អន្តរជាតិ
ប្រធាន IAEA ថា ការកែច្នៃកាកសំណល់នុយក្លេអ៊ែរអាចធ្វើបាន បើមានអាម៉េរិកជួយ
10, Nov 2022 , 5:59 pm        
រូបភាព
រោងចក្រថាមពលនុយក្លេអ៊ែរ Rostov របស់រុស្ស៊ី។ រូបថតពី Xinhua
រោងចក្រថាមពលនុយក្លេអ៊ែរ Rostov របស់រុស្ស៊ី។ រូបថតពី Xinhua
ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នាថ្ងៃទី៩ ខែវិច្ឆិកា បានលើកឡើងថា ការកែច្នៃកាកសំណល់វិទ្យុសកម្មចេញពីថាមពលនុយក្លេអ៊ែរមិនងាយស្រួលឡើយ ប៉ុន្តែ IAEA នឹងដឹកនាំដំណើរការនេះបាន ប្រសិនបើមានអាម៉េរិកជួយជ្រោកជ្រែង។



ពីកិច្ចប្រជុំស្ដីពីបញ្ហាអាកាសធាតុ COP27 នៅអេហ្ស៊ីប ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) របស់អង្គការសហប្រជាជាតិ លោក Rafael Grossi ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាការកែច្នៃកាកសំណល់នុយក្លេអ៊ែរជាបច្ចេកវិទ្យាពិបាកមួយ ដោយប្រឈមបញ្ហាផ្នែកសុវត្ថិភាព និងការចំណាយខ្ពស់។ យ៉ាងណាមិញ លោក Grossi បន្ថែមថា IAEA នឹងដឹកនាំដំណើរការកែច្នៃឡើងវិញនេះបានប្រសិនបើមានអាម៉េរិកជួយជ្រោកជ្រែង។
 
«ខ្ញុំមិនឃើញមានប្រទេសច្រើនយកចិត្តទុកដាក់ក្នុងការកែច្នៃឡើងវិញទេ។ ការកែច្នៃឡើងវិញ ជាបច្ចេកវិទ្យាដ៏លំបាកដែលទាមទារហេដ្ឋារចនាសម្ព័ន្ធជាច្រើន»។ លោក Grossi បានលើកឡើងបែបនេះដោយសំដៅលើការកែច្នៃកាកសំណល់នុយក្លេអ៊ែ នៅក្នុងបទសម្ភាសមួយ។ 
 
កន្លងមក អតីតប្រធានាធិបតីអាម៉េរិក លោក Jimmy Carter បានផ្អាកការកែច្នៃកាកសំណល់នុយក្លេអ៊ែរឡើងវិញក្នុងឆ្នាំ១៩៧៧ ដោយបារម្ភពីសុវត្ថិភាពសុខភាព។ ចំណែកអតីតប្រធានាធិបតី Ronald Reagan បានលុបចោលការផ្អាកនោះនៅឆ្នាំ១៩៨១ ប៉ុន្តែដោយការចំណាយខ្ពស់ ក៏សម្រេចមិនឱ្យបើកដំណើរការវិញ។ 
 
ក្នុងរដ្ឋបាលប្រធានាធិបតីអាម៉េរិក ចូ បៃឌិន អាម៉េរិកមើលឃើញថាការពង្រីកថាមពលនុយក្លេអ៊ែរជាកត្តារារាំងដ៏សំខាន់ដើម្បីដោះស្រាយការបំភាយឧស្ម័នដែលផ្សារភ្ជាប់ទៅនឹងការប្រែប្រួលអាកាសធាតុ។ រដ្ឋាភិបាលអាម៉េរិកបានចាត់ទុកការកែច្នៃឡើងវិញជាមធ្យោបាយដ៏ឆ្លាតវៃក្នុងការជំរុញការផ្គត់ផ្គង់ឥន្ធនៈនុយក្លេអ៊ែរក្នុងស្រុក និងកាត់បន្ថយកាកសំណល់។
 
ទីភ្នាក់ងារស្រាវជ្រាវថាមពលរបស់អាម៉េរិក (ARPA-E) មានគោលបំណងអភិវឌ្ឍគម្រោងកែច្នៃនុយក្លេអ៊ែរជាច្រើន ខណៈកាល​ពី​ខែ​មុនអាម៉េរិក​បាន​ផ្តល់​លុយ ៣៨ លាន​ដុល្លារ​សម្រាប់​គម្រោងកែច្នៃ​ឡើង​វិញជាច្រើនដែរ។ 
 
លោក Gross បានសង្កត់ធ្ងន់ថា បើអាម៉េរិកបកមកបន្តដំណើរការកែច្នៃកាកសំណល់នុយក្លេអ៊ែរឡើងវិញ នោះ IAEA នឹងជួយត្រួតពិនិត្យដើម្បីធានាថាវាមានសុវត្ថិភាព៕
 

Tag:
 IAEA
© រក្សាសិទ្ធិដោយ thmeythmey.com