កីឡាជាតិ
ជាតិ
ប្រណាំងម៉ូតូ៖ កូរ៉េខាងត្បូងឈ្នះពានជើងឯក EESHC 2022 ខណៈកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ១៦
08, Nov 2022 , 3:29 pm        
រូបភាព
កីឡាករ ជា លីឃាង (ឆ្វេង) កាន់ទង់ជាតិកម្ពុជា ក្រោយបញ្ចប់ការប្រកួតកីឡាប្រណាំងម៉ូតូ Motocross។ រូបពីជា លីឃាង
កីឡាករ ជា លីឃាង (ឆ្វេង) កាន់ទង់ជាតិកម្ពុជា ក្រោយបញ្ចប់ការប្រកួតកីឡាប្រណាំងម៉ូតូ Motocross។ រូបពីជា លីឃាង
ដោយ:
កីឡាករ Kang Kyuho ជនជាតិកូរ៉េខាងត្បូង បានទទួលជ័យលាភីជើងឯក EESHC2022 ពីការប្រកួតពានរង្វាន់កីឡាប្រណាំងម៉ូតូ Extreme Enduro Sanlim Husqvarna Championship 2022 នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅប្រទេសកូរ៉េខាងត្បូង។ ក្នុងនោះកីឡាករ តំណាងកម្ពុជា ជា លីឃាង ទទួលបានចំណាត់ថ្នាក់លេខ១៦។

 
ការប្រកួតកីឡាប្រណាំងម៉ូតូ(Moto Cross) បានបិទបញ្ចប់ហើយកាលពីថ្ងៃទី៧ ខែវិច្ឆិកា បន្ទាប់ពីបើកការប្រកួតប្រជែងដ៏ស្វិតស្វាញអស់រយៈពេល ២ថ្ងៃ គិតចាប់ពីថ្ងៃទី៥-៦ ខែវិច្ឆិកា នៅប្រទេសកូរ៉េខាងត្បូង។
 
កីឡាករតំណាងកម្ពុជា ជា លីឃាង បានប្រាប់សារព័ត៌មានថ្មីៗតាមរយៈសារប្រព័ន្ធហ្វេសប៊ុក នៅថ្ងៃទី៨ ខែវិច្ឆិកា ថា ព្រឹត្តិការណ៍ប្រកួតនេះជាបទពិសោធថ្មីមួយសម្រាប់កីឡាប្រណាំងម៉ូតូកម្ពុជា ក៏ដូចជាខ្លួនផ្ទាល់។  
 
ជា លីឃាង លើកឡើងថា៖«កម្មវិធីប្រកួតនេះនៅទីនេះមានភាពខុសគ្នាច្រើនពីការប្រកួតនៅស្រុកយើង និយាយរួមទៅភ្នំច្រើន អ៊ីចឹង!ការប្រណាំងឡើងភ្នំចុះភ្នំរហូត អត់មានផ្លូវលាតដូចនៅប្រទេសយើង អ៊ីចឹងហើយខុសពីបទពិសោធដែលខ្ញុំធ្លាប់ប្រកួតក្នុងស្រុក វិញ្ញាសានេះថ្មីសម្រាប់ខ្ញុំ»។
 
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់កីឡាប្រណាំងម៉ូតូ((MotoCross)នេះ កីឡាករកម្ពុជា ជា លីឃាង ទទួលបានចំណាត់ថ្នាក់លេខ១៦ ក្នុងចំណោមកីឡាករ ១០០នាក់ មកពី៥ប្រទេស ដែលរួមមាន៖កូរ៉េខាងត្បូង(ម្ចាស់ផ្ទះ) កម្ពុជា, ជប៉ុន, រុស្ស៊ី និងតៃវ៉ាន់ ដែលធ្វើឡើងរយៈពេល២ថ្ងៃ នៅលើទឹកដីប្រទេសកូរ៉េខាងត្បូង៕


កីឡាករ ជា លីឃាង ពេលចូលរួមប្រកួតការប្រណាំងម៉ូតូ Cross ក្នុងប្រទេសកូរ៉េខាងត្បូង។ រូបពី ជា លីឃាង

 

Tag:
 កីឡាប្រណាំងម៉ូតូ
  EESHC
© រក្សាសិទ្ធិដោយ thmeythmey.com