អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អតីតនាយករដ្ឋមន្រ្តីអូស្រ្តាលី ម៉ូរីសុន ប្រឈមការរិះគន់នៅសភា ជុំវិញការកាន់តំណែងរដ្ឋមន្រ្តី ដោយសម្ងាត់
29, Nov 2022 , 8:59 am        
រូបភាព
អតីតនាយករដ្ឋមន្រ្តីអូស្រ្តាលី ស្កុត ម៉ូរីសុន។ រូបថត AFP
អតីតនាយករដ្ឋមន្រ្តីអូស្រ្តាលី ស្កុត ម៉ូរីសុន។ រូបថត AFP
ដោយ:
រដ្ឋាភិបាលអូស្រ្តាលី នៅថ្ងៃទី២៨ ខែវិច្ឆិកាប្រកាសថា នឹងស្នើឱ្យរដ្ឋសភាបោះឆ្នោតរិះគន់អតីតនាយករដ្ឋមន្រ្តីដែលមកពីបក្សសេរីនិយម ស្កុត ម៉ូរីសុន នៅសប្តាហ៍នេះ ជុំវិញការកាន់តំណែងរដ្ឋមន្រ្តីជាច្រើនពេលដឹកនាំប្រទេស។ តុលាការជាន់ខ្ពស់អូស្រ្តាលីចេញរបាយការណ៍សប្តាហ៍មុនរកឃើញថា ការកាន់តំណែងជាច្រើនដោយសម្ងាត់បែបនេះ ប៉ះពាល់ដល់ការជឿទុកចិត្តក្នុងជួររដ្ឋាភិបាល។

 
អតីតនាយករដ្ឋមន្រ្តីអូស្រ្តាលី ស្កុត ម៉ូរីសុន ដែលចាញ់ការបោះឆ្នោតកាលពីខែឧសភាកន្លងមក ត្រូវបាននាយករដ្ឋមន្រ្តីបច្ចុប្បន្ន អាន់ថូនី អាល់បានីស រាយការណ៍ថា កាន់មុខតំណែងរដ្ឋមន្រ្តីជាសម្ងាត់ដល់ទៅប្រាំ អំឡុងជំងឺរាតត្បាតកូវីដ-១៩នៅចន្លោះឆ្នាំ២០២០ និង២០២១ ក្នុងនោះរួមមានរដ្ឋមន្រ្តីសុខាភិបាល ហិរញ្ញវត្ថុ រតនាគារ ធនធាន និងមហាផ្ទៃ។ 
 
ទាក់ទងរឿងនេះ លោក អាល់បានីស នៅថ្ងៃទី២៨ ខែវិច្ឆិកាប្រកាសថា នឹងស្នើឱ្យមានការបោះឆ្នោតប្រឆាំងនឹងលោក ម៉ូរីសុន នៅរដ្ឋសភាសប្តាហ៍នេះ ខណៈបក្សកម្មកររបស់លោក អាល់បានីស មានសំឡេងភាគច្រើននៅសភា ។ សំណើនេះអាចនឹងត្រូវបានអនុម័ត។ 
 
«ជាលទ្ធផលនៃការរកឃើញរបស់លោកស្រី Virginia Bell សប្តាហ៍នេះ រដ្ឋសភានឹងឈានទៅដល់ការបោះឆ្នោតប្រឆាំងនឹងសមាជិករដ្ឋសភាតំណាងខណ្ឌ Cook »។ នាយករដ្ឋមន្រ្តីអូស្រ្តាលី ថ្លែងបែបនេះអំឡុងសន្និសីទកាសែត ហើយបញ្ជាក់ថា នេះមិនមែនមកពីទំនាក់ទំនងផ្ទាល់ខ្លួននោះទេ តែជាការទទួលខុសត្រូវនៃប្រព័ន្ធប្រជាធិបតេយ្យ ក៏ដូចជាដំណើការរបស់សភារបស់អូស្រ្តាលី។
 
នៅសប្តាហ៍មុន ក្រោមការស៊ើបអង្កេតរបស់អតីតចៅក្រមតុលាការខ្ពស់បំផុតរបស់អូស្រ្តាលី លោកស្រី Virginia Bell ចេញរបាយការណ៍ដែលរកឃើញថា សកម្មភាពរបស់លោក ម៉ូរីសុន ធ្វើឱ្យបាត់បង់ការជឿទុកចិត្តលើរដ្ឋាភិបាល។ ក្នុងរបាយការណ៍នោះ លោកស្រីក៏បានចេញអនុសាសន៍ប្រាំមួយចំណុចដើម្បីកែទម្រង់កុំឱ្យមានការកាន់តំណែងជាសម្ងាត់នេះកើតឡើងម្តងទៀត។
 
លើសពីនេះ លោក​ អាល់បានីស លើកឡើងថាសមាជិកសភាបានយល់ព្រមលើការអនុវត្តអនុសាសន៍ទាំងប្រាំចំណុចនោះ ហើយសប្តាហ៍នេះរដ្ឋាភិបាលលោកនឹងបង្ហាញសេចក្តីព្រាងច្បាប់ដែលតម្រូវឱ្យផ្តល់ការជូនដំណឹងដល់សាធារណជនពីការតែងតាំងរដ្ឋមន្រ្តីណាមួយ។ 
 
ខុសពីការបោះឆ្នោតដកទំនុកចិត្ត ការបោះឆ្នោតប្រឆាំងនេះអនុញ្ញតឱ្យសមាជិកសភាបង្ហាញពីការមិនពេញចិត្តនឹងសមាជិកណាមួយ ប៉ុន្តែបុគ្គលនោះមិនជាប់ចំណងច្បាប់ត្រូវលាលែងពីតំណែងទេ៕ 
 

Tag:
 អូស្រ្តាលី
© រក្សាសិទ្ធិដោយ thmeythmey.com