អន្តរជាតិ
ការ​ស្ទង់​មតិ៖ ពលរដ្ឋ​អ៊ុយក្រែន​ភាគ​ច្រើន​គាំទ្រ​ឱ្យ​មាន​ការ​ប្រយុទ្ធ​នឹង​រុស្ស៊ី​រហូត​ទទួល​បាន​ជ័យជម្នះ
10, Nov 2022 , 8:29 am        
រូបភាព
ដោយ: VOA
ទាហាន​អ៊ុយក្រែន​ម្នាក់​បាញ់​គ្រាប់​ផ្លោង​ដាក់​ទីតាំង​យោធា​រុស្ស៊ី​នៅ​ខាង​ក្រៅ​ក្រុង Bakhmut ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

 
ការ​ស្ទង់​មតិ​ថ្មី​មួយ​របស់​ក្រុមហ៊ុន Gallup ដែល​បាន​ចេញ​ផ្សាយ​កាលពី​ពាក់​កណ្តាល​ខែ​តុលា​កន្លង​ទៅ​នេះ​បាន​រក​ឃើញ​ថា ប្រជាពលរដ្ឋ​អ៊ុយក្រែន ៧០% គាំទ្រ​ឱ្យ​មាន​ការ​បន្ត​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី​រហូត​ទាល់តែ​ដល់​ពេល​ទទួល​បាន​ជ័យជម្នះ ហើយ ៩១% បាន​និយាយ​ថា ជ័យជម្នះ​នេះ​មាន​ន័យ​ថា​ការ​ដណ្ដើម​គ្រប់គ្រង​បាន​មក​វិញ​នូវ​ទឹកដី​ទាំង​អស់​របស់​ប្រទេស​អ៊ុយក្រែន​ដែល​រុស្ស៊ី​បាន​វាយ​ដណ្ដើម​យក ដែល​ក្នុង​នោះ​រួម​មាន​ទាំង​តំបន់ Crimea ផង​ដែរ។
 
ការ​ស្ទង់​មតិ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ខែ​កញ្ញា​នៅ​ចំ​ពេល​ដែល​ពលរដ្ឋ​អ៊ុយក្រែន​មាន​អារម្មណ៍​រីករាយ​សប្បាយ​នឹង​ជ័យជម្នះ​ដែល​កងទ័ព​អ៊ុយក្រែន​ទើប​ទទួល​បាន​ថ្មីៗ​នៅ​សមរភូមិ និង​នៅ​មុន​ពេល​ដែល​រុស្ស៊ី​ធ្វើ​ការ​វាយប្រហារ​តាម​អាកាស​ជា​ច្រើន​លើ​តំបន់​រស់នៅ​របស់​ប្រជាពលរដ្ឋ​អ៊ុយក្រែន។
 
ការ​ស្ទង់​មតិ​នេះ​បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​អ៊ុយក្រែន​គាំទ្រ​ខ្លាំងក្លា​លើ​គោល​ជំហរ​របស់​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ដែល​បាន​ប្រកាស​កាលពី​ចុង​ខែ​កញ្ញា​ថា លោក​នឹង​មិន​បន្ត​ធ្វើ​ការ​ចរចា​ដើម្បី​បញ្ចប់​សង្គ្រាម​ទេ ប្រសិនបើ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នៅ​ធ្វើ​ជា​ប្រធានាធិបតី​របស់​ប្រទេស​រុស្ស៊ី​នោះ។
 
បន្ទាប់ពី​លោក Putin បាន​ប្រកាស​អំពី «ការ​ដាក់​បញ្ចូល» ដោយ​ខុស​ច្បាប់​នូវ​ទឹកដី​អ៊ុយក្រែន​ចំនួន ៤ ទៅ​ក្នុង​ផ្នែក​មួយ​នៃ​ប្រទេស​រុស្ស៊ី​មក លោក Zelenskyy បាន​ថ្លែង​ភ្លាមៗ​ថា៖ «ប្រទេស​អ៊ុយក្រែន​នឹង​មិន​ធ្វើ​ការ​ចរចា​ណា​មួយ​ជាមួយ​នឹង​រុស្ស៊ី​នោះ​ទេ ប្រសិនបើ​លោក Putin នៅ​ធ្វើ​ជា​ប្រធានាធិបតី​របស់​ប្រទេស​រុស្ស៊ី។ យើង​នឹង​ចរចា ប៉ុន្តែ​ជាមួយ​នឹង​ប្រធានាធិបតី​ថ្មី»។
 
នៅ​ពេល​ដែល​ការ​ស្ទង់​មតិ​នេះ​បាន​ធ្វើ​ឡើង ការ​វាយ​ប្រហារ​តបត​វិញ​របស់​អ៊ុយក្រែន​បាន​ធ្វើ​ឱ្យ​អ៊ុយក្រែន​ដណ្ដើម​បាន​មក​វិញ​នូវ​ទឹក​ដី​ភាគច្រើន​របស់​ខ្លួន​នៅ​ភាគ​ខាង​កើត ដែល​បាន​ជួយ​ជំរុញ​ស្មារតី​របស់​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស។
 
លោក R.J. Reinhart ដែល​ជា​អ្នក​និពន្ធ​នាំ​មុខ​នៃ​របាយការណ៍​ជាច្រើន​ដែល​ក្រុមហ៊ុន Gallup បាន​ចេញ​ផ្សាយ​កាលពី​ខែ​តុលា​ដោយ​ផ្អែក​លើ​ការ​រកឃើញ​នៃ​ការ​ស្ទង់​មតិ​នេះ បាន​និយាយ​ថា គេ​មិន​ទាន់​អាច​ព្យាករណ៍​អំពី​ផល​ប៉ះពាល់​នៃ​ការ​វាយប្រហារ​ចុងក្រោយ​បង្អស់​របស់​រុស្ស៊ី​ដែល​អាច​មាន​លើ​ទស្សនៈ​របស់​សាធារណជន​បាន​នៅ​ឡើយ​ទេ​នៅ​ពេល​នេះ ដោយសារ​វា​ហាក់​ដូចជា​ឆាប់​ពេក។
 
ការ​ស្ទង់​មតិ​របស់​ក្រុមហ៊ុន Gallup បាន​រក​ឃើញ​ថា ការ​គាំទ្រ​របស់​ពលរដ្ឋ​អ៊ុយក្រែន​ឱ្យ​មាន​ការ​ប្រយុទ្ធ​រហូត​ទទួល​បាន​ជោគជ័យ​គឺ​មាន​កម្រិត​ខ្លាំងក្លា​បំផុត​នៅ​ក្នុង​តំបន់​ដែល​នៅ​ឆ្ងាយ​ពី​តំបន់​សង្គ្រាម និង​មាន​កម្រិត​ខ្សោយ​បំផុត​នៅ​ក្នុង​តំបន់​ក្បែរ​តំបន់​សង្គ្រាម។
 
ក្រុមហ៊ុន Gallup បាន​បញ្ជាក់​ថា៖ «ការ​គាំទ្រ​ចំពោះ​ការ​ធ្វើ​សង្គ្រាម​មាន​កម្រិត​ខ្ពស់​បំផុត​នៅ​តាម​តំបន់​មួយ​ចំនួន​ដូចជា​រដ្ឋធានី​កៀវ​ដែល​មាន​ការ​គាំទ្រ ៨៣% តំបន់​ភាគ​ខាង​លិច​ចំនួន ៨២% តំបន់​ភាគ​កណ្តាល​ចំនួន ៧៨% និង​តំបន់​ភាគ​ខាង​ជើង​ចំនួន ៧៥%។ តំបន់​តូចៗ​ភាគច្រើន​ក៏​គាំទ្រ​ឱ្យ​មាន​ការ​បន្ត​ធ្វើ​សង្គ្រាម​នេះ​ផង​ដែរ​ដោយ​នៅ​ភាគ​ខាង​កើត​ប្រទេស​មាន​ការ​គាំទ្រ​ចំនួន ៥៦% និង​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​មាន​ការ​គាំទ្រ​ចំនួន ៥៨%»។
 
លោក Reinhart បាន​ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​មួយ​តាម​ទូរស័ព្ទ​ថា៖ «នៅ​ពេល​អ្នក​ឃើញ​សង្គ្រាម​នៅ​នឹង​មាត់​ទ្វារ​របស់​អ្នក អ្វី​ដែល​អ្នក​ចង់​បាន​ដំបូង​គេ​គឺ​ការ​បញ្ចប់​សង្គ្រាម​និង​អំពើ​ហិង្សា​ដែល​កំពុង​កើត​ឡើង»។
 
លោក​បាន​បន្ថែម​ថា៖ «យើង​ឃើញ​ថា ប្រជាពលរដ្ឋ​នៅ​តំបន់​ផ្នែក​ខាង​លិច​នៃ​ប្រទេស​អ៊ុយក្រែន​ហាក់​មាន​គំនិត​ស្រប​ជាមួយ​នឹង​តំបន់​អឺរ៉ុប​និង​ក្រុម​បស្ចិម​ប្រទេស ចំណែក​ឯ​ប្រជាពលរដ្ឋ​នៅ​តំបន់​ផ្នែក​ខាង​កើត​ប្រទេស​វិញ​ហាក់​មាន​គំនិត​ស្រប​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី»។
 
ទោះ​ជា​យ៉ាង​នេះ​ក្តី លោក Reinhart បាន​បញ្ជាក់​ថា ការ​ស្ទង់​មតិ​នេះ​បាន​បង្ហាញ​ថា «ពលរដ្ឋ​អ៊ុយក្រែន​ភាគច្រើន​គាំទ្រ​ឱ្យ​មាន​ការ​ប្រយុទ្ធ​រហូត​ទទួល​បាន​ជ័យជម្នះ»។
 
ទាក់ទិន​នឹង​សំណួរ​អំពី​គុណភាព​នៃ​ជីវិត​របស់​ពួកគេ ប្រជាពលរដ្ឋ​អ៊ុយក្រែន​មិន​សប្បាយ​ចិត្ត​ជាមួយ​នឹង​ស្ថានភាព​បច្ចុប្បន្ន​របស់​ពួកគេ​នោះ​ទេ ប៉ុន្តែ​មាន​ក្តី​សង្ឃឹម​ចំពោះ​អនាគត។
 
នៅ​ពេល​សួរ​ឱ្យ​វាយតម្លៃ​លើ​ស្ថានភាព​រស់នៅ​របស់​ពួកគេ អ្នក​ចូលរួម​ក្នុង​ការ​ស្ទង់មតិ​នេះ​បាន​ឆ្លើយ​ថា ស្ថានភាព​រស់នៅ​បច្ចុប្បន្ន​របស់​ពួកគេ​ស្ថិត​ក្នុង​កម្រិត​មធ្យម ប៉ុន្តែ​ពួកគេ​មាន​ក្តី​រំពឹង​ថា​នៅ​ក្នុង​រយៈពេល ៥ ឆ្នាំ​ខាង​មុខ ស្ថានភាព​នេះ​នឹង​មាន​ភាព​ប្រសើរ​ឡើង។
 
អ្នក​ចូលរួម​នៅ​ក្នុង​ការ​ស្ទង់​មតិ​នេះ​លើស​ពាក់​កណ្តាល​បន្តិច​បាន​បញ្ជាក់​ថា ស្ថានភាព​សេដ្ឋកិច្ច​នៅ​ក្នុង​ទីក្រុង​ឬ​តំបន់​ដែល​ពួកគេ​រស់នៅ​មាន​លក្ខណៈ​កាន់តែ​អាក្រក់​ឡើង។ ចំណែក​ឯ​អ្នក​ចូលរួម​ចំនួន​ជិត​មួយ​ភាគ​បី​បាន​ឆ្លើយ​ថា ស្ថានភាព​សេដ្ឋកិច្ច​កំពុង​មាន​ភាព​ល្អ​ប្រសើរ​ឡើង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com