចំពោះកីឡាករ ហើយវិធានការនោះ អាចឈានទៅដល់ការកាត់ប្រាក់បៀវត្យ ឬក៏បញ្ចប់កិច្ចសន្យាជាមួយគេ។
  

ការប្រកួតពានរង្វាន់មហាជនខេត្តសៀមរាប រូបពី ក្លឹបបាល់ទាត់ កូនហង្ស អង្គរ ខេត្តសៀមរាប

«យើង តែងអប់រំដល់កីឡាកររបស់យើង ថាក្នុងនាមជាកីឡាករអាជីព គឺមានន័យថាកីឡាករ ១រូបបង្ហាញខ្លួនសម្រាប់ក្លិបតែ១ទេ។» លោក លី ហៀង និយាយដូច្នេះ។
អគ្គលេខាធិការរូបនេះ បន្ថែមថា ការប្រកួតនៅខាងក្រៅប្រឈម និងហានីភ័យ ប្រសិនជាកីឡាកររបួស និងមិនមានអ្នកទទួលខុសត្រូវទេ ព្រោះជាការប្រកួតក្រៅផ្លូវការ ដែលមិនទទួលស្គាល់អំពីក្លិប។ កីឡាករ ត្រូវហ្វឹកហាត់ និងមានកាយសម្បទាត្រឹមត្រូវ ដោយមិនត្រូវមានរបួសណា ដែលក្លិបមិនទទួលដឹងលឺទេ។
 
លោក លី ហៀងសង្កត់ធ្ងន់ថា៖ «កីឡាករ ទទួលបានប្រាក់បៀវត្យពីក្លិបពេញលេញ។ ដូចនេះ ពួកគាត់ត្រូវរក្សាកម្លាំងពេញលេញក្នុងការហ្វឹកហាត់ និងការប្រកួតឲ្យក្លិប។ ម្យ៉ាងវិញទៀត ទាក់ទងនិងកុងត្រា កីឡាករ ត្រូវតែជជែកជាមួយក្លិប ក្នុងការទៅប្រកួតណាមួយ ប្រសិនជាមានហេតុផលណាមួយសមស្រប។ ឧទាហរណ៍ កីឡាករ ត្រូវគេអញ្ជើញ ចូលរួមប្រកួតពានសម្បុរសធម៌ ឬពានរង្វាន់ផ្សេងៗ ប្រសិនជាមិនមានការយល់ព្រមពីក្លិបទេ ពួកគេមិនអាចទៅចូលរួមបានទេ ។ កីឡាករ ត្រូវពិភាក្សាជាមួយក្លិប។»។
 
រីឯ លោក កែវ សុខង៉ន អ្នកចាត់ការក្រុមភ្នំពេញក្រោន បានប្រាប់ផងដែរថា ការបង្កើតពានតាមតំបន់ ខេត្ត ឬស្រុក គឺសម្រាប់កីឡាករ ដែលនៅក្នុងតំបន់ មានកម្រិតក្រោមអាជីពចូលរួម។ អ្នកចាត់ការក្រុមរូបនេះ ចាត់ទុក កីឡាករអាជីព ដែលចូលរួមពានរង្វាន់ទាំងនោះ ជាការបំផ្លាញទស្សនីយភាពប្រកួតទៅវិញទេ។
 
«បើ កីឡាករអាជីព ចូលលេង នោះមានន័យថា ពួកគេទៅបំផ្លាញ ការប្រកួតនោះហើយ។ ខ្ញុំចាត់ទុកការរិះគន់របស់ទស្សនិកជនដែលជាអ្នកគាំទ្រ គឺត្រឹមត្រូវ។ កីឡាករអាជីព មិនត្រូវទៅចូលរួមជាមួយក្រុមក្រៅផ្លូវការទេ យើងត្រូវទុកឱកាសឲ្យគេ អភិវឌ្ឍខ្លួន»។​ នេះជាការបញ្ជាក់របស់លោក សុខង៉ន មុនបន្ថែមថា តាមច្បាប់ និងកុងត្រា កីឡាករម្នាក់ គឺតំណាងឲ្យក្លិបតែមួយទេ លើកលែងតែប្រកួតឲ្យក្រុមជម្រើសជាតិ។ ហើយបើកីឡាករអាជីព ទៅចូលរួមជាមួយក្រុមណាមួយព្រោះប្រាក់ឈ្នួលបន្ដិចបន្ទួចនោះ វាធ្វើឲ្យបាត់តម្លៃជាកីឡាករ។ 
 
លោក ហុក សុចិត្រា អគ្គលេខាធិការក្លិបវិសាខា ក៏បានប្រាប់ផងដែរថា ក្លិបមិនអនុញ្ញាត ឲ្យកីឡាករធ្វើដូចករណីខាងលើឡើយ ព្រោះមិនមានផលចំណេញអ្វីសម្រាប់ក្លិប និងវិស័យបាល់ទាត់ជាតិ។ 
អគ្គលេខាធិការរូបនេះ បកស្រាយដូច្នេះថា៖«ពួកគេ មិនមានការអភិវឌ្ឍទៅមុខទេ បើទៅប្រកួតជាមួយអ្នកមានកម្រិតទាបជាងខ្លួន។ ផ្ទុយទៅវិញ ជាការបន្ទាបតម្លៃកីឡាករអាជីព ព្រោះលក់កម្លាំងប្រកួត ឲ្យក្រុមដទៃ។ ប្រសិនជាពួកគេ ទៅប្រកួត ក្លិប នឹងពិន័យពួកគេ។
 
លោក ភា សុភ័ក្ដ្រា គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា បាននិយាយផងដែរថា ក្នុងនាមជាកីឡាករអាជីព ធ្វើយ៉ាងណាត្រូវរក្សាតម្លៃរបស់ខ្លួន ដើម្បីបង្ហាញជាគំរូដល់អ្នកជំនាន់ក្រោយ។ បើទោះជាការចូលរួមនោះ មិនខុសច្បាប់ ឬមិនមែនជាល្បែងស៊ីសងក៏ដោយ ប៉ុន្ដែកីឡាករ ដែលប្រកួតនៅលីគអាជីព ត្រូវទុកឱកាសទាំងនោះ សម្រាប់យុវជន និងកីឡាករតាមតំបន់ឲ្យពួកគេ មានឱកាសប្រកួតប្រជែង និងបង្ហាញសមត្ថភាព។
 
«វា ទាក់ទងទៅនិងច្បាប់របស់ក្លិបនីមួយៗ។ កីឡាករខ្លះ គាត់ចាត់ទុកថា ជាការពង្រឹងនៅសមត្ថភាពរបស់ពួកគាត់អំឡុងពេលសម្រាកពីការប្រកួតក្នុងលីគ ហើយចង់រកចំណូលបន្ថែម។ ប៉ុន្ដែ ពួកគាត់ត្រូវគិតពីអ្វីគួរ និងមិនគួរ មុខមាត់កីឡាបាល់ទាត់កម្ពុជាទាំងមូល។» លោក ភា សុភ័ក្ត្រា បាននិយាយប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទបែបនេះ។
 
គួរបញ្ជាក់ផងដែរថា អ្នកគាំទ្រមួយចំនួន បានរិះគន់ក្រោយពីឃើញកីឡាករអាជីព ទៅប្រកួតឲ្យក្រុម ក្រៅផ្លូវការរបស់លីគ។ អ្នករិះគន់ទាំងនោះ ចាត់ទុកថា កីឡាករទាំងនោះ មិនឲ្យតម្លៃខ្លួនឯងទេ ប្រសិនជាពួកគេបន្ដធ្វើទង្វើបែបនេះ៕
 

Tag:
 បាល់ទាត់
  លី ហៀង
  ហុក សុចិត្រា
  កែវ សុខង៉ន
  ភា សុភក្ត្រា
© រក្សាសិទ្ធិដោយ thmeythmey.com