ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា សង្ឃឹមថា រុស្ស៊ី និងអ៊ុយក្រែន នឹងបញ្ចប់សង្គ្រាមឆាប់ៗ
11, Nov 2022 , 6:59 pm        
រូបភាព
ជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក ឌីមីត្រូ គូលេបា រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន។ រូបពីក្រសួងការបរទេសកម្ពុជា
ជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក ឌីមីត្រូ គូលេបា រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន។ រូបពីក្រសួងការបរទេសកម្ពុជា
ដោយ៖ ទេពញាណ

ក្នុងជំនួបផ្ទាល់មុខជាមួយលោក ឌីមីត្រូ គូលេបា (Dmytro Kuleba) រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានបញ្ជាក់ជាថ្មីពីជំហររបស់កម្ពុជាចំពោះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងសង្ឃឹមថា ដំណោះស្រាយដោយសន្តិភាព នឹងអាចកើតមានឡើង ដើម្បីបញ្ចប់សង្គ្រាមនេះក្នុងពេលឆាប់ៗ និងដើម្បីអ៊ុយក្រែនទទួលបានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។



លោក ឌីមីត្រូ គូលេបា អរគុណកម្ពុជាចំពោះការប្រកាន់យកគោលជំហរប្រកបដោយគោលការណ៍លើសង្គ្រាមនៅអ៊ុយក្រែន ការប្រឹងប្រែងជួយអ៊ុយក្រែនឲ្យបានចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ និងការជួយដល់អ្នកដោះមីនរបស់អ៊ុយក្រែន។ 
 
សូមរម្លឹកថា ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាស៊ាន បានសន្យាថា នឹងសហការជាមួយជប៉ុន ដើម្បីផ្តល់អ្នកដោះមីនពីកម្ពុជា ទៅជួយអ្នកដោះមីននៅអ៊ុយក្រែនក្នុងពេលសមស្រប។ 
 
ជំនួបរវាងលោក ប្រាក់ សុខុន និងលោក ឌីមីត្រូ គូលេបា ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រសួងការបរទេសកម្ពុជា បានសេចក្តីប្រកាសព័ត៌មានអំពីជំនួបនះ។ មុនជួបលោក ប្រាក់ សុខុន លោក ឌីមីត្រូ គូលេបា បានជួបសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាស៊ាន។ 
 
ក្រោយបញ្ចប់ជំនួបជាមួយលោក ប្រាក់ សុខុន លោក ឌីមីត្រូ គូលេបា បានសរសេរលើបណ្តាញធ្វីធ័រថា៖«ខ្ញុំ បានរម្លឹកឡើងវិញពីការអភិវឌ្ឍទំនាក់ទំនងដ៏រឹងមាំរវាងអ៊ុយក្រែន និងកម្ពុជា។ សូមអរគុណ សម្រាប់ការជួយគាំទ្ររបស់កម្ពុជា និងការសាមគ្គីជាមួយអ៊ុយក្រែន»។
 
រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន បានមកដល់កម្ពុជា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ដើម្បីចូលរួមប្រជុំអាស៊ាន។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមការរៀបចំរបស់កម្ពុជា ដែលជាប្រធានអាស៊ាន។
 
លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ (Sergey Lavrov) រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ក៏នឹងមកចូលរួមប្រជុំអាស៊ាននៅកម្ពជា។ ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ជូនដំណឹងថា លោក នឹងមានវត្តមាននៅកម្ពុជា ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា។ រុស្ស៊ី និងអ៊ុយក្រែន មានសង្គ្រាមជាមួយគ្នាចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក។ សហគមន៍អន្តរជាតិ មើលឃើញថា សង្គ្រាមនេះ គឺភាគីរុស្ស៊ីជាអ្នកចាប់ផ្តើម៕ 
 

Tag:
 កម្ពុជា
  សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com