កីឡាជាតិ
ជាតិ
ការប្រកួតជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុន ជាព្រឹត្តិការណ៍រំឭកគុណ និងបំផុសកីឡាហែលទឹក
07, Nov 2022 , 5:59 pm        
រូបភាព
កីឡាការិនី ត្រៀមប្រកួតពានរង្វាន់ហែលទឹក ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៥ ។ រូបពីសហព័ន្ធខ្មែរកីឡាហែលទឹក
កីឡាការិនី ត្រៀមប្រកួតពានរង្វាន់ហែលទឹក ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៥ ។ រូបពីសហព័ន្ធខ្មែរកីឡាហែលទឹក
លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់ប្រាប់ថា ការប្រកួតជ្រើសរើសជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៥ នាថ្ងៃទី៥-៦ ខែវិច្ឆិកា ដើម្បីរំឭកដល់គុណូបការៈ របស់ព្រឹទ្ធាចារ្យ ហែម ថុន ដែលបានបង្កើតឡើងវិញ សហព័ន្ធខ្មែរកីឡាហែលទឹក បន្ទាប់ពីរួចផុតពីភ្លើងសង្គ្រាម នាឆ្នាំ១៩៧៩ និងការបំផុសគំនិត ហើយផ្សព្វផ្សាយកីឡាហែលទឹកដល់អ្នកជំនាន់ក្រោយ។

 
លោក ហែម គិរី បានប្រាប់សារព័ត៌មានថ្មីៗតាមហ្វេសប៊ុកថា ការប្រកួតជើងឯកយុវជននេះ គឺរំឭកដល់ការខិតខំប្រឹងប្រែងរបស់ព្រឹទ្ធាចារ្យ ហែម ថុន ដែលជាឪពុករបស់លោក ហែម គិរី ចំពោះការធ្វើឲ្យសហព័ន្ធបានដំណើរការសាជាថ្មី កាលពីឆ្នាំ១៩៨០។ កម្ពុជា ក្រោមភ្លើងសង្គ្រាម អស់រយៈពេល ៣ឆ្នាំ សហព័ន្ធខ្មែរកីឡាហែលទឹក បានបាត់បង់ទាំងស្រុង។
  

កីឡាការិនី ត្រៀមប្រកួតពានរង្វាន់ហែលទឹក ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៥។ រូបពីសហព័ន្ធខ្មែរកីឡាហែលទឹក

ព្រឹទ្ធាចារ្យ ហែម ថុន ជាអតីតអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានទទួលមរណភាព នាកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ក្នុងអាយុ៧២ឆ្នាំ ដោយសារបញ្ហាទឹកក្នុងសួត។ បន្ទាប់មក លោក ហែម ថុន គឺជាអតីតកីឡាករហែលទឹកឆ្នើម ដែលធ្លាប់ឈ្នះមេដាយអន្តរជាតិ ចំនួន១២ រួមមានមាស១ ប្រាក់៦ និងសំរឹទ្ធ៥ បានឡើងជាអគ្គលេខាធិការនាពេលបន្ទាប់មក។
 
លោក ហែម គិរី បានប្រាប់បន្ថែមថា ការប្រកួតនេះជាការផ្ដល់អាទិភាពដល់កុមារ និងយុវជន ដែលចាប់ពី១០ឆ្នាំឡើង ដើម្បីចូលរួមប្រកួត ព្រោះមានគោលដៅបំផុស និងផ្សព្វផ្សាយពីវិស័យកីឡានេះ។ ម្យ៉ាងវិញទៀត ជាការបើកភ្លើងខៀវ ដល់អ្នកដែលមានសមត្ថភាព បានចូលរួមហ្វឹកហាត់ ជាមួយសហព័ន្ធ ហើយក៏ជាការបណ្ដុះបណ្ដាល និងជ្រើសរើសរកកីឡាករ និងកីឡាការិនីថ្នាល់ផងដែរ។ បន្ថែមលើសពីនេះទៀត ការប្រកួតនេះ ជាការផ្ដល់ឱកាសឲ្យកីឡាករ កីឡាការិនីវ័យក្មេងទាំងនោះទទួលបានបទពិសោធន៍ប្រកួតជាក់ស្ដែង។ ព្រឹត្តិការណ៍នេះ ចាប់បង្កើតដំបូងនៅឆ្នាំ ២០១៥ ហើយបានខកខានអស់រយៈពេល២ ឆ្នាំរួចមកហើយ ដោយសារបញ្ហកូវីដ-១៩។


 យុវជន ប្រកួតពានរង្វាន់ហែលទឹក ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៥ ។ រូបពីសហព័ន្ធខ្មែរកីឡាហែលទឹក

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់នេះ ក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបានចំណាត់ថ្នាក់លេខ១ ដោយបានមេដាយសរុប ចំនួន២១ មាស១២, ប្រាក់៥ និងសំរិទ្ធ៤ តាមពីក្រោយដោយក្លិបហែលទឹកក្រសួងព័ត៌មាន មេដាយសរុបចំនួន ៩ មាស៧ និងប្រាក់២។ រីឯចំណាត់ថ្នាក់លេខ៣ បានទៅលើក្លិបហែលទឹក ព្រឹទ្ធាចារ្យ ហែម ថុន មេដាយសរុបចំនួន១៨ មាស១, ប្រាក់១០ និងសំរិទ្ធ៧ ខណៈ លេខ៤ បានទៅលើក្លិបហែលទឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេដាយសរុប ចំនួន៨ មាស១, ប្រាក់២ និងសំរិទ្ធ៥។ ចំណែក ក្លិបហែលទឹកនាគរាជ កំពង់ចាម ចំណាត់ថ្នាក់លេខ៥ ឈ្នះមេដាយមាស១, ប្រាក់២ និងសំរិទ្ធ៣ និងលេខ៦ បានទៅលើសឺវ៉ាយវ៉ល ស្វីមក្លិប ខេត្តសៀមរាប ឈ្នះមេដាយ ប្រាក់១ និងសំរិទ្ធ១។ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ឈ្នះមេដាយសំរិទ្ធ១ និងលេខ៨ បានទៅលើ ក្លិបហែលទឹកក្រសួងមហាផ្ទៃ មិនមានឈ្នះមេដាយណាមួយទេ៕
 


 យុវជន ប្រកួតពានរង្វាន់ហែលទឹក ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៥។ រូបពីសហព័ន្ធខ្មែរកីឡាហែលទឹក
 

Tag:
 កីឡាហែលទឹក
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com