អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អឺរ៉ុប ស្នើកញ្ចប់ជំនួយឱ្យអ៊ុយក្រែន តែហុងគ្រីមិនយល់ព្រម
10, Nov 2022 , 1:59 pm        
រូបភាព
គណៈកម្មការអឺរ៉ុប នៅថ្ងៃទី៩ ខែវិច្ឆិកា បានស្នើកញ្ចប់ជំនួយសម្រាប់ដោះស្រាយបញ្ហាកើតឡើងដោយសង្គ្រាមនៅអ៊ុយក្រែនមានតម្លៃរហូតដល់ជាង ១៨ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២៣។ ប៉ុន្តែហុងគ្រីបានបដិសេធចំពោះសំណើនេះ។



ក្រោយរុស្ស៊ីឈ្លានពាន អ៊ុយក្រែនរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ ដែលត្រូវការថវិកាច្រើនដើម្បីកសាងឡើងវិញ។ ប្រទេសលោកខាងលិច ជាបង្អែកអ៊ុយក្រែនដ៏ធំដែលតែងគាំទ្រជាជំនួយសព្វាវុធ និងថវិកាកសាងជាតិផងដែរ។ នៅថ្ងៃទី៩ ខែវិច្ឆិកា ​គណៈកម្មការអឺរ៉ុបនៅទីក្រុងព្រុចសែល បានស្នើឱ្យមានកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែនមានតម្លៃជាង១៨ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៣។ 
 
យ៉ាងណាមិញ សំណើនេះត្រូវប្រឆាំងដោយហុងគ្រី​ ដែលអះអាងថាខ្លួននឹងមិនរួមចំណែកផ្ដល់ជំនួយនោះទេ ព្រោះវាធ្វើឱ្យកម្ចីសម្បទានឡើងខ្ពស់។ មិនត្រឹមតែរឿងផែនការកញ្ចប់ជំនួយប៉ុណ្ណោះទេ ហុងគ្រីកន្លងមក តែងបង្ហាញទឹកចិត្តមិនគាំទ្រការដាក់ទណ្ឌកម្មរបស់អឺរ៉ុបទៅលើរុស្ស៊ីដែលឈ្លានពានអ៊ុយក្រែន។
 
«ហុងគ្រីត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រអ៊ុយក្រែន ប៉ុន្តែរដ្ឋាភិបាលហុងគ្រីគ្មានបំណងរួមចំណែកផ្ដល់ប្រាក់កម្ចីថ្មីណាមួយដែលត្រូវប្រមូលយកដោយអឺរ៉ុបឡើយ»។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហុងគ្រី លោក Mihaly Varga នៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី៨ ខែវិច្ឆិកា បានលើកឡើងបែបនេះ។
 
បន្ទាប់ពីគណៈកម្មការអឺរ៉ុបបានបង្ហាញផែនការរបស់ខ្លួន ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា ការផ្ដល់ជំនួយរបស់អឺរ៉ុបបង្ហាញពីសាមគ្គីភាពពិត ហើយការរួមគ្នានឹងអាចទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ការរួបរួមគ្នាអាចកសាងអ៊ុយក្រែនឡើងវិញ ហើយទាំងអស់គ្នានឹងនៅក្នុងសហភាពអឺរ៉ុបតែមួយ។ 
បើតាមគណៈកម្មការអឺរ៉ុប ជាមធ្យមអឺរ៉ុបបានជួយអ៊ុយក្រែនក្នុងទំហំទឹកប្រាក់ប្រហែល១,៥ពាន់លានដុល្លារក្នុងមួយខែ និងជំនួយពីមូលនិធិរូបិយវត្ថុអន្តរជាតិមានប្រហែល៣ទៅ៤ពាន់លានដុល្លារក្នុងមួយខែ។ ទំហំទឹកប្រាក់នេះនឹងជួយអ៊ុយក្រែនក្នុងរយៈពេលខ្លីដើម្បីធានាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ រក្សាសេវាសាធារណៈសំខាន់ៗ និងជួយដល់ការស្ដារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេសជាតិឡើងវិញ ដែលត្រូវបានបំផ្លាញក្នុងសង្គ្រាមជាមួយរុស្ស៊ី។ 
 
គួរបញ្ជាក់ថា កញ្ចប់ជំនួយថ្មីដែលកំពុងស្នើនេះត្រូវការការយល់ព្រមពីសភាអឺរ៉ុប និងប្រទេសជាសមាជិកទាំង ២៧ របស់អឺរ៉ុប៕
 

Tag:
 អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com