អន្តរជាតិ
កិច្ចព្រមព្រៀង COP27 រងការរិះគន់ថា មិនគ្រប់គ្រាន់សម្រាប់ជួយស្រោចស្រង់ផែនដី
22, Nov 2022 , 11:59 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុអង្គការ​សហប្រជាជាតិ​លើកទី២៧ (COP27) បានបញ្ចប់ទៅដោយប្រទេសជាង ២០០ លើពិភពលោកបានព្រមព្រៀងគ្នា ក្នុងការបង្កើតមូលនិធិមួយសម្រាប់សងការការខូចខាត ដោយសារគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុក្នុងប្រទេសងាយ​រង​គ្រោះ។ ប៉ុន្តែកិច្ចព្រមព្រៀង COP27 នេះបានបញ្ចប់ទៅដោយមិនបានដោះស្រាយពីមូលហេតុចម្បងនៃគ្រោះមហន្តរាយ ជាពិសេសរឿងឥន្ធនៈហ្វូស៊ីល ដែលទាក់ទាញបានរិះគន់យ៉ាងច្រើន។

 
នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា គណៈប្រតិភូនៃប្រទេសជាង ២០០ លើពិភពលោកបានអនុម័តមូលនិធិសំណងមួយដែលមានគោលបំណងសងការការខូចខាតដោយសារគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុដល់ប្រទេសក្រីក្រ និងងាយ​រង​គ្រោះ។ យ៉ាងណាមិញ កិច្ចប្រជុំនេះមិនបានដោះស្រាយពីបញ្ហាសំខាន់ដូចជាការរក្សាសីតុណ្ហភាពផែនដីតាមការកំណត់ ការកាត់បន្ថយការបំភាយឧស្ម័ន និងការកំណត់គោលដៅឈប់ប្រើប្រាស់ឥន្ធនៈហ្វូស៊ីលឡើយ។ 
 
ក្នុងកិច្ចប្រជុំដែលប្រព្រឹត្តទៅក្នុងរយៈពេលប៉ុន្មានម៉ោងនៅក្នុងទីក្រុង Sharm El-Sheikh អេហ្ស៊ីប សហភាពអឺរ៉ុប(EU) និងប្រទេសផ្សេងទៀត បានប្រឆាំងនឹងអ្វីដែលពួកគេចាត់ទុកថាជាការដើរថយក្រោយនៅក្នុងកិច្ចព្រមព្រៀងដែលនៅក្រោមឥទ្ធិពលនៃ ប្រធានាធិបតីអេហ្ស៊ីប និងបានគំរាមបញ្ឈប់កិច្ចចរចានេះ។ យ៉ាងណាមិញ កិច្ចព្រមព្រៀងខាងលើ ត្រូវបានកែសម្រួលម្តងទៀត​ ដោយបានដកចេញភាគច្រើននៃអ្វីដែលសហភាពអឺរ៉ុបបានជំទាស់។
 
«អ្វីដែលយើងមាននៅចំពោះមុខយើងគឺមិនគ្រប់គ្រាន់សម្រាប់ជំហានឆ្ពោះរបស់មនុស្ស និងភពផែនដីនោះទេ។ វាមិននាំមកនូវកិច្ចខិតខំប្រឹងប្រែងបន្ថែមគ្រប់គ្រាន់ដើម្បីបង្កើន និងពន្លឿនការកាត់បន្ថយការបំភាយឧស្ម័នឡើយ»។ លោក Frans Timmermans អនុប្រធានប្រតិបត្តិនៃ EU បានលើកឡើងបែបនេះ។ លើសពីនេះ លោក Timmermans ក៏បានបន្ថែមថា ប្រទេសទាំងអស់គួរតែអាចធ្វើសកម្មភាពបានច្រើនជាងនេះ។ 
 
ក្រៅតែពីលោក Timmermans រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock ក៏សម្តែងការខកចិត្តផងដែរ។ លោកស្រីបានលើកឡើងថា វាជាការខកចិត្តដែលឃើញពិភពលោកមិនអាចដើរតាមជំហានតាមការកំណត់លើការកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។ 
 
ទន្ទឹមនេះ បារាំង​បានបង្ហាញការសោកស្ដាយ​ចំពោះកង្វះ​មហិច្ឆតាក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុក្នុង​កិច្ចព្រមព្រៀង​នេះ។ ក្នុងសេចក្តីថ្លែងការណ៍មួយរដ្ឋមន្ត្រីថាមពលបារាំងលោកស្រី Agnes Pannier-Runacher បាននិយាយថា កិច្ចព្រមព្រៀងនេះបានបញ្ចប់ទៅដោយគ្មានការរីកចំរើន និងគ្មានការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការឈប់ប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។ យ៉ាងណាមិញ លោកស្រីក៏បានបង្ហាញការស្វាគមន៍ចំពោះមូលនិធិសងការការខូចខាតដោយសារគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុដល់ប្រទេសក្រីក្រ និងងាយ​រង​គ្រោះ។
 
ចំណែក អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ក៏បានលើកឡើងថា ភពផែនដីនៅតែស្ថិតក្នុងគ្រោះថ្នាក់នៅឡើយ ដោយត្រូការការត្រូវ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​យ៉ាង​ខ្លាំង​ ហើយ​នេះ​ជា​បញ្ហា​ដែល COP27 នៅ​មិន​ទាន់​ដោះស្រាយបាន៕ 
 

Tag:
 COP27
  បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com