កីឡាជាតិ
ជាតិ
ករណីគប់ដបទឹកសុទ្ធ៖ ក្លិបភ្នំពេញក្រោន រងពិន័យពីសហព័ន្ធតិចតួច តែអគ្គលេខាធិការសោកស្តាយ
04, Nov 2022 , 5:42 pm        
រូបភាព
អ្នកគាំទ្រក្រុមបាល់ទាត់ភ្នំពេញក្រោន ចូលទស្សនាការប្រកួតរវាង ភ្នំពេញក្រោន និងវិសាខា នាពេលកន្លងទៅ។ រូបពី Smart RSN
អ្នកគាំទ្រក្រុមបាល់ទាត់ភ្នំពេញក្រោន ចូលទស្សនាការប្រកួតរវាង ភ្នំពេញក្រោន និងវិសាខា នាពេលកន្លងទៅ។ រូបពី Smart RSN
ដោយ:
 ក្លិបបាល់ទាត់ភ្នំពេញក្រោន រងការពិន័យពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ជុំវិញករណីអ្នកគាំទ្រគប់ដបទឹកសុទ្ធលើមន្ត្រីរៀបចំការប្រកួត។ ទោះពិន័យមិនធ្ងន់ធ្ងរ ប៉ុន្តែលោក លី ហៀង អគ្គលេខាធិការក្លិបបាល់ទាត់ភ្នំពេញក្រោន បង្ហាញការសោកស្តាយក្រោយមានហេតុការណ៍នេះ។



ចំពោះករណីគប់ដបទឹកសុទ្ធពីសំណាក់អ្នកគាំទ្រទៅលើមន្រ្តីរៀបចំការប្រកួតនេះ គណៈកម្មការវិន័យរបស់ FFC បានសម្រេចពិន័យក្លិបបាល់ទាត់ភ្នំពេញក្រោនដោយយោងតាមប្រការ៦៧ ស្តីពី «ទំនួលខុសត្រូវចំពោះការប្រព្រឹត្តរបស់ទស្សនិកជន»។
 
លោក លី ហៀង អគ្គលេខាធិការក្លិបបាល់ទាត់ភ្នំពេញក្រោន បានបញ្ជាក់ថាមិនមែនជាការពិនន័យធ្ងន់ធ្ងរអ្វីនោះទេចំពោះក្លិប នេះគ្រាន់តែជាករណីពិន័យជាទឹកប្រាក់ប៉ុណ្ណោះ។ លោកលី ហៀង ប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី៤ ខែវិច្ឆិកា ក្រោយពីសរសេរសេចក្តីប្រកាសជុំវិញការពិន័យនេះលើផេកហ្វេសប៊ុកផ្លូវការរបស់ក្លិប។
 
លោក លី ហៀង បន្ថែមថា៖«គ្រាន់តែពិន័យជាប្រាក់ទេ មិនមានអ្វីធ្ងន់ធ្ងរទេ យើងនឹងផ្សព្វផ្សាយបន្ថែមដើម្បីផ្តល់ការអប់រំសម្រាប់ប្រិយមិត្តបាល់ទាត់»។ លោក លី ហៀង និយាយដូច្នេះ។ បើទោះពិន័យតិចតួចក្តី ប៉ុន្តែ អគ្គលេខាធិការរូបនេះសោយស្តាយចំពោះទង្វើរបស់អ្នកគាំទ្រខ្លួន។
 
យ៉ាងណាបើតាមរយៈសំណេរនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោនបានសរសេរថា ក្លិបមិនមានការគាំទ្រណាមួយទៅលើការប្រើប្រាសសកម្មភាពដែលត្រូវបានចាត់ចូលជាអំពើហិង្សាឡើយ។ ក្លិបសំណូមពរឱ្យអ្នកគាំទ្រជៀសវៀងការប្រើអំពើហិង្សា ហើយចូលរួមទាំងអស់គ្នាដើម្បីភាពវិជ្ជមាននៃវិស័យបាល់ទាត់ជាតិ ក៏ដូចជាបញ្ឈប់អំពើហិង្សាទាំងឡាយ ទាំងនៅលើទីលាន សហគមន៍ និងសង្គមជាតិផងដែរ។
 
គួរបញ្ជាក់ថា ករណីមានអ្នកគាំទ្រគប់ដបទឹកសុទ្ធទៅលើមន្រ្តីរៀបចំការប្រកួតកើយឡើងក្នុងការប្រកួតពានរង្វាន់បាល់ទាត់ក្របខណ្ឌខេមបូឌានព្រីមៀរលីគ រវាងម្ចាស់ផ្ទះភ្នំពេញក្រោន និងភ្ញៀវវិសាខា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នៅកីឡដ្ឋាន ស្មាត អ.អេស.អិន៕
 

Tag:
 កីឡាបាល់ទាត់
 ភ្នំពេញក្រោន
 លី ហៀង
© រក្សាសិទ្ធិដោយ thmeythmey.com