អន្តរជាតិ
ប្រមុខការពារជាតិឥណ្ឌូណេស៊ី​៖ គម្រោងទិញយន្តហោះ F-15 ពីអាម៉េរិក​ឈានដល់ដំណាក់ចុងក្រោយ
21, Nov 2022 , 11:29 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី Prabowo Subianto ស្វាគមន៍សមភាគីអាម៉េរិក Lloyd Austin ។ រូបថត AFP
រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី Prabowo Subianto ស្វាគមន៍សមភាគីអាម៉េរិក Lloyd Austin ។ រូបថត AFP
រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ីនៅថ្ងៃទី២១ ខែវិច្ឆិកា លើកឡើងថា គម្រោងទិញយន្តហោះចម្បាំង F-15 ពីអាម៉េរិកស្ថិតក្នុងដំណាក់កាលចុងបញ្ចប់ ហើយកំពុងរង់ចាំការចុះហត្ថលេខាសម្រេចចុងក្រោយពីរដ្ឋាភិបាលឥណ្ឌូណេស៊ី។



កាល​ពី​ខែ​កុម្ភៈ ក្រសួង​ការ​បរទេស​អាម៉េរិក​បាន​អនុម័ត​លក់​យន្តហោះ F-15 និង​ឧបករណ៍​យោធាមួយចំនួន​ទៅ​ឱ្យឥណ្ឌូណេស៊ី​ក្នុង​កិច្ច​ព្រម​ព្រៀង​ដែល​មាន​តម្លៃ​រហូត​ដល់១៣,៩ ពាន់​លាន​ដុល្លារ។ 
 
ដំណើរការទិញយន្តហោះរបស់ឥណ្ឌូណេស៊ីបានឈានដល់ដំណាក់កាលចុងក្រោយដែលរង់ចាំតែការចុះហត្ថលេខាពីរដ្ឋាភិបាលហ្សាការតាប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក Prabowo Subianto បន្ទាប់ពីជួបសមភាគីអាម៉េរិកលោក Lloyd Austin នៅទីក្រុងហ្សាការតាថ្ងៃទី២១ ខែវិច្ឆិកា។​
 
«​ការ​សម្រេច​ចិត្ត​ពេល​នេះ ស្ថិតនៅលើ​​​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ខណៈការ​ចរចា​បាន​ឈាន​ទៅ​មុខ​យ៉ាង​ល្អ»។ លោក Prabowo លើកឡើងបែបនេះក្នុងសន្និសីទសារព័ត៌មានក្រោយជំនួប។ 
យន្តហោះ F-15 ​ជា​យន្តហោះ​ចម្បាំងផលិតដោយអាម៉េរិកមាន​ម៉ាស៊ីន​ភ្លោះ​ និងអាចប្រើបានទាំងពេល​យប់ ឬ​ពេលមានអាកាសធាតុមិនល្អ។ វាស្ថិតក្នុងចំណោមយន្តហោះចម្បាំងទំនើបដែលទទួលបានជោគជ័យច្រើនបំផុតក្នុងសមរភូមិ។
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters ឥណ្ឌូណេស៊ីក៏កំពុងស្វែងរកការជួសជុលយន្តហោះចាស់ៗរបស់ខ្លួន រួមមានយន្តហោះ F-16 ដែលផលិតដោយអាម៉េរិក និងយន្តហោះចម្បាំងរុស្ស៊ី Sukhoi Su-27 និង Su-30។ 
 
រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក Austin លើកឡើងថាអាម៉េរិកពិតជាគាំទ្រដល់ការប្រឹងប្រែងរបស់រដ្ឋមន្ត្រីឥណ្ឌូណេស៊ីដែលបន្តធ្វើទំនើបកម្មប្រព័ន្ធការពារ និងសមត្ថភាពយោធាក្នុងប្រទេស ហើយអាម៉េរិកនឹងបន្តជួយគ្រប់មធ្យោបាយដែលអាចធ្វើបាន។ 
 
កាលពីដើមឆ្នាំ២០២២ ឥណ្ឌូណេស៊ី និងអាម៉េរិកបានចូលរួមធ្វើសមយុទ្ធ Super Garuda Shield រួមគ្នាក្នុងគោលបំណងបង្កើន និងពង្រឹងសមត្ថភាពប្រយុទ្ធក្នុងព្រៃរបស់កងទ័ពប្រទេសទាំងពីរ។ ជំនួបរវាងរដ្ឋមន្ត្រីការពារជាតិអាម៉េរិក និងឥណ្ឌូណេស៊ី ធ្វើឡើងខណៈអាម៉េរិកចង់ពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ី។ 
 
ទោះយ៉ាងណា លោក Prabowo អះអាងថាឥណ្ឌូណេស៊ីប្តេជ្ញាចិត្តចំពោះគោលនយោបាយមិនចូលបក្សសម្ពន្ធ ហើយចង់រក្សាទំនាក់ទំនងល្អជាមួយទាំងចិន និងអាម៉េរិក ស្របពេលភាពតានតឹងនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកកើនឡើង៕
 

Tag:
 ឥណ្ឌូណេស៊ី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com