អន្តរជាតិ
លោក អ៊ែដូហ្កាន់៖ តួកគីនឹងវាយប្រហារក្រុមសកម្មប្រយុទ្ធឃើដនៅស៊ីរី ដោយប្រើរថក្រោះ
23, Nov 2022 , 11:34 am        
រូបភាព
ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់។ រូបថត AFP
ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់។ រូបថត AFP
ប្រធានាធិបតីតួកគី លោក តៃយីប អ៊ែរដូហ្កាន់ នៅថ្ងៃទី២២ ខែវិច្ឆិកា ប្រកាសថា តួកគីនឹងវាយប្រហារក្រុមសកម្មប្រយុទ្ធឃើដនៅស៊ីរីដោយប្រើរថក្រោះ រួមទាំងកងទាហានរបស់ខ្លួនក្នុងពេលឆាប់ៗនេះ។ ការប្រកាសនេះធ្វើឡើងដើម្បីឆ្លើយតបនឹងហេតុការណ៍បំផ្ទុះនៅអ៊ីស្តង់ប៊ុលដែលតួកគីចង្អុលកំហុសដាក់ពួកឃើដនៅស៊ីរី។



ជាការរាលដាលជម្លោះកាន់ខ្លាំង ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ អះអាងថា តួកគីនឹងបន្តវាយប្រហារក្រុមឃើដស៊ីរីដោយប្រើរថក្រោះនិងទាហាន ដើម្បីបង្ក្រាបក្រុមភេវករនេះ ចំពោះការបំផ្ទុះនៅអ៊ីស្តង់ប៊ុលកាលពីដើមខែវិច្ឆិកា។ ហេតុការណ៍នេះ បានធ្វើឱ្យតួកគីបើកការតបតវិញដោយប្រើកាំភ្លើងធំ និងការវាយប្រហារតាមអាកាសជាច្រើនលើកនៅភាគខាងជើងស៊ីរី ក្នុងយុទ្ធនាការប្រឆាំងកម្ចាត់ពួកសកម្មប្រយុទ្ធឃើដ។
 
«យើងកំពុងធ្វើឱ្យពួកភេរវករចុះចាញ់ក្នុងរយៈពេលពីរបីថ្ងៃ ជាមួយការប្រើយន្តហោះ កាំភ្លើងធំ និងកាំភ្លើងដៃរបស់យើង។ ព្រះសង្ឃឹមថា យើងនឹងកម្ចាត់អ្នកទាំងអស់នោះឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដោយប្រើរថក្រោះ និងទាហានរបស់យើង»។ លោក អ៊ែរដូហ្កាន់ បានលើកឡើងបែបនេះក្នុងសុន្ទរកថាមួយនៅតំបន់ភាគឦសានតួកគី។ 
ស្របពេលនេះ តួកគីកំពុងបន្តបាញ់កាំភ្លើងធំលើមូលដ្ឋានឃើដ និងគោលដៅផ្សេងទៀតនៅជិតទីក្រុង Tal Rifaat និង Kobani របស់ស៊ីរីផងដែរ។ នេះបើតាមប្រភពយោធាស៊ីរីពីររូបប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters។
 
លើសពីនេះ រដ្ឋមន្ត្រីការពារជាតិតួកគី លោក Hulusi Akar ប្រាប់គណៈកម្មការសភានៅក្នុងសុន្ទរកថាមួយថា តួកគីប្តេជ្ញាបន្តប្រតិបត្តិការប្រឆាំងនឹងពួកសកម្មប្រយុទ្ធឃើដនៅស៊ីរី ហើយបានអំពាវនាវជាថ្មីឱ្យសម្ពន្ធមិត្តណាតូ និងទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ការគាំទ្រក្រុមនោះ ដែលទីក្រុងអង់ការ៉ាចាត់ទុកជាអង្គការយោធារបស់គណបក្សពលករឃើដ (PKK) ។ តួកគីបញ្ចូលបក្សពលករឃើដក្នុងបញ្ជីក្រុមភេវរករ។
 
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ តួកគីបានបើកប្រតិបត្តិការយោធាសំខាន់ៗជាច្រើនលើក ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធឃើដនៅស៊ីរី និងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅភាគខាងជើងស៊ីរី។ បើតាមការអះអាងរបស់កងកម្លាំងដឹកនាំដោយពួកឃឺដនៅស៊ីរី ការវាយប្រហាររបស់តួកគីក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានសម្លាប់មនុស្សប្រហែល១៥នាក់ និងមានអ្នករបួសជាច្រើន។ 
 
ចំណែកភាគីតួកគីបានបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធឃើដបានសម្លាប់មនុស្សពីរនាក់ដែរ និងមានមនុស្ស៦នាក់រងរបួស ក្នុងការវាយប្រហារដោយកាំភ្លើងត្បាល់ពីភាគខាងជើងស៊ីរីមកលើតំបន់ព្រំដែនក្នុងក្រុង Gaziantep របស់តួកគី ដែលជាប្រតិបត្តិការឆ្លើយតបការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន៕ 
 

Tag:
 តួកគី
  ស៊ីរី
© រក្សាសិទ្ធិដោយ thmeythmey.com