អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី ដកទ័ពចេញពីទីក្រុង Kherson តែអ៊ុយក្រែនថារុស្ស៊ីអាចកំពុងប្រមូលកម្លាំងទ័ពឡើងវិញ
10, Nov 2022 , 2:59 pm        
រូបភាព
ទិដ្ឋភាពទីក្រុង Kherson ដែលទ័ពរុស្ស៊ី និងអ៊ុយក្រែនវាយប្រយុទ្ធគ្នា។ រូបថត AFP
ទិដ្ឋភាពទីក្រុង Kherson ដែលទ័ពរុស្ស៊ី និងអ៊ុយក្រែនវាយប្រយុទ្ធគ្នា។ រូបថត AFP
ដោយ:
រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី Sergei Shoigu នៅថ្ងៃទី៩ ខែវិច្ឆិកាបញ្ជាដកទ័ពចេញពីទីក្រុង Kherson របស់អ៊ុយក្រែនដែលនៅភាគខាងលិចនៃទន្លេ Dnipro ទៅភាគខាងកើតទន្លេវិញ។ ប៉ុន្តែរដ្ឋាភិបាលក្រុងកៀវសង្ស័យថា នេះអាចជាការប្រមូលកងកម្លាំងឡើងវិញដើម្បីក្តោបទីក្រុង Kherson ក្រោយប៉ុន្មានសប្តាហ៍នេះទ័ពអ៊ុយក្រែនកំពុងតែរុលទៅមុខដើម្បីរំដោះទីក្រុងមកវិញ។

 
ដោយសារអ៊ុយក្រែនព្យាយាមវាយប្រហារផ្លូវសំខាន់ៗឆ្លងកាត់ទន្លេ Dnipro ពីច្រាំងខាងកើតទៅខាងលិច រុស្ស៊ីនៅថ្ងៃទី៩ ខែវិច្ឆិកាបញ្ជាដកទ័ពចេញពីទីក្រុង Kherson ដោយអះអាងថា មិនអាចបន្តផ្គត់ផ្គង់អាវុធដល់ទ័ពខ្លួនបាន។ Kherson ជាទីក្រុងរដ្ឋបាលរបស់តំបន់ Kherson ដែលរុស្ស៊ីលេបយកដោយខុសច្បាប់កាលពីខែកញ្ញា ហើយទីក្រុងនេះស្ថិតនៅភាគខាងលិចនៃទន្លេ Dnipro ដែលបំបែកតំបន់ Kherson ជាពីរ។
 
«ដោយបានស្ទង់ប៉ាន់មើលស្ថានភាពបច្ចុប្បន្នគ្រប់ជ្រុងជ្រោយ វា (ការដកទ័ព) ត្រូវបានស្នើឡើងដើម្បីចាប់ផ្តើមការការពារតាមបណ្តោយច្រាំងខាងឆ្វេង(ភាគខាងកើត)នៃទន្លេ Dnipro»។ មេបញ្ជាការរុស្ស៊ីទទួលបន្ទុកកិច្ចការអ៊ុយក្រែន ឧត្តមសេនីយ៍ Sergei Surovikin ថ្លែងបែបនេះទៅកាន់រដ្ឋមន្រ្តីការពារជាតិ Sergei Shoigu ក្នុងការផ្សាយតាមទូរទស្សន៍។
 
បើតាមលោក Surovikin វាជាការសម្រេចចិត្តដ៏ពិបាកតែចាំបាច់បំផុតដើម្បីរក្សាអាយុជីវិតទាហានរុស្ស៊ី និងប្រសិទ្ធភាពប្រយុទ្ធរបស់កងទ័ពដែលគ្មានប្រយោជន៍ក្នុងការបន្តនៅភាគខាងលិចនៃទន្លេនោះទេ។ រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែនលោក Shoigu ក៏បានយល់ព្រមនឹងសំណើនេះ ហើយបញ្ជាឱ្យដកទ័ព ព្រមទាំងចាត់វិធានការទាំងអស់ដើម្បីផ្ទេរកងកម្លាំងឆ្លងកាត់ទន្លេទៅភាគខាងកើតវិញ។ 
 
យ៉ាងណាមិញ ​អ៊ុយក្រែនប្រតិកម្មចំពោះការដកទ័ពនេះយ៉ាងប្រុងប្រយ័ត្នដោយបញ្ជាក់ថា កងកម្លាំងអ៊ុយក្រែននៅតែមានវត្តមាននៅ Kherson ហើយកំពុងបង្កើនកម្លាំងបញ្ជូនទៅតំបន់នេះ។ 
 
«ពួកគេកំពុងចាកចេញ ប៉ុន្តែមិនច្រើនដូចនឹងអ្វីដែលនឹងកើតឡើងថាវាជាការដកចេញទាំងស្រុង ឬក៏រៀបចំក្រុមកម្លាំងឡើងវិញនោះទេ»។ ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន លោក Oleksiy Arestovych ថ្លែងក្នុងវីដេអូបែបនេះនាយប់ថ្ងៃទី៩ ខែវិច្ឆិកា។
 
លោក Arestovych សង្កត់ធ្ងន់ថា អំឡុងពេលនេះ ក្រុងកៀវនៅមិនច្បាស់ពីចេតនាថាតើក្រុងមូស្គូនឹងព្យាយាមក្តោបទីក្រុង Kherson ឬចូលប្រយុទ្ធជាមួយទ័ពអ៊ុយក្រែនទេ ពីព្រោះកងកម្លាំងទាំងនោះកំពុងដកថយយ៉ាងយឺត៕
 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com