កីឡាជាតិ
ជាតិ
ប្រធា​នក្លិបអគ្គិសនីកម្ពុជា៖ ខ្ញុំ នៅរក្សាជំហរមិនដាក់កីឡាករបរទេស ដើម្បីជួយអភិវឌ្ឍកីឡាករក្នុងស្រុក
05, Nov 2022 , 9:29 am        
រូបភាព
លោក លី ទីឃា ប្រធានក្លិបបាល់ទាត់អគ្គិសនីកម្ពុជា នឹងរក្សាគោលជំហរខ្លួន មិនដាក់កីឡាករបរទេសចូលក្រុម ទោះឡើងទៅលីគកំពូរដូវកាលក្រោយ។ មិនចង់បញ្ចូលកីឡាករបរទេស ដោយសារលោកទីឃា ចង់រក្សាកន្លែងសម្រាប់កីឡាករកម្ពុជាដើម្បីអភិវឌ្ឍខ្លួន។ ត្រង់ចំនុចនេះ ប្រធានក្លិបអគ្គិសនីកម្ពុជា នឹងស្នើសុំក្រុមហ៊ុនខេមបូឌានលីគ (CPL) លើកលែង ដ្បិតខុសលក្ខខណ្ឌរបស់ក្រុមហ៊ុន។

 
លោក លី ទីឃា បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ ពីអារម្មណ៍សប្បាយចិត្តរបស់ខ្លួនចំពោះការឈ្នះពានរង្វាន់លីគ២ ដោយចាត់ទុកថានេះ គឺជាស្មារតីសាមគ្គីរបស់ក្រុម និងកីឡាករទាំងអស់។ ដោយឡែក ក្រុមជើងឯកនេះ បានបង្ហាញគោលជំហរយ៉ាងម៉ឺងម៉ាត់ថា នឹងមិនយកកីឡាករបទេសទេ ដោយផ្ដល់ឱកាសដល់កីឡាករក្នុងស្រុក ចូលរួម និងអភិវឌ្ឍខ្លួន។ 
 
«បើទោះជាក្រុមហ៊ុនលីគ ទាមទារឲ្យមានកីឡាករបរទេសចូលរួម ប៉ុន្ដែខ្ញុំ នឹងសុំករណីលើកលែងសម្រាប់ក្លិប។ ខ្ញុំចង់ឲ្យក្លិបនេះ ជាកន្លែងផ្ដល់ឱកាសដល់កីឡាករកម្ពុជា ជាពិសេសក្មេងៗ ដែលមានសមត្ថភាព ប៉ុន្ដែមិនមានកន្លែងអាចបញ្ចេញសមត្ថភាពបាន។ ខ្ញុំ នៅរក្សាគោលជំហររបស់ខ្ញុំ ដើម្បីជួយអភិវឌ្ឍកីឡាបាល់ទាត់។»។
 
គោលការរួម នៃលីគបាល់ទាត់អាជីពក្នុងតំបន់អាស៊ី ត្រូវកំណត់កូតា ឲ្យចុះឈ្មោះកីឡាករបរទេសចំនួន ៤នាក់ ដោយក្នុងនោះមានកីឡាករជាជនជាតិអាស៊ី១នាក់។ ប៉ុន្ដែសម្រាប់កម្ពុជា លីគ បានកំណត់ចំនួនកីឡាករបរទេស៥នាក់ សម្រាប់ចុះឈ្មោះប្រកួតក្នុងលីគ និងចុះឈ្មោះបាន៤នាក់សម្រាប់ប្រកួតពានរង្វាន់ប្រចាំតំបន់ ដូចជា Club AFC Cup ឬ AFC Championship។ យោងទៅលើនីតិវិធីនៃការប្រកួត ក្រុមហ៊ុន Cambodian Premier League បានកំណត់ថា ក្លិបអាចចុះឈ្មោះកីឡាករបរទេសចំនួន ៥នាក់។ ក្នុងពេលប្រកួត ក្លិប អាចដាក់កីឡាករបរទេសចំនួន ៤នាក់ក្នុងទីលាន ដោយក្នុងនោះត្រូវមានកីឡាករ នៃប្រទេសជាសមាជិក AFC យ៉ាងតិច ១នាក់។
 
ជាមួយគ្នានេះដែរ កញ្ញា ជា ស្រីលីស ជំនួយការអាជ្ញាប័ណ្ណក្លិប នៃក្រុមហ៊ុន Cambodian Premier League បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេលេក្រាមថា ក្លិបដែលប្រកួតនៅ CPL បានត្រូវមានដូចជា កីឡា, ហេដ្ឋារចនាសម្ព័ន្ធ, បុគ្គលិករដ្ឋបាល, ច្បាប់ និងហិរញ្ញវត្ថុ។
 
«អគ្គិសនី ត្រូវការសំខាន់បំផុត គឺកីឡដ្ឋាន បើទោះជាមិនចាំបាច់តាម AFC ប៉ុន្ដែយ៉ាងហោចណាស់ ក្លិបត្រូវមានទីលានមួយ ដែលអាចឲ្យអ្នកទស្សនា ចូលបានច្រើន និងមានផាសុខភាពដល់អ្នកគាំទ្រ។»។ ជំនួយការអាជ្ញាប័ណ្ណក្លិបរូបនេះ បានប្រាប់ដូច្នេះ។
 
លោក ទុំ សារ៉ាយ បានប្រាប់សារព័ត៌មានថ្មីៗផងដែរថា ក្លិបអគ្គិសនីកម្ពុជា នៅសល់ពេលជាង៨ ខែទៀត មុនរដូវកាលថ្មីចាប់ផ្ដើម ដោយការប្រកួតលីគ នឹងចាប់ផ្ដើមនៅអំឡុងខែសីហា ឆ្នាំ២០២៣។ អ្វី ដែលក្លិបត្រូវបំពេញនោះ គឺលក្ខខណ្ឌគ្រូបង្វឹក ត្រូវមាន A License, ទីលានប្រកួតត្រូវធ្វើកន្លែងសម្រាប់អ្នកទស្សនាឲ្យបានច្រើន និងការចំណាយហិរញ្ញវត្ថុលើកីឡាករ។
 
ដោយឡែក ក្លិបអគ្គីសនីកម្ពុជា ទំនងអាចនឹងយកទឹកដីឃុំស្នាអន្សា ស្រុកក្រគរ ខេត្ដពោសាធិ៍ ជាកន្លែងប្រកួតក្នុងដី ហើយទីតាំង EDC ជាកន្លែងហ្វឹកហាត់វិញ ដូចជាព្រះខ័ន្ធរាជស្វាយរៀង ដែលហ្វឹកហាត់នៅភ្នំពេញ តែប្រកួតក្នុងដីនៅកីឡដ្ឋានខេត្តស្វាយរៀង។ តែចំពោះរឿងនេះ លោក លី ទីឃា មិនទាន់បញ្ជាក់ថាប្រាកដ១០០ភាគរយទេ ដោយចាំមើលពេលវេលាច្បាស់ណាមួយដើម្បីបញ្ជាក់។ ជាមួយគ្នានេះ ទីលាននៅឃ្នុំស្នាអន្សា បានសាងសង់រួចហើយ ប៉ុន្ដែនៅមានកន្លែងអភិវឌ្ឍជាច្រើនទៀតត្រូវបន្តធ្វើ៕
 

Tag:
 បាល់ទាត់
  លី ទីឃា
  អគ្គិសនីកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com