កីឡាជាតិ
ជាតិ
ជម្រើសជាតិព្រុយណេ ទំនងជាឃើញភ្លើងខៀវ សម្រាប់កៅអីវគ្គជម្រុះក្នុងពូល
07, Nov 2022 , 8:59 pm        
រូបភាព
ជំនួបរវាងព្រុយណេ និង បង់ក្លាដេស នៅកីឡដ្ឋាន Balapan dan padang ក្នុងជំនួបជើងទី១ វគ្គជម្រុះយកកៅអីក្នុងពូល រូបពី AFF
ជំនួបរវាងព្រុយណេ និង បង់ក្លាដេស នៅកីឡដ្ឋាន Balapan dan padang ក្នុងជំនួបជើងទី១ វគ្គជម្រុះយកកៅអីក្នុងពូល រូបពី AFF
ក្រោយឈ្នះទីម័រ ខាងកើត ក្នុងលទ្ធផល ៦-២ ជើងទី១ នៅថ្ងៃទី៥ ខែវិច្ឆិកា នៅ Field Hassanal Bolkiah National Sports Complex នៃប្រទេសព្រុយណេ ដើម្បីយកកៅអីក្នុងពូលនៃព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 ជម្រើសជាតិព្រុយណេ ហាក់បីដូចជាមានប្រៀប និងមានសង្ឃឹម ដោយមានជំនឿចិត្តអាចយកឈ្នះ ឬអាចរបូតគ្រាប់បាល់តិចតួចបំផុត នៅការប្រកួតជើងទី២ នាថ្ងទី៨ ខែវិច្ឆិកា នៅទឹកដីប្រទេសទីម័រខាងកើត។

 
លោក Mario Rivera គ្រូបង្វឹកជម្រើសជាតិព្រុយណេ បានបញ្ជាក់ថា ជំនួបជើងទី២ កូនក្រុមខ្លួន នឹងទទួលបានជោគជ័យ នៅក្នុងទឹកដីប្រទេសទីម័រខាងកើត។ «យើង នឹងមិនប្រើទម្រង់ការពារទេ ពេលដែលប្រកួតជាមួយទីម័រខាងកើត ក្នុងជំនួបជើងទី២។ យើងប្រាកដណាស់ថា យើងអាចទៅវគ្គបន្ទាប់។ យើង ត្រូវតែចាប់យកឱកាសឲ្យបាន ក្នុងជំនួបនេះ។»។
 
ដោយឡែក លោក R. Gopalkrishnan គ្រូជម្រើសជាតិទីម័រខាងកើត បានទទួលស្គាល់ថា ការប្រកួតនេះ គឺជាកិច្ចការដ៏សំខាន់មួយសម្រាប់ក្រុម ក្នុងការយកឈ្នះព្រុយណេ ហើយធ្វើយ៉ាងណាឲ្យឆ្លងផុងវគ្គជម្រុះសិន។ គ្រូបង្វឹករូបនេះ នៅតែជឿជាក់ថា ក្រុមទីម័រខាងកើត អាចនឹងកែប្រែស្ថានការណ៍ដ៏តានតឹងនេះ បាន។ 
 
« ខ្ញុំ ត្រូវទទួលស្គាល់ថា វានឹងក្លាយជាកិច្ចការដ៏ខ្ពស់មួយសម្រាប់ពួកយើងនៅក្នុងជើងទីពីរ។ ប៉ុន្តែ ខ្ញុំក៏ជឿដែរថា នៅក្នុងបាល់ទាត់ អ្វីៗអាចកើតឡើង ហើយសម្រាប់ការប្រកួតបន្ទាប់ យើងត្រូវបង្កើតអ្វីដែលពិសេស ដើម្បីបង្វែរការប្រកួត។»។ លោក R. Gopalkrishnan បាននិយាយ ក្នុងការត្រៀមខ្លួន ជួបព្រុយណេ មុនថ្ងៃទី៨ ខែវិច្ឆិកា ដូច្នេះ។


 ជំនួបរវាងព្រុយណេ និងបង់ក្លាដេស នៅកីឡដ្ឋាន Balapan dan padang ក្នុងជំនួបជើងទី១ វគ្គជម្រុះយកកៅអីក្នុងពូល រូបពី AFF

គ្រូជម្រើសជាតិទីម័រខាងកើត ចាត់ទុកការប្រកួតនៅជើងទី១ ថាក្រុមរបស់ខ្លួន បានបង្កើតកំហុស និងបាត់បង់ឱកាសក្នុងការរកគ្រាប់បាល់ជាច្រើន ប៉ុន្ដែប្រកួតបន្ទាប់ ទីម័រខាងកើត នឹងមិនធ្វើឲ្យឱកាសនោះ កន្លងផុតទេ។ «យើង ស្វែងយល់ពីការប្រកួត ហើយយើងនឹងធ្វើវាឲ្យប្រសើរឡើងជាងមុន។»។
 
គួរបញ្ជាក់ផងដែរថា ព្រុយណេ ធ្លាប់បង្ហាញខ្លួន ម្ដងរួចមកហើយក្នុងវគ្គជម្រុះក្នុងពូល កាលពីឆ្នាំ១៩៩៦ ខណៈ ទីម័រខាងកើត បានបង្ហាញខ្លួនចំនួន ៣លើក គឺក្នុងឆ្នាំ២០០៤, ២០១៨ និង ឆ្នាំ២០២០។ ព្រឹត្តិការណ៍ AFF Mitsubishi Cup 2022 នឹងចាប់ប្រកួតនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ កម្ពុជា ស្ថិតក្នុងពូល A ជាមួយប្រទេស៤ផ្សេងទៀត មាន ថៃ, ហ្វីលីពីន, ឥណ្ឌូណេស៊ី និងក្រុមឈ្នះពីវគ្គជម្រុះ ខណៈ ពូល B មានវៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ាន់ម៉ា និង ឡាវ៕
 

Tag:
 បាល់ទាត់
  AFF Mitsubishi Electric Cup
  AFF
© រក្សាសិទ្ធិដោយ thmeythmey.com