អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក បៃដិន ថា គ្រោងឈរឈ្មោះជាប្រធានាធិបតីម្តងទៀត តែនឹងបញ្ជាក់នៅដើមឆ្នាំក្រោយ
10, Nov 2022 , 8:29 pm        
រូបភាព
ដោយ:
ប្រធានាធិបតីអាម៉េរិក ចូ បៃដិន ប្រកាសនៅថ្ងៃទី៩ ខែវិច្ឆិកាពីបំណងឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតីម្តងទៀត ហើយការសម្រេចចិត្តចុងក្រោយអាចនឹងប្រកាសនៅដើមឆ្នាំ២០២៣ បន្ទាប់ពីបក្សប្រជាធិបតេយ្យប្រជែងបានកៅអីសភាច្រើនលើសពីការរំពឹងទុក។

 
បន្ទាប់ពីបក្សប្រជាធិបតេយ្យធ្វើបានយ៉ាងល្អក្នុងការប្រជែងកៅអីសភាអាម៉េរិកក្នុងការបោះឆ្នោតថ្ងៃទី៨ ខែវិច្ឆិកា ប្រធានាធិបតីអាម៉េរិក ចូ បៃដិន ប្រកាសថា នេះជាថ្ងៃបោះឆ្នោតដ៏ល្អសម្រាប់លទ្ធិប្រជាធិបតេយ្យ និងអាម៉េរិក។ 
 
ថ្លែងទៅកាន់សំណួររបស់អ្នកកាសែតនាសេតវិមានថ្ងៃទី៩ ខែវិច្ឆិកា លោក បៃដិន​ ឆ្លើយថា លោកនឹងឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតីសម្រាប់អាណត្តិទីពីរ ហើយនឹងប្រកាសនៅដើមឆ្នាំ២០២៣។ ទីប្រឹក្សាលោក បៃដិន ម្នាក់លើកឡើងថា ការពិភាក្សាត្រៀមសម្រាប់យុទ្ធនាការបោះឆ្នោតឆ្នាំ​២០២៤ កំពុងដំណើរការហើយ។
 
«បំណងរបស់យើងគឺឈរឈ្មោះម្តងទៀតដែលជាគោលបំណងតាំងពីដើមរបស់យើង»។ លោក បៃដិន ដែលឈានចូលវ័យ៨០ឆ្នាំក្នុងខែនេះប្រាប់ទៅកាន់អ្នកកាសែតបែបនេះដែលមានវត្តមានភរិយាលោក លោកស្រី Jill អង្គុយនៅក្បែរ។ 
 
បើតាមប្រធានាធិបតីអាម៉េរិករូបនេះ នេះជាការសម្រេចចិត្តរបស់គ្រួសារដែលចង់ឱ្យលោកឈរឈ្មោះបោះឆ្នោតម្តងទៀត។ លោក បន្ថែមថា វាអត់មានអ្វីពាក់ព័ន្ធនឹងការប្រកាសរបស់លោក ដូណាល់ ត្រាំ នោះទេ។ កន្លងមក អតីតប្រធានាធិបតីអាម៉េរិក លោកត្រាំ ថានឹងប្រកាសពីការសម្រេចចិត្តឈរជាបេក្ខភាពប្រធានាធិបតីម្តងទៀតនៅថ្ងៃទី១៤ ខែវិច្ឆិកា បន្ទាប់ពីចាញ់គូប្រជែងលោក បៃដិន កាលពីបោះឆ្នោតឆ្នាំ២០២០។
 
សូមបញ្ជាក់ថា ការព្យាករណ៍នានាដែលថាបក្សសាធារណរដ្ឋទទួលបានអាសនៈភាគច្រើននៅក្នុងសភាសម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិលើកនេះមិនដូចការរំពឹងទុកឡើយ តែទំនងជាអាចដណ្តើមរដ្ឋសភាពីបក្សប្រជាធិបតេយ្យមកក្តោបក្តាប់បាន។
 
ជាមួយលទ្ធផលបោះឆ្នោតបឋមត្រឹមថ្ងៃទី១០ ខែវិច្ឆិកា បក្សសាធារណរដ្ឋប្រជែងឈ្នះកៅអីនៅរដ្ឋសភាចំនួន ២០៧ រីឯបក្សប្រជាធិបតេយ្យទទួលបានអាសនៈចំនួន ១៨៤ ខណៈបក្សនីមួយៗត្រូវការ ២១៨ អាសនៈដើម្បីគ្រប់គ្រងរដ្ឋសភា។ ចំណែក បក្សប្រជាធិបតេយ្យទទួលបាន ៤៨ អាសនៈនៅព្រឹទ្ធសភា ខណៈបក្សសាធារណរដ្ឋប្រជែងបាន ៤៩ កៅអី ប៉ុន្តែបក្សទាំងពីរនៅត្រូវការ២អាសនៈដូចគ្នាដើម្បីអាចគ្រប់គ្រងព្រឹទ្ធសភាបាន៕ 
 
 
 
 
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com