ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន រំពឹងថា ការប្រមូលពន្ធដារឆ្នាំនេះ​ លើសផែនការយ៉ាងតិច១៥ភាគរយ​​
10, Nov 2022 , 11:29 am        
រូបភាព
​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កំពុងថ្លែងក្នុងវេទិកាជំរុញការវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម ២០២២ នៅសណ្ឋាគារភ្នំពេញ។ រូបថត៖ SPM
​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កំពុងថ្លែងក្នុងវេទិកាជំរុញការវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម ២០២២ នៅសណ្ឋាគារភ្នំពេញ។ រូបថត៖ SPM
១០ខែប៉ុណ្ណោះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលជាតិ​ លើសផែនការនៃច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២២។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន ​។

 
«យើងខ្ញុំប្រមូលប្រាក់ចំណូលពន្ធ តាមច្បាប់ថវិការបស់​យើងត្រឹមតែជាង១០ខែប៉ុណ្ណោះ គឺយើងខ្ញុំសម្រេចបានលើស១០០ភាគរយនៃផែនការ»។​ សម្តេច បានថ្លែងបែបនេះ ក្នុងវេទិកាជំរុញការវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម ២០២២ នៅសណ្ឋាគារភ្នំពេញ នាល្ងាចថ្ងៃទី៨ វិចិ្ឆកា​។ ប្រមុខរដ្ឋាភិបាល បានប្រាប់ថា​ ការប្រមូលពន្ធផ្ទៃក្នុងរបស់កម្ពុជា  គឺអាចសម្រេចបានប្រមាណ១១៥ភាគរយ យ៉ាងតិច នាដំណាច់ឆ្នាំ២០២២នេះ ខណៈច្បាប់កំណត់ឱ្យ​ប្រមូល​ចំណូល​​២ ៨១៩,៥៤​ លាន​ដុល្លារ។
 
សម្តេច ហ៊ុន សែន បានបន្ថែមថា​៖ «នេះ​ គឺជាចំណែកមួយ ដើម្បីជួយទ្រទ្រង់ទៅដល់បញ្ហានៃការចំណាយដែលយើងកំពុងតែត្រូវរ៉ាប់រងជីវភាពរបស់ប្រជាជនរបស់យើង»។ 
 
សូមជម្រាបថា កាលឆ្នាំ២០២១អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករបានចំនួន ១១,២៦៦.៧៩ប៊ីលានរៀល(ប្រមាណ ២,៧៨១.៩២ លានដុល្លារ)។ ប្រាក់ចំណូលដែលពន្ធដារប្រមូលបាននេះ គឺលើសផែនការរហូតដល់ ២៤,០២ភាគរយ នៃច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២១៕ 
 

Tag:
 ពន្ធដារ
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com