អន្តរជាតិ
អ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅឥណ្ឌូណេស៊ី កើនលើស១៦០នាក់
22, Nov 2022 , 10:10 am        
រូបភាព
ផ្ទះសម្បែង បាក់រលំក្នុងគ្រោះរញ្ជួយដីនៅឥណ្ឌូណេស៊ី។ រូបថត Xinhua
ផ្ទះសម្បែង បាក់រលំក្នុងគ្រោះរញ្ជួយដីនៅឥណ្ឌូណេស៊ី។ រូបថត Xinhua
អ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅកោះជ្វា ឥណ្ឌូណេស៊ី កើនដល់ជាង១៦០នាក់ហើយ ខណៈដែលក្រុមជួយសង្រ្គោះកំពុងរុករកអ្នកដែលបាត់ខ្លួននៅក្រោមគំនរផ្ទះសម្បែងដែលដួលរលំ។

 
ចំណុចកណ្ដាលនៃរញ្ជួយដី៥,៦រ៉ិចទ័រ ស្ថិតនៅក្បែរទីក្រុង Cianjur លើខេត្តជ្វាខាងលិច ចម្ងាយប្រមាណ៧៥គីឡូម៉ែត្រពីរដ្ឋធានីហ្សាការតា។ តំបន់ដែលរងគ្រោះនេះមានប្រជាជនប្រមាណ២,៥លាននាក់។
 
ចៅហ្វាយខេត្តជ្វាខាងលិច Ridwan Kamil បញ្ជាក់ថា អ្នកស្លាប់កើនដល់១៦២នាក់ ហើយ៣២៦នាក់រងរបួស។ ប៉ុន្តែទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី រក្សាចំនួនអ្នកស្លាប់នៅត្រឹម៦២នាក់ និងបាត់ខ្លួន២៥នាក់។ អ្នកនាំពាក្យទីភ្នាក់ងារនេះ និយាយថា ប្រតិបត្តិការជួយសង្រ្គោះកំពុងធ្វើឡើងញាប់ដៃជើង។
 
ដោយសារអាគារបាក់រលំច្រើន លោក Ridwan Kamil អះអាងថា ចំនួនជនរងគ្រោះនឹងបន្តកើនឡើងថែមទៀត។ បើតាមទីភ្នាក់ងារខាងលើ ផ្ទះសម្បែងច្រើនជាង២,២០០ខ្នង រងការបំផ្លាញ ហើយមនុស្សជាង៥,៣០០នាក់ ត្រូវជម្លៀសខ្លួន។ លោកអភិបាលខេត្តជា្វខាងលិច ជឿថា ចំនួនមនុស្សជម្លៀសខ្លួន មានច្រើនជាងនេះ។
 
រញ្ជួយដីញឹកញាប់ តែងកើតមាននៅឥណ្ឌូណេស៊ី ដែលមានទីតាំងតាមបណ្ដោយវង់ភ្នំភ្លើងប៉ាស៊ីហ្វិក ដែលជាតំបន់សម្បូរដោយភ្នំភ្លើងសកម្ម និងការរញ្ជួយដី៕
 
 
 
 
 
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com