កីឡាជាតិ
ជាតិ
CPL៖ គ្រូព្រះខ័នរាជស្វាយរៀងថា មិនអាចធ្វេសប្រហែសជាមួយភ្នំពេញក្រោនឡើយ
16, Nov 2022 , 10:29 am        
រូបភាព
ខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង Marcus Haber(អាវខៀវ) ប្រជែងបាល់ជាមួយខ្សែការពារកណ្តាលភ្នំពេញក្រោន Takaki(ក្រហម)។ រូបពីPKSR
ខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង Marcus Haber(អាវខៀវ) ប្រជែងបាល់ជាមួយខ្សែការពារកណ្តាលភ្នំពេញក្រោន Takaki(ក្រហម)។ រូបពីPKSR
ដោយ:
ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង នឹងត្រូវទទួលភ្ញៀវភ្នំពេញក្រោន ក្រោយជំនួបរវាងម្ចាស់ផ្ទះបឹងកេត ស្វាគមន៍វិសាខា នាជំនួបសប្តាហ៍ទី២៤ វគ្គ៤ក្រុមចុងក្រោយ(Top4) នៃពានរង្វាន់បាល់ទាត់ខេមបូឌានព្រីមៀរលីគ នៅថ្ងៃទី១៦ ខែវិច្ឆិកា ចាប់ពីម៉ោង៣ និង៤៥នាទីរសៀលតទៅ។ លោក Conor Nestor គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង មើលឃើញភាពខ្វះខាតសម្រាប់ក្រុមខ្លួន ហើយក៏មិនអាចធ្វេសប្រហែសចំពោះភ្ញៀវភ្នំពេញក្រោដែលកំពុងឡើងជើង។

 
លោក Conor Nestor គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងបានបញ្ជាក់ពីជំហរនៃការត្រៀមខ្លួនសម្រាប់ក្រុមក្នុងជំនួបទល់នឹងភ្នំពេញក្រោន ដោយក្រុមត្រូវផ្តោតសំខាន់ទៅលើខ្សែប្រយុទ្ធ Macus Haber ដើម្បីក្រុមទទួលបានជោគជ័យ ហើយក្រុមទាំងមូលក៏មិនត្រូវធ្វេសប្រហែសចំពោះភ្ញៀវភ្នំពេញក្រោនបានឡើយព្រោះពីរប្រកួតចុងក្រោយរបស់ពួកគេធ្វើបានល្អ។
 

លោក Conor Nestor ឈរបញ្ជារកូនក្រុមក្នុងជំនួបទល់នឹងវិសាខា នាពេលកន្លងទៅ។ រូបពីPKSR
 
ព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារកីឡដ្ឋានខេត្តស្វាយរៀងទទួលភ្ញៀវភ្នំពេញក្រោននៅម៉ោង៦ និង៣០នាទីល្ងាច។ ព្រះខ័នរាជស្វាយរៀង ហាក់ធ្វើមិនបានល្អសម្រាប់ពីរប្រកួតក្រៅដីចុងក្រោយរបស់ខ្លួនដោយចាញ់ម្ចាស់ផ្ទះបឹងកេត ២-១ និងចាញ់វិសាខា ១-០។ ចំណែកភ្នំពេញក្រោន ពីរប្រកួតរបស់គេឈ្នះភ្ញៀវវិសាខា ៤-៣ និងស្មើបឹងកេត ១-១។ សម្រាប់ក្រុមទាំងពីរធ្លាប់បានជួបគ្នា៩លើក ក្នុងនោះព្រះខ័នរាជ ឈ្នះ៥ ស្មើ២ និងចាញ់២។
 
ក្រុមបាល់ទាត់បឹងកេត ក៏នឹងត្រូវបើកទ្វារកីឡដ្ឋានខេមបូឌាអ៊ែវ៉េររបស់ខ្លួនស្វាគមន៍ភ្ញៀវវិសាខា ផងដែរនៅម៉ោង៣ និង៤៥នាទីរសៀល។ បឹងកេត ពីរប្រកួតរបស់គេចុងក្រោយឈ្នះព្រះខ័នរាជស្វាយរៀង ២-១ និងស្មភ្នំពេញក្រោន ១-១ រីឯវិសាខា ចាញ់ភ្នំពេញក្រោន ៤-៣ និងឈ្នះព្រះខ័នរាជស្វាយរៀង ១-០។ សម្រាប់ក្រុមទាំងពីរជួបគ្នា៨លើក បឹងកេត ឈ្នះ៦ ចាញ់១ និងស្មើ១។ 
 
គួរបញ្ជាក់ថា គិតត្រឹមសប្តាហ៍ទី២៣ ក្រុមលេខ១,២ និង៣ ខុសគ្នាតែ៣ពិន្ទុប៉ុណ្ណោះ ក្នុងនោះព្រះខ័នរាជស្វាយរៀង ឈរលេខ១ មាន៤៦ពិន្ទុ បន្តនាំមុខវិសាខា ឈរលេខ២ មាន៤៣ពិន្ទុ ចំណែកភ្នំពេញក្រោន ឈរលេខ៣ មាន៤០ពិន្ទុ និងបឹងកេត ឈរលេខ៤ មាន៣៩ពិន្ទុ៕
 
 

Tag:
 កីឡាបាល់ទាត់
 ខេមបូឌានព្រីមៀរលីគ
© រក្សាសិទ្ធិដោយ thmeythmey.com