កីឡាជាតិ
ជាតិ
គ្រូបង្វឹកក្លិបវិសាខា៖ ជ័យជម្នះត្រូវមានយុទ្ធសាស្ដ្រច្បាស់លាស់ បូករួមជាមួយសំណាង
07, Nov 2022 , 2:59 pm        
រូបភាព
ក្រុមបាល់ទាត់វិសាខា ទទួលជើងឯកពានរង្វាន សម្ដេច ហ៊ុន សែន លើកទី១៦។  រូបពីពានសម្ដេច ហ៊ុន សែន
ក្រុមបាល់ទាត់វិសាខា ទទួលជើងឯកពានរង្វាន សម្ដេច ហ៊ុន សែន លើកទី១៦។ រូបពីពានសម្ដេច ហ៊ុន សែន
លោក មាស ចាន់ណា គ្រូបង្វឹកក្លិបបាល់ទាត់វិសាខា បានបញ្ជាក់ពីជ័យជម្នះលើក្រុមបឹងកេត ក្នុងលទ្ធផល ៤-៣ ពីការប្រកួតពានសម្ដេច ហ៊ុន សែន លើកទី១៦ វគ្គផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋាន Smart RSN កាលពីយប់ថ្ងៃទី៦ ខែវិច្ឆិកា ថា ជោគជ័យនេះ មិនមែនមានតែយុទ្ធសាស្ដ្រប្រកួតតែម្យ៉ាង អាចយកឈ្នះលើក្រុមបឹងកេតបាន ប៉ុន្ដែវិសាខា មានសំណាងច្រើនជាង នៅចុងតង់ទី២។

 
លោក មាស ចាន់ណា បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ ទាំងអារម្មណ៍សប្បាយចិត្តចំពោះការគ្រងជើងឯកពានសម្ដេច ហ៊ុន សែន រដូវកាល២០២២ ថានៅតង់ទី១ បឹងកេត លេងបានយ៉ាងល្អ ព្រោះមានយុទ្ធសាស្ដ្រវាយបក ដែលមានគុណភាព។ បន្ថែមទៀតនោះ ខ្សែប្រយុទ្ធ ២ សំខាន់ៗ គឺ ម៉ាត់ ណូរុន និង សៀង ចន្ធា ជាកីឡាករល្អ ដែលធ្វើឲ្យខ្សែការរបស់វិសាខា មានការពិបាកក្នុង បិទអ្នកទាំង២នេះ។ 
 
នៅតង់ទី១ បឹងកេត នាំមុខ វិសាខា លទ្ធផល ២-០ ដោយកីឡាករ សៀង ចន្ធា ជាអ្នកស៊ុតបញ្ចូលទី។ ដោយឡែក វិសាខា ក៏វាយបកខ្លះ ប៉ុន្ដែការបញ្ចប់ទី ប៉ះជាមួយបង្គោលទីជាច្រើនលើក។ លុះចូលដល់តង់ទី២ វិសាខា បានផ្លាស់ប្ដូរយុទ្ធសាស្ដ្រប្រកួត ដោយដឹងថា បឹងកេត នឹងបន្ថែមការការពារ ព្រោះមានប្រៀបជាងវិសាខា ក្នុងគ្រាប់បាល់នាំមុខ ២-០។ 
 
«យើង បានប្ដូយុទ្ធសាស្ដ្រប្រកួតនៅតង់ទី២។ ហើយ១គ្រាប់ដំបូងរបស់វិសាខា រកបានដោយ ស៊ិន សុផាណាត់ ធ្វើឲ្យក្រុមមានកម្លាំងចិត្តកាន់តែខ្លាំង។»។ លោក មាស ចាន់ណា និយាយបែបនេះ។
  

ក្រុមបាល់ទាត់វិសាខា

កីឡាករ ស៊ិន សុផាណាត់ វាយបកគ្រាប់ទី១ នៅនាទី៧៩ នាំឲ្យលទ្ធផល ២-១។ លុះចូលដល់នាទី ៩០+៦ នាទីចុងក្រោយ អ្នកចាំទី កែវ សុខសិលា លោតប្រើខ្នងរបស់ខ្លួន តែតបញ្ចូលទី បន្ទាប់ពីមិត្តរួមក្រុមទាត់បាល់ជ្រុង។ 
 
នៅម៉ោងប្រកួតបន្ថែម ១៥នាទី លើកទី១ នាទី៩០+៨ វិសាខា នាំមុខ ៣-២ ដោយ ប៊ិន ចន្ថាធារី ខ្សែការពាររបស់វិសាខា ហើយតាមស្មើ ដោយ ​ឱ ភារុណ របស់បឹងកេត នៅនាទី៩០+១២។  ២នាទីបន្ទាប់ កីឡករ កែវ សុខផេង របស់វិសាខា បន្ថែមបាន ១គ្រាប់ទៀត នាំឲ្យលទ្ធផល ៤-៣។ 
 
បឹងកេត បានព្យាយាមច្រើនលើក ប៉ុន្ដែត្រូវបានខ្សែការពាររបស់វិសាខា សង្គ្រោះបាន។ បាល់ជ្រុងជាច្រើនលើកនៅ ៣នាទីចុងក្រោយ របស់បឹងកេត ធ្វើឲ្យវិសាខា មានសម្ពាធជាខ្លាំង ដោយស៊ុតចំបង្គោលទីជាច្រើនលើក។
 
«យើង បានផ្លាស់ប្ដូយុទ្ធសាស្ដ្រប្រកួត។ នៅតង់ទី១ យើងមិនមានសំណាង ដូចតង់ទី២ទេ ព្រោះកីឡាករ ស៊ុតចំបង្គោលទី ក្លិបបឹងកេត ២ ទៅ ៣លើក ប៉ុន្ដែ ចុងតង់ទី២ បឹងកេត បែរទៅជាមិនមានសំណាងវិញ ព្រោះស៊ុតចំបង្គោលទីដូចគ្នា។ បាល់ទាត់ ត្រូវការយុទ្ធសាស្ដ្រល្អ ប៉ុន្ដែក៏ត្រូវបូករួមជាមួយសំណាងខ្លះដែរ។»។ គ្រូបង្វឹកក្លិបវិសាខា រូបនេះ បានបញ្ជាក់ដូច្នេះ។
  

ពានសម្ដេច ហ៊ុន សែន លើកទី១៦

ចំណែក លោក ហៅ សុជាតិ គ្រូបង្វឹកស្ដីទីក្លិបបឹងកេត បានបញ្ជាក់ថា កីឡាករ របស់បឹងកេត ខូចទម្រង់លេង ក្រោយពីផ្លាស់ប្ដូរកីឡាករ មួយចំនួនចេញ។ គ្រូបង្វឹករូបនេះ និយាយថា៖​«ចំពោះការប្រកួតម្សិលមិញយើងធ្វើបានល្អ តែពិតជាគួរឲ្យស្ដោយស្ដាយមែនទែន ដែលយើងបាត់បង់ឱកាសល្អមួយនេះ។ យើង ធ្វើបានល្អនៅតង់ទី១ ដោយនាំមុខគេដល់ទៅ ២-០ ហើយនៅផ្ដើមតង់ទី២ យើងនៅតែបន្ដល្អ តែបន្ទាប់ពី យើងផ្លាស់ប្ដូរកីឡាករមួយចំនួន យើងឃើញថាចាប់ផ្ដើមមានបញ្ហា ទាំងទម្រង់ក្រុម និងការប្រមូលអារម្មណ៍កីឡាករ មានការធ្លាក់ចុះ។»។
 
ក្នុងថ្ងៃជាមួយគ្នានេះដែរ មុនពេលជំនួប វិសាខា និងបឹងកេត ក្នុងការប្រជែងយកជើងឯក ក្លិបអគ្គិសនីកម្ពុជា បានចាញ់ម្ចាស់ផ្ទះ ភ្នំពេញក្រោន ក្នុងលទ្ធផល ៥-០ ក្នុងការប្រកួតយកជ័យលាភីលេខ៣។
 
គួរបញ្ជាក់ផងដែរ វិសាខា បានឈ្នះតំណែងជើង ៣ឆ្នាំជាប់គ្នា គឺ ២០២០, ២០២១ និង ឆ្នាំ២០២២នេះ រីឯ បឹងកេត ធ្លាប់ជាជើងឯក ១សម័យកាល នៅឆ្នាំ២០១៩៕ 
 
 
 

Tag:
 បាល់ទាត់
  ពានសម្ដេច ហ៊ុន សែន
  Hun Sen Cup
© រក្សាសិទ្ធិដោយ thmeythmey.com