ជាតិ
អាស៊ាន
​​​ន​យោ​បាយ​ជាតិ​
កិច្ចប្រជុំកំពូលអាស៊ានចាប់ផ្ដើម ដោយមិនមានវត្តមានមីយ៉ាន់ម៉ា
11, Nov 2022 , 8:29 am        
រូបភាព
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ចាប់ផ្ដើមហើយនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ដោយមានវត្តមានបណ្ដាមេដឹកនាំប្រទេសសមាជិក លើកលែងតែមីយ៉ាន់ម៉ាប៉ុណ្ណោះ ដែលមិនបញ្ជូនតំណាងមិនមែននយោបាយចូលរួមតាមការអញ្ជើញរបស់កម្ពុជា។

 
មេដឹកនាំអាស៊ានដែលមានវត្តមានក្នុងកិច្ចប្រជុំកំពូលមានសម្ដេចហ៊ុន សែន ដែលជាប្រធានកិច្ចប្រជុំ, ស៊ុលតង់ព្រុយណេ ហាសាណាល់ ប៊ុលគៀ, ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ, នាយករដ្ឋមន្រ្តីឡាវ ផនខាំ វិផាវ៉ាន់, ប្រធានាធិបតីហ្វីលីពីន ហ្វែដីណាន់ ម៉ាកូស ជូនៀ, នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង, នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា និងនាយករដ្ឋមន្ត្រីវៀតណាម ផាម មិញឈិញ។
 
ចំពោះម៉ាឡេស៊ីវិញ នាយករដ្ឋមន្ត្រីប្រទេសនេះ អវត្តមានព្រោះរវល់ក្នុងការបោះឆ្នោតសភា ដោយបញ្ជូនប្រេសិតពិសេសចូលរួមជំនួសវិញ។ ឯមីយ៉ាន់ម៉ា មេដឹកនាំរបបយោធា មីន អ៊ុងឡាំង មិនត្រូវបានអញ្ជើញឡើយ ដោយម្ចាស់ផ្ទះអញ្ជើញតំណាងមិនមែននយោបាយឱ្យបានចូលរួម តែប្រទេសនេះក៏មិនបញ្ជូនមកដែរ។
 
បញ្ហាមីយ៉ាន់ម៉ានេះ ជាប្រធានបទក្ដៅក្នុងជំនួបកំពូលនេះទៀតផង ដោយមេដឹកនាំអាស៊ាននឹងជជែកពីផែនការដែលត្រូវធ្វើដើម្បីបញ្ចប់ជម្លោះក្នុងប្រទេសនេះ។ បញ្ហាសមុទ្រខាងត្បូង នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ និងសង្រ្គាមអ៊ុយក្រែន ក៏ជាប្រធានបទសំខាន់ដែរ។
 
ជាមួយគ្នានេះ ការងើបឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ អតិផរណា និងបញ្ហាសាកលឯទៀត ក៏ត្រូវរំពឹងថា នឹងត្រូវដាក់លើតុចរចាផងដែរ៕
 

Tag:
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com