កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ហុកគី៖ វិញ្ញាសាក្នុងសាលនារីនឹងដាក់បញ្ចូលលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣
15, Nov 2022 , 3:09 pm        
រូបភាព
ការប្រកួតកីឡាហុកគីក្នុងសាលនារី នាពេលកន្លងទៅ។ រូបពី RKC
ការប្រកួតកីឡាហុកគីក្នុងសាលនារី នាពេលកន្លងទៅ។ រូបពី RKC
ដោយ:
លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជា នឹងបញ្ចូលកីឡាហុកគី លើប្រភេទវិញ្ញាសាក្នុងសាលនារីជាលើកដំបូងក្នុងការប្រកួតកីឡាជាតិលើកទី៣។​ នេះជាវត្តមានលើកដំបូងបំផុត គិតចាប់តាំងពីសហព័ន្ធកីឡាហុកគីបង្កើតជាង១០ឆ្នាំ។

 
«ក្រោយសហព័ន្ធកីឡាហុកគិបើកដំណើរការជាង១០ឆ្នាំ នេះជាលើកដំបូងសម្រាប់កីឡាហុកគី បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កីឡាជាតិ។ សម្រាប់កីឡាជាតិលើកទី៣នេះ យើងដាក់តែវិញ្ញាសាក្នុងសាលនារីទេ ហើយនេះជាវិញ្ញាសាដំបូងផងដែរ»។ លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗដូច្នេះនៅថ្ងៃទី១៥ ខែវិច្ឆិកា។
 

លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជា ក្នុងពេលចុះពិនិត្យសកម្មភាពហ្វឹកហាត់របស់កីឡាករកីឡាការិនីជម្រើសជាតិកម្ពុជា។ រូបពីសហព័ន្ធកីឡាហុកគីកម្ពុជា
 
ព្រឹត្តិការណ៍កីឡាជាតិលើកទី៣(National Games) ត្រូវបានសហព័ន្ធកីឡាហុកគីកម្ពុជាជ្រើសយកដើម្បីជាផ្លូវ សម្រួចទិសដៅថ្មីត្រៀមប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ សហព័ន្ធបានដាក់ចេញនូវវិញ្ញាសាហុកគីក្នុងសាលនារី(Hocky Indoor Women)ដែលជាវិញ្ញាសាដំបូងដាក់ចូលទៅក្នុងការប្រកួត។
 
សម្រាប់ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ មានក្រុមចំនួន៤ មកពីបណ្តាក្លិបរាជធានី-ខេត្ត ក្នុងនោះរួមមាន ក្រុមមកពីអង្គការ PCE លេងតំណាងរាជធានីភ្នំពេញ ក្លិបសាលាសុខសាន្តអន្តរជាតិ លេងតំណាងខេត្តកំពង់ធំ, ក្រសួងមហាផ្ទៃ លេងតំណាងខេត្តកំពង់ចាម និងក្រុម DECAM លេងតំណាងខេត្តកណ្តាល។
 
លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជា ថាការរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៣ នេះជាបទពិសោធដ៏មុតស្រួចសម្រាប់កីឡាហុកគីក្នុងការប្រជែងមេដាយនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
 
លោក សុធា និយាយថា៖«បាទ!ត្រឹមត្រូវហើយ ការរៀបចំព្រឹត្តិការណ៍កីឡាជាតិ National Games នេះគឺយើងរៀបចំដើម្បីត្រៀមលក្ខណៈចូលប្រកួតស៊ីហ្គេម២០២៣ ព្រោះអីស្តង់ដាររបៀបរបបរបស់កីឡាជាតិលើកទី៣ គឺមានទម្រង់ប្រហាក់ប្រហែលទៅនឹងស៊ីហ្គេមដែរ»៕
 

Tag:
 កីឡាហុកគី
 កីឡាជាតិលើកទី៣
  ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com