ជាតិ
សង្គមជាតិ
កម្ពុជា-វៀតណាម ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន១១ ក្នុងនោះមានការពង្រឹងពាណិជ្ជកម្មតាមព្រំដែន
08, Nov 2022 , 5:29 pm        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសមភាគីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) បានធ្វើជាសហធិបតីនៃពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន១១
ដែលរៀបចំនៅវិមានសន្តិភាព នារសៀលថ្ងៃទី៨ ខែវិច្ឆិកា នេះ។  អនុស្សរណៈទាំងនោះមានដូចជា ការពង្រឹងពាណិជ្ជកម្មតាមព្រំដែន ការដឹកជញ្ជូនផ្លូវគោក កិច្ចសហប្រតិបត្តិការវិស័យកសិកម្ម ហិរញ្ញវត្ថុ ព័ត៌មាន ទូរគមនាគមន៍ សាសនា ជាដើម។

 
ឯកសារសំខាន់ទាំងនោះ មាន អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីប្រភេទ និងបរិមាណយានយន្តពាណិជ្ជកម្ម ដើម្បីអនុវត្តកិច្ចព្រមព្រៀងនិងពិធីសាររវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ការដឹកជញ្ជូនតាមផ្លូវគោក ដែលចុះហត្ថលេខាដោយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ង្វៀន វ៉ាន់ថាំង រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម។
 
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ង្វៀន ហ័ងហៀប អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៃសាធារណរដ្ឋសង្គម និយមវៀតណាម លើកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម។


រូបភាពពីផេកហ្វេសប៊ុកសម្ដេច ហ៊ុន សែន
 
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក ង្វៀន ហុងឌីន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានចុះហត្ថលេខាលើឯកសារទី៣, ទី៤ និងទី៥ ដែលក្នុងនោះមានកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែន, កិច្ចអនុវត្តរួមគ្នារវាងរដ្ឋាភិបាលទាំងពីរស្ដីពីកិច្ចប្រតិបត្តិការរដ្ឋបាលរួមគ្នាពាក់ព័ន្ធនឹងមាត្រាច្បាប់នៃសភានិងក្រុមប្រឹក្សាអឺរ៉ុប ទាក់ទងទៅនឹង វិធានលម្អិតស្តីពីបទប្បញ្ញត្តិជាក់លាក់នៃក្រមគយរបស់សហភាព សម្រាប់គ្រឿងបង្គុំ និង ផ្នែករបស់ទោចក្រយាន រួមទាំងកិច្ចអនុវត្តរួមគ្នាស្តីពីកិច្ចប្រតិបត្តិការរដ្ឋបាលរួមគ្នាអនុលោមតាមផ្នែក ១៨(៣)(ខ) នៃបទប្បញ្ញត្តិគយ ២០២០ (ដើមកំណើតទំនិញដែលអាចគិតពន្ធ៖ គម្រោងអនុគ្រោះពន្ធ, ការចាកចេញពីសមាជិកភាព នៃសហភាពអឺរ៉ុប) សម្រាប់គ្រឿងបង្គុំ និងផ្នែករបស់ទោចក្រយាន។
 
សម្រាប់ឯកសារទី៦ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោក ដូ ទៀនស៊ី អគ្គនាយកនៃវិទ្យុសំឡេងវៀតណាម ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការវិទ្យុ និងទូរទស្សន៍ សម្រាប់ឆ្នាំ២០២២-២០២៥។ បន្ទាប់មក លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ និងលោក ង្វៀន មាញ់ហ៊ុង រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគមនាគមន៍ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការធ្វើសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបរិវត្តកម្មឌីជីថល។
 
អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងធម្មការ និងសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការជនជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានចុះហត្ថលេខាដោយ លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និង លោក ហៅ អាឡេញ ប្រធានគណៈកម្មាធិការជនជាតិរបស់វៀតណាម។

រូបភាពពីផេកហ្វេសប៊ុកសម្ដេច ហ៊ុន សែន
 
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ដាវ ង៉ុកហ្សុង រដ្ឋមន្ត្រីក្រសួងការងារ ជនពិការ និងសង្គមកិច្ច បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ។  រីឯអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់រវាងធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម ត្រូវបានចុះហត្ថលេខាដោយ លោក ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា និង លោកស្រី ង្វៀន ធីហុង ទេសាភិបាលនៃធនាគាររដ្ឋវៀតណាម។
 
ឯកសារទី១១ គឺអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុនវៀតថែល ខេមបូឌា (Viettel Cambodia) ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
 
លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី៨ ដល់ទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយដំណើរទស្សនកិច្ចនេះ ស្របនឹងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ៕


រូបភាពពីផេកហ្វេសប៊ុកសម្ដេច ហ៊ុន សែន


រូបភាពពីផេកហ្វេសប៊ុកសម្ដេច ហ៊ុន សែន

© រក្សាសិទ្ធិដោយ thmeythmey.com