កីឡាជាតិ
ជាតិ
ប្រតិភូកីឡាប៊ូល និងប៉េតង់កម្ពុជា ២៧នាក់ ចូលរួមប្រកួតជើងឯកអាស៊ី លើកទី៤ នៅថៃ
10, Nov 2022 , 4:29 pm        
រូបភាព
រូបប្រតិភូ ២៧រូប ត្រូវទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាប៉េតង់ជើងឯកអាស៊ីលើកទី៤ នៅប្រទេសថៃ។ រូបពីសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា
រូបប្រតិភូ ២៧រូប ត្រូវទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាប៉េតង់ជើងឯកអាស៊ីលើកទី៤ នៅប្រទេសថៃ។ រូបពីសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា
គ្រូបង្វឹក កីឡាករ និងកីឡាការិនីប៊ូល និងប៉េតង់កម្ពុជា ចំនួន២៧រូប ចូលរួមប្រកួតព្រឹត្តិការណ៍កីឡាប៉េតង់ជើងឯកអាស៊ី លើកទី៤ ដែលធ្វើឡើងនៅថ្ងៃទី១០-១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅប្រទេសថៃ ក្រោមការដឹកនាំរបស់ លោក ស៊ុម សុជាតិ អនុប្រធានសហព័ន្ធ។



កីឡាករ និងកីឡាការិនីកម្ពុជា នឹងប្រកួតលើ ៦វិញ្ញាសា។ វិញ្ញាសាទាំងនោះ ផ្នែកបុរស មាន វិញ្ញាសា៣ទល់៣, វិញ្ញាសាវាយយកពិន្ទុ, ផ្នែកនារី ៣ទល់៣ និងវិញ្ញាសាវាយយកពិន្ទុ និងផ្នែកយុវជន មាន៣ទល់៣ និងវាយយកពិន្ទុ។ 


 កីឡាករប៉េតង់ ស៊ិន វង់ និងកីឡាការិនី វង ចន្ថា ម្ចាស់មេដាយមាសលើវិញ្ញាសាវាយគូចម្រុ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣១ នៅវៀតណាម។ រូបពីសារព័ត៌មានថ្មីៗ
 
ប្រតិភូ ២៧រូប ទៅចូលរួមប្រកួតព្រឹត្តិការណ៍នោះ មានប្រតិភូដឹកនាំ ៣នាក់ គ្រូបង្វឹក ៤នាក់​ និងកីឡាករ-កីឡាការិនី ២០នាក់។ ប្រតិភូដឹកនាំ ៣រូបនោះមាន លោក ស៊ុម សុជាតិ ប្រធានប្រតិភូ, កញ្ញា គីន សំណាង អនុប្រធានប្រតិភូ និងលោក ហៀន ថាវរៈ លេខាធិការដ្ឋាន។ មន្ដ្រីបច្ចេកទេស ៤រូបមាន លោក អ៊ឹម ផាត គ្រូបង្វឹក, លោក សុខ ម៉ុង គ្រូបង្វឹក, លោក អ៊ុក យ៉ារី គ្រូបង្វឹក និងលោកស្រី ជុំ ច័ន្ទថុល គ្រូជំនួយ។
 
រីឯ សមាសភាពកីឡាការិនី ៥រូប មានកញ្ញា អ៊ុក ស្រីមុំ, កញ្ញា អ៊ុំ ដាវីន, កញ្ញា អ៊ុន ស្រីយ៉ា, លោកស្រី ឃួន យ៉ារី និងកញ្ញា ហាក់ ស្រីនុត។ ចំណែក សមាសភាពកីឡាករ ១៥នាក់គឺ សៅ សុភារ៉ាន់, យឹម សុភ័ណ្ឌ, ថោង ឈឿន, តិប នរ៉ា, ហេង ស៊ូមៀន, ស៊ីន វង់, ញ៉ែម បូរ៉ា, ពុធយ៉ុន ច័ន្ទដារ៉ា, ម៉ុង វិរៈបុត្រ, អ៊ុត ដួងខែ, នន់ រ៉ាវីន, ជា ហេងឧត្ដមរស្មី, ភាព ផាឃិន, អ៊ុត សុខជា និង នូច សុខេមរៈ។
 
ព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើកទី៤ មាន ១៤ប្រទេសចូលរួម មាន៖ ជប៉ុន, អូស្ដ្រាលី, កូរ៉េខាងត្បូង, ឥណ្ឌា, អ៊ីរ៉ង់, កៀហ្ស៊ីស៊ីស្ថាន, ហុងកុង, កម្ពុជា, វៀតណាម, សិង្ហបុរី, ព្រុយណេ, ម៉ាឡេស៊ី, ហ្វីលីពីន និងម្ចាស់ផ្ទះថៃ។ ការប្រកួតព្រឹត្តិការណ៍កីឡាប៉េតង់ជើងឯកអាស៊ីលើកទី៣ នាឆ្នាំ២០១៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាមនោះ កីឡាករកម្ពុជា ឈ្នះមេដាយមាស ក្នុងវិញ្ញាសា ៣ទល់៣ ។ ដូច្នេះហើយ ទើបកម្ពុជា បញ្ជូនទៅអត្តពលិកប្រកួតចំនួន ២ក្រុម ។ ព្រឹត្តិការណ៍នេះ ធ្វើឡើងរាល់ ១ឆ្នាំម្ដង ប៉ុន្ដែត្រូវខកខាន២ឆ្នាំជាប់គ្នា ដោយសារបញ្ហាកូវីដ-១៩៕
 

Tag:
 កីឡាប៊ូល និងប៉េតង់
  Asian Petanque Championship
© រក្សាសិទ្ធិដោយ thmeythmey.com