សហភាពអឺរ៉ុបមានការព្រួយបារម្ភចំពោះការលើកទឹកចិត្តសម្រាប់វិស័យរថយន្តអគ្គិសនីក្នុងស្រុកនៅអាម៉េរិកក្រោមច្បាប់កាត់បន្ថយអតិផរណា ដែលច្បាប់នេះអាចប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនៅអឺរ៉ុបក្នុងការនាំចូលទៅអាម៉េរិក។
សហភាពអឺរ៉ុប(EU)បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីច្បាប់កាត់បន្ថយអតិផរណារបស់អាម៉េរិក ដោយនិយាយថា ច្បាប់នេះគឺល្មើសប្បញ្ញត្តិពាណិជ្ជកម្មអន្តរជាតិ។ ច្បាប់កាត់បន្ថយអតិផរណាត្រូវបានផ្តួចផ្តើមដោយប្រធានាធិបតី ចូ បៃឌិន និងអនុម័តដោយសភាក្នុងខែសីហា។
ច្បាប់ខាងលើនេះ បានអនុម័តដោយកញ្ចប់ថវិកា៤៣០ពាន់លានដុល្លារ ដែលរួមមាន ៣៦៩ពាន់លានដុល្លារ ទៅលើគោលនយោបាយអាកាសធាតុ និងថាមពល ហើយប្រមាណ ៦៤ពាន់លានដុល្លារដើម្បីពង្រីកគោលនយោបាយស្តីពីច្បាប់ថែទាំដែលមានតំលៃសមរម្យ (Affordable Care Act) ដើម្បីកាត់បន្ថយការចំណាយលើការធានារ៉ាប់រងសុខភាព។
ទន្ទឹមនេះ ច្បាប់នេះក៏រួមបញ្ចូលទាំងឥណទានពន្ធសម្រាប់រថយន្តអគ្គិសនីដែលផលិតនៅអាម៉េរិកខាងជើង និងគាំទ្រដល់ខ្សែច្រវាក់ផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនីអាម៉េរិក។ អត្រាពន្ធសាជីវកម្មអប្បបរមា ១៥ភាគរយសម្រាប់ក្រុមហ៊ុនដែលមានប្រាក់ចំណូលលើសពី ១ពាន់លានដុល្លារក្នុងមួយឆ្នាំ។
ស្របពេលដែលសាទរចំពោះកិច្ចខិតខំប្រឹងប្រែងពីបម្រែបម្រួលអាកាសធាតុ សហភាពអឺរ៉ុបបានសម្តែងការព្រួយបារម្ភអំពីរបៀបរៀបចំការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុសម្រាប់អាជីវកម្មរថយន្តអគ្គិសនី ។ ការព្រួយបារម្ភត្រូវបានផ្ញើទៅកាន់មន្ត្រីអាម៉េរិកដោយភាគី EU រួមទាំងបទប្បញ្ញត្តិចំនួនប្រាំបួនស្តីពីឥណទានពន្ធដែលសហភាពអឺរ៉ុបចាត់ទុកថាជាបញ្ហា ។
ជារួមសហភាពអឺរ៉ុបមានការព្រួយបារម្ភអំពីរបាំងពាណិជ្ជកម្មថ្មីដែលអាចប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ខ្លួន។ មិនត្រឹមតែសហភាពអឺរ៉ុបទេ ប្រទេសជាច្រើនដូចជាកូរ៉េខាងត្បូង និងជប៉ុនក៏មានការព្រួយបារម្ភស្រដៀងគ្នានេះដែរ។
ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបលោក Valdis Dombrovskis ថ្មីៗនេះបានប្រាប់ CNBC នៅទីក្រុងព្រុចសែលថា ៖ «យើងបានបង្កើតក្រុមពិសេសមួយ ដើម្បីដោះស្រាយបញ្ហាទាំងនេះ។ បច្ចុប្បន្នយើងកំពុងផ្តោតលើការស្វែងរកដំណោះស្រាយនិងការចរចារ ហើយសង្ឃឹមថាភាគីអាម៉េរិកនឹងមានឆន្ទៈក្នុងការដោះស្រាយកង្វល់របស់ EU»។
រដ្ឋមន្ត្រីហិរញ្ញវត្ថុអឺរ៉ុបជាច្រើននាក់ក៏បានសម្តែងការព្រួយបារម្ភអំពីច្បាប់ថ្មីរបស់អាម៉េរិកផងដែរ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ Christian Lindner បានលើកឡើងថា ៖« យើងមានការព្រួយបារម្ភអំពីផលវិបាកនៃច្បាប់កាត់បន្ថយអតិផរណារបស់អាម៉េរិក។ យើងគួរតែមានវិធីសាស្រ្តរួមនៃការបន្តផ្តល់អាទិភាពដល់ដៃគូពាណិជ្ជកម្មរបស់យើង»។
នៅពេលសួរថាតើគួរតែចាប់ផ្តើមធ្វើការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយអាម៉េរិកឬអត់នោះ លោក Lindner បាននិយាយថា ៖«យើងគួរតែបើកចំហចំពោះរឿងនេះ ប្រសិនបើភាគីទាំងពីរយល់ព្រម»។
មកទល់ពេលនេះ ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិកមិនទាន់បានឆ្លើយតបជាផ្លូវការចំពោះបញ្ហានេះនៅឡើយទេ។ កាលពីខែមុន មន្រ្តីរតនាគារអាម៉េរិកលោកស្រី Janet Yellen បាននិយាយថា លោកស្រីបានដឹងអំពីការព្រួយបារម្ភរបស់សហភាពអឺរ៉ុប ប៉ុន្តែបានច្រានចោលការកែតម្រូវចំពោះច្បាប់កាត់បន្ថយអតិផរណាដែលបានអនុម័តរួចហើយ៕