អន្តរជាតិ
នយោបាយអន្តរជាតិ
អ៊ុយក្រែនសន្យាថានឹងមិនបោះបង់ទឹកដីនៅភាគខាងកើតសូម្បីតែបន្តិចឱ្យរុស្ស៊ី
× ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅយប់ថ្ងៃទី៨ ខែវិច្ឆិកាលើកឡើងថា កងកម្លាំងអ៊ុយក្រែននឹងមិនបោះបង់ទឹកដីនៅតំបន់ Donetsk ភាគខាងកើតប្រទេសទៅឱ្យរុស្ស៊ីសូម្បីតែមួយសង់ទីម៉ែត្រ។ ការលើកឡើងនេះធ្វើឡើង ខណៈក្រុមមន្ត្រីរុស្ស៊ីដែលគ្រប់គ្រងនៅតំបន់នេះរាយការណ៍ថា កងកម្លាំងអ៊ុយក្រែនកំពុងធ្វើដំណើរទៅកាន់ទីក្រុងភាគខាងត្បូងមួយជាមួយរថក្រោះ។
កន្លងមក ចំណុចស្នូលនៃជម្លោះនៅក្នុងតំបន់ឧស្សាហកម្ម Donetsk គឺនៅជុំវិញទីក្រុង Bakhmut, Soledar និង Avdiivka ដែលជាកន្លែងប្រយុទ្ធគ្នាខ្លាំងបំផុតនៅក្នុងប្រទេសចាប់តាំងពីកងកម្លាំងរុស្ស៊ីបានលុកលុយអ៊ុយក្រែនកាលពីចុងខែកុម្ភៈមក។
ក្នុងសារជាវីដេអូមួយចេញនៅយប់ថ្ងៃទីទី៨ ខែវិច្ឆិកា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានលើកឡើងថា សកម្មភាពរបស់រុស្ស៊ីនៅក្នុងតំបន់នោះនៅតែស្ថិតក្នុងកម្រិតខ្ពស់ ខណៈមានការវាយប្រហាររាប់សិបដងជារៀងរាល់ថ្ងៃ។
«យើងនឹងមិនបោះបង់សូម្បីមួយសង់ទីម៉ែត្រនៃដីរបស់យើង»។ លោក ហ្សេលេនស្គី បន្ថែមបែបនេះក្នុងសារជាវីឌីអូដដែល។
តំបន់ Donetsk ជាតំបន់មួយក្នុងចំណោមតំបន់បួនដែលរុស្ស៊ីបានបញ្ចូលជាទឹកដីខ្លួនក្នុងចុងខែកញ្ញាក្រោយធ្វើប្រជាមតិ។ ការប្រយុទ្ធគ្នាបានកើតមានឡើងនៅទីនោះរវាងយោធាអ៊ុយក្រែននិងកងកម្លាំងគាំទ្រដោយរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០១៤ ជាឆ្នាំដដែលដែលទីក្រុងម៉ូស្គូដណ្ដើមបានតំបន់គ្រីមៀរ។
ទន្ទឹមនឹងសាររបស់ប្រធានាធិបតីរុស្ស៊ីនេះ អភិបាលក្រុងរបស់រុស្ស៊ីនៅទីក្រុង Snihurivkaភាគខាងកើតនៃទីក្រុង Mykolaiv ភាគខាងត្បូងប្រទេស បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ីថា អ្នកស្រុកក្នុងតំបន់បានឃើញរថក្រោះជាច្រើនរបស់អ៊ុយក្រែន និងការប្រយុទ្ធគ្នាយ៉ាងសាហាវកំពុងកើតឡើង។
កងកម្លាំងអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបានវាយប្រហារយ៉ាងខ្លាំងក្លា ខណៈដែលរុស្ស៊ីកំពុងប្រមូលផ្តុំកម្លាំងឡើងវិញ ដើម្បីការពារតំបន់នានារបស់អ៊ុយក្រែនដែលខ្លួនដណ្ដើមបាន ដោយប្រមូលផ្ដុំកម្លាំងបម្រុងរាប់សែននាក់ក្នុងរយៈពេលមួយខែកន្លងមកនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com