អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មន្ត្រីឥណ្ឌូណេស៊ី៖ លោក ពូទីន មិនទៅចូលរួមកិច្ចប្រជុំកំពូល G20 ដោយផ្ទាល់ឡើយ
10, Nov 2022 , 7:29 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន។ រូបថត Xinhua
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន។ រូបថត Xinhua
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនចូលរួមកិច្ចប្រជុំមេដឹកនាំមកពីក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) នាកោះបាលី របស់ឥណ្ឌូណេស៊ី ដោយផ្ទាល់នាថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឡើយ។ នេះបើតាមការអះអាងរបស់មន្ត្រីរដ្ឋាភិបាលឥណ្ឌូណេស៊ីនៅថ្ងៃទី១០ ខែវិច្ឆិកា។



ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នៅក្នុងបទសម្ភាសមួយជាមួយកាសែត Financial Times កាលពីខែមេសា បាននិយាយថា រុស្ស៊ីត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូល របស់ប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) ហើយលោក វ្ល៉ាឌីមៀ ពូទីន ក៏អះអាងពីការចូលរួមដែរ។ 
 
យ៉ាងណាមិញ ព័ត៌មានច្បាស់លាស់មិនទាន់សម្រេចឡើយ រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា មន្ត្រីរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ីបានអះអាងថា លោក ពូទីន មិនមកចូលរួមកិច្ចប្រជុំ G20 ដោយផ្ទាល់ទេ។ 
 
ប្រមុខការទូតរុស្ស៊ី លោក Sergei Lavrov នឹងតំណាងលោក ពូទីន ក្នុងកិច្ចប្រជុំកោះបាលី ហើយ លោក ពូទីន ប្រហែលចូលរួមក្នុងកិច្ចប្រជុំពាក់ព័ន្ធតាមប្រព័ន្ធអនឡាញ។ លោក Jodi Mahardi អ្នក​នាំ​ពាក្យ​​រដ្ឋមន្ត្រី​សម្របសម្រួល​កិច្ចការ​ដែនសមុទ្រ និងកិច្ចការ​វិនិយោគ​បាន​លោកលើកឡើងបែបនេះ។
 
ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំ G20 ឥណ្ឌូណេស៊ីបានរងសម្ពាធពីបណ្តាប្រទេសលោកខាងលិច និងអ៊ុយក្រែន ដែលជំរុញឱ្យដកលោក ពូទីន ចេញពីកិច្ចប្រជុំកំពូល និងចង់ដកសមាជិកភាពរុស្ស៊ីចេញពីក្រុម G20 ទៀតផង។ 
 
ជាការឆ្លើយតប ឥណ្ឌូណេស៊ីថាខ្លួនមិនមានសិទ្ធិធ្វើដូច្នោះដោយគ្មានការឯកភាពក្នុងចំណោមសមាជិកទាំងអស់ឡើយ។ លើសពីនេះ ប្រធានាធិបតីឥណ្ឌូណេស៊ីសង្កត់ធ្ងន់ថា G20 មិនមែនជាវេទិកានយោបាយទេ វា​សំដៅ​ទៅ​លើ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ។ 
 
កន្លងមក ឥណ្ឌូណេស៊ី ក៏បានអញ្ជើញប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ផងដែរឱ្យចូលរួមក្នុងកិច្ចប្រជុំ G20។ នៅដើមខែវិច្ឆិកា លោក ហ្សេលេនស្គី អះអាងថាលោកនឹងមិនចូលរួមឡើយ ប្រសិនបើលោកពូទីន ចូលរួម តែលោកមានបំណងចូលរួមតាមប្រព័ន្ធអនឡាញ។ 
 
គួរបញ្ជាក់ថា មេដឹកនាំពិភពលោកមួយចំនួនទៀតគ្រោងនឹងចូលរួមកិច្ចប្រជុំកំពូល G20 ផងដែរ រួមទាំងប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងប្រធានាធិបតីចិន ស៊ី ជិនភីង៕
 

Tag:
 ឥណ្ឌូណេស៊ី
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com