អន្តរជាតិ
មន្ត្រីទូតអាម៉េរិកថា រុស្ស៊ីនិងអាម៉េរិកមានវិធីដើម្បីគ្រប់គ្រងហានិភ័យអាវុធនុយក្លេអ៊ែរ
29, Nov 2022 , 9:29 pm        
រូបភាព
លោកស្រី Elizabeth Rood ភារធារីស្ថានទូតអាម៉េរិកប្រចាំទីក្រុងមូស្គូ។ រូបថតស្ថានទូតអាម៉េរិក
លោកស្រី Elizabeth Rood ភារធារីស្ថានទូតអាម៉េរិកប្រចាំទីក្រុងមូស្គូ។ រូបថតស្ថានទូតអាម៉េរិក
ភារធារីស្ថានទូតអាម៉េរិកប្រចាំទីក្រុងមូស្គូលោកស្រី Elizabeth Rood ប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី​នៅ​ថ្ងៃទី២៨ ខែវិច្ឆិកាថា​ រុស្ស៊ី និងអាម៉េរិកមានផ្លូវដើម្បីគ្រប់គ្រងហានិភ័យនុយក្លេអ៊ែរក្នុង​កម្រិត​ទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់។ យ៉ាងណាមិញ ភាគីទាំងពីរមិនទាន់កំណត់ថ្ងៃជួបពិភាក្សាគ្នានោះឡើយ។

 
កាលពីដើមខែវិច្ឆិកា នាយកទីភ្នាក់ងារស៊ើការសម្ងាត់អាម៉េរិក CIA លោក William Burns បានជួប​ជាមួយប្រធានស៊ើបការណ៍បរទេសរុស្ស៊ីលោក Sergei Naryshkin ហើយមន្ត្រីអាម៉េរិកក៏បានព្រមាន​អំពីផលប៉ះពាល់នៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ រុស្ស៊ីលើកឡើងថា បញ្ហាដែលបានពិភាក្សាជា​បញ្ហា​រសើប ហើយបានបដិសេដក្នុងការអធិប្បាយ។
 
«អាម៉េរិកមានបណ្តាញសម្រាប់គ្រប់គ្រងហានិភ័យជាមួយសហព័ន្ធរុស្ស៊ីជាពិសេសហានិភ័យនុយក្លេអ៊ែរ ហើយនោះគឺជាគោលបំណងនៃកិច្ចប្រជុំរបស់នាយក CIA លោក Burns ជាមួយ​សមភាគី​រុស្ស៊ី​»។ លោកស្រី Rood លើកឡើងក្នុងវីដេអូមួយដែលផ្ញើទៅកាន់ប្រព័ន្ធបញ្ជូនសារ Telegram របស់ទីភ្នាក់ងារព័ត៌មាន RIA។ 
 
ជាអគ្គរដ្ឋទូតស្ដីទីអាម៉េរិកប្រចាំក្រុងមូស្គូផង លោកស្រី Rood​ បន្តថា លោក Burns មិនបានចរចាអ្វីទេ ហើយលោកមិនបានពិភាក្សាអំពីការដោះស្រាយជម្លោះនៅអ៊ុយក្រែននោះទេ។ ខណៈមិនទាន់​មាន​ការ​កំណត់សម្រាប់ការជួបពិភាក្សាគ្នាលើបញ្ហានុយក្លេអ៊ែរ លោកស្រី Rood​​​​ បញ្ជាក់ថា ប្រសិនបើភាគីរុស្ស៊ី ត្រូវការការសន្ទនាមួយផ្សេងទៀតនៅក្នុងកម្រិតទីភ្នាក់ងារដដែល នោះភាគីអាម៉េរិកយល់ព្រម។
 
គួររំលឹកថា បន្ទាប់ពីជំនួបរវាងប្រមុខទីភ្នាក់ងារស៊ើបការសម្ងាត់រុស្ស៊ីនិងអាម៉េរិក ទីក្រុងមូស្កូ អះអាងថា ពួកគេបើកចំហសម្រាប់ជំនួបជាន់ខ្ពស់ជាមួយក្រុងវ៉ាស៊ីនតោន ក៏ប៉ុន្តែច្រានចោលគំនិតនៃកិច្ចប្រ​ជុំ​កំពូលរវាងមេដឹកនាំប្រទេសទាំងពីរ​សម្រាប់ពេលបច្ចុប្បន្ន។ មន្ត្រីនៃប្រទេសទាំងពីរគ្រោងនឹង​ជួប​ប្រជុំ​គ្នានៅរដ្ឋធានីគែររបស់អេហ្ស៊ីបចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកាដល់ថ្ងៃទី ៦ ខែធ្នូដើម្បីពិភាក្សាអំពីការបន្តការ​ត្រួតពិនិត្យក្រោមសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ New START៕
 

Tag:
 អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com