អន្តរជាតិ
ទីប្រឹក្សាសេដ្ឋកិច្ចជនជាតិអូស្ត្រាលីរបស់លោកស្រី ស៊ូជី រៀបរាប់ពីជីវិតក្នុងពន្ធនាគារ
22, Nov 2022 , 10:29 pm        
រូបភាព
លោក Sean Turnell ពេលទៅដល់អូស្ត្រាលី។ រូបថត AFP
លោក Sean Turnell ពេលទៅដល់អូស្ត្រាលី។ រូបថត AFP
សេដ្ឋវិទូជនជាតិអូស្ត្រាលីជាទីប្រឹក្សារបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានដោះលែងពីពន្ធនាគារមីយ៉ាន់ម៉ាកាលពីសប្តាហ៍មុន បានផ្តល់ព័ត៌មានលម្អិតជាសាធារណៈលើកដំបូងពីការឃុំខ្លួn. បើតាមលោក Sean Turnell លោកត្រូវបានគេឃុំឃាំងដោយដាក់ខ្នោះជើង​ និងបានលឺសំឡេងស្រែកពីអ្នកជាប់ឃុំនៅបន្ទប់ធ្វើទារុណកម្ម។



លោក Sean Turnell ដែលជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ចជនជាតិអូស្ត្រាលីរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីសប្តាហ៍មុន បានធ្វើដំណើរត្រលប់ទៅទីក្រុងស៊ីដនីវិញ បន្ទាប់ពីត្រូវរបបយោធាមីយ៉ាន់ម៉ាដោះលែង រួមជាមួយការលើកលែងទោសអ្នកទោសជិត៦ពាន់នាក់ផ្សេងទៀត។ ក្រោយបានត្រលប់ទៅផ្ទះវិញ លោក Turnell នៅថ្ងៃទី២២ ខែវិច្ឆិកា បានផ្តល់ព័ត៌មានលម្អិតជាសាធារណៈ​លើកដំបូងនៃការជាប់ឃុំក្នុងបទសម្ភាសមួយជាមួយកាសែត The Australian ។
 
អតីតទីប្រឹក្សារបស់មេដឹកនាំស៊ីវិលមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានយោធាចាប់ខ្លួនក្នុងខែកុម្ភៈ ឆ្នាំ ២០២១បន្ទាប់ពីកងកម្លាំងយោធាបានឡើងកាន់កាប់ប្រទេស។ លោកត្រូវបានគេចោទប្រកាន់ថាស៊ើបការណ៍សម្ងាត់ឱ្យអង់គ្លេស និងរត់ពន្ធអាវុធខុសច្បាប់ ហើយលោកក៏ត្រូវបានយោធាសាកសួរពីការងាររបស់លោកជាមួយលោកស្រី ស៊ូជី ផងដែរ។ 
លោក Turnell បានប្រាប់កាសែត The Australian ថា ដំបូងឡើយលោកត្រូវបានគេឃុំឃាំងនៅពន្ធនាគារ Insein ក្នុងទីក្រុង Yangon ក្នុងបន្ទប់បេតុងទំហំ៦ម៉ែត្រ គុណនឹង២,៥ម៉ែត្រ ដែលក្នុងនោះមានកៅអីដែក និងខ្នោះជើងដែលតភ្ជាប់ទៅនឹងឥដ្ឋ។ នៅពេលនោះដែរ លោក Turnell ត្រូវបានគេសួរចម្លើយរយៈពេលជាងពីរខែ ខណៈពេលខ្លះលោកត្រូវបានគេយកចេញពីគ្រែឱ្យអង្គុយលើកៅអីដែកនោះ។ 
 
ក្នុងអំឡុងពេលកិច្ចសម្ភាស លោក Turnell ​នអះអាងថា លោកបានឆ្លងជំងឺកូវីដ-១៩ ៥ដងហើយត្រូវបានគេខ្លួនតែម្នាក់ឯងអស់រយៈពេលជាច្រើនខែ។ ក្នុងពេលឃុំខ្លួននេះដែរ លោកបានស្តាប់លឺសម្រែកនៃការធ្វើទារុណកម្មលើអ្នកទោសផ្សេងដែលនៅបន្ទប់ជិតលោក​។ យ៉ាងណាមិញ យោធាមីយ៉ាន់ម៉ាមិនបានធ្វើទារុណកម្មលើលោកឡើយ។ អំឡុងពេលឃុំខ្លួនជាង៦៥០ថ្ងៃ លោក Turnell បានប្រាប់កាសែតដដែលថា លោកបានបរិភោគអាហារដែលដាក់ក្នុងធុងថ្នាំលាបផ្ទះ និងជាប់ឃុំក្នុងគុកដ៏កខ្វក់។
 
គួររំលឹកថា សេដ្ឋវិទូរូបនេះត្រូវបានកាត់ទោសកាលពីខែកញ្ញាដោយតុលាការមីយ៉ាន់ម៉ា ឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំពីបទបំពានច្បាប់សម្ងាត់ផ្លូវការរបស់មីយ៉ាន់ម៉ា ដែលជាការចោទប្រកាន់មួយដែលលោកតែងបានបដិសេធ។ លោកត្រូវបានដោះលែងនៅក្នុងការលើកលែងទោសកាលពីសប្តាហ៍មុនរួមជាមួយនឹងអតីតឯកអគ្គរដ្ឋទូតអង់គ្លេសលោកស្រី Vicky Bowman និងអ្នកកាសែតជប៉ុនលោក Toru Kubota ផងដែរ៕ 
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com