អន្តរជាតិ
នាយករដ្ឋមន្រ្តីអង់គ្លេសថា យុគសម័យមាសរវាងអង់គ្លេសនិងចិនចប់ហើយ
29, Nov 2022 , 2:24 pm        
រូបភាព
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak នៅថ្ងៃទី២៨ ខែវិច្ឆិកា អះអាងថា យុគសម័យមាសនៃទំនាក់ទំនងអង់គ្លេសនិងចិនត្រូវបញ្ចប់ហើយ ព្រោះបញ្ហាប្រឈមជាប្រព័ន្ធរបស់ទីក្រុងប៉េកាំងកំពុងកើនឡើងខ្លាំង ដែលជះឥទ្ធិពលដល់ផលប្រយោជន៍ និងតម្លៃរបស់អង់គ្លេស។



នៅក្នុងសុន្ទរកថាលើកដំបូងស្ដីពីគោលនយោបាយការបរទេស លោក Rishi Sunak បានលើកឡើងពីទំនាក់ទំនងអង់គ្លេសនិងចិន ដែលមិនសូវល្អប្រសើរ និងភាពចាំបាច់ក្នុងការអភិវឌ្ឍវិធីសាស្រ្តរបស់អង់គ្លេសដើម្បីប្រាស្រ័យទាក់ទងចិន។ 
 
នាយករដ្ឋមន្ត្រីថ្មីអង់គ្លេសដែលទើបចូលកាន់តំណែងកាលពីចុងខែតុលា ថែមទាំងអះអាងថា យុគសម័យមាសនៃទំនាក់ទំនងអង់គ្លេសនិងចិនត្រូវបញ្ចប់ហើយ ស្របពេលទីក្រុងប៉េកាំងប្រឹងប្រែងប្រកួតប្រជែងដើម្បីបង្កើនឥទ្ធិពលខ្លួនក្នុងពិភពលោក ហើយបង្កបញ្ហារំខានផលប្រយោជន៍ទីក្រុងឡុងដ៍។ 
 
«សូមបញ្ជាក់ឱ្យច្បាស់ថាអ្វីដែលហៅថា យុគសម័យមាស គឺត្រូវបានបញ្ចប់ទៅរួមជាមួយនឹងគំនិតឆោតល្ងង់ដែលយល់ថាពាណិជ្ជកម្មនឹងនាំឱ្យមានកំណែទម្រង់សង្គម និងនយោបាយផងដែរ»។ លោក Sunak ថ្លែងបែបនេះក្នុងសុន្ទរកថាដដែល ដែលទំនងជាសំដៅទំនាក់ទំនងពាណិជ្ជកម្មអង់គ្លេស និងចិន នឹងលែងមានភាពរឹងមាំដូចមុនទៀតហើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
 
យុគមាសនេះ លេចជារូបរាងនៅឆ្នាំ២០១៥ ពេលលោកប្រធានាធិបតី ស៊ី ជិនភីង ធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅអង់គ្លេស។ យ៉ាងណាមិញ ទំនាក់ទំនងនេះ ប្រែទៅជាស្រអាប់វិញលើបញ្ហាជាច្រើនចាប់ពីរឿងសិទ្ធិមនុស្សហុងកុង និងស៊ីនជាំង និងការរឹតត្បិតរបស់អង់គ្លេសលើក្រុមហ៊ុនបច្ចេកវិទ្យាចិនជាដើម។
 
ក្នុងសុន្ទរកថាដដែល លោក Sunak បន្តថា ចិនបានបង្កបញ្ហាជាប្រព័ន្ធជះឥទ្ធិពលលើគុណតម្លៃ និងផលប្រយោជន៍អង់គ្លេសយ៉ាងខ្លាំង ហើយឆ្ពោះទៅរកលទ្ធិផ្តាច់ការ។ លើសពីនេះ លោក Sunak លើកឡើងថា ទីក្រុងឡុងដ៍យល់ច្បាស់ និងមិនអាចព្រងើយកន្តើយចំពោះសារសំខាន់របស់ទីក្រុងប៉េកាំងក្នុងកិច្ចការពិភពលោក ស្ថិរភាពសេដ្ឋកិច្ចសកល ឬក្នុងបញ្ហាការប្រែប្រួលអាកាសធាតុបានឡើយ ប៉ុន្តែអង់គ្លេស ក៏មិនជ្រើសរក្សាស្ថានភាពបច្ចុប្បន្នដែលនាំឱ្យខ្លួនប្រឈមជាមួយដៃគូអន្តរជាតិដទៃទៀតដែ។
 
គួរបញ្ជាក់ថា ក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសជាង ១ខែ លោក Sunak បានរងការរិះគន់ពីសំណាក់សមាជិកគណបក្សមួយចំនួនរបស់លោក ដោយពួកគេយល់ថាលោក Sunak មិនសូវដាក់សម្ពាធ និងតតាំងជាមួយចិនប៉ុន្មានទេ។ យ៉ាងណាមិញ កាល​ពី​ឆ្នាំ២០២១ ​ពេល​លោក​ Sunak ធ្វើ​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក​មានគោលជំហរដាក់សម្ពាធលើចិន ដោយ​អំពាវនាវ​ឱ្យ​ដាក់ចេញយុទ្ធសាស្ត្រដើម្បី​រក្សាតុល្យភាពបញ្ហា​សិទ្ធិ​មនុស្សនៅទីក្រុងប៉េកាំងជាដើម។ 
 
ទំនាក់ទំនងអង់គ្លេសនិងចិនមួយរយៈពេលចុងក្រោយនេះមិនសូវមានភាពល្អប្រសើរឡើយ ខណៈកិច្ចប្រជុំទល់មុខរវាងមេដឹកនាំចិន និងអង់គ្លេស នៅបាលី ក្រៅកិច្ចប្រជុំកំពូលប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) ត្រូវបានរំសាយចោល។ កាលពីសប្តាហ៍មុន ទីក្រុងឡុងដ៍ក៏បានហាមឃាត់ការដំឡើងកាមេរ៉ាសុវត្ថិភាពដែលផលិតដោយចិនក្នុងអគាររដ្ឋាភិបាលក្រោមហេតុផលសន្តិសុខផងដែរ៕ 
 

Tag:
 ចិន
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com