កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡាការ៉ាតេកម្ពុជា ត្រូវការអត្តពលិកមានសមត្ថភាពបន្ថែម ឱ្យគ្រប់វិញ្ញាសា ទៅកាន់ស៊ីហ្គេម២០២៣
30, Nov 2022 , 10:41 am        
រូបភាព
ពិធីបិទបញ្ចប់ការប្រកួតកីឡាការ៉ាតេ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១។
ពិធីបិទបញ្ចប់ការប្រកួតកីឡាការ៉ាតេ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១។
ដោយ:
«ខ្ញុំស្នើសុំជ្រើសរើសកីឡាករ-កីឡាការិនីបន្ថែម ដែលមានសមត្ថភាព មានឆន្ទៈខ្ពស់ចូលទៅក្នុងក្រុមជម្រើសជាតិកីឡាការ៉ាតេ ឱ្យបានគ្រប់វិញ្ញាសាប្រកួតដើម្បីត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ»។ លោក សាមឺឌី ស៊ីវឌ្ឍនា អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា លើកឡើងដូច្នេះក្នុងពិធីបិទបញ្ចប់ការប្រកួតកីឡាការ៉ាតេ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ នាមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាការ៉ាតេកម្ពុជា។

 
ការប្រកួតកីឡាការ៉ាតេ ត្រូវបានបិទបញ្ចប់នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាការ៉ាតេកម្ពុជា។ ជាមួយគ្នានោះដែរអនុប្រធានសហព័ន្ធសហព័ន្ធកីឡាការ៉ាតេកម្ពុជា លោក សាមឺឌី ស៊ីវឌ្ឍនា មើលឃើញអត្តពលិកដែលបានចូលរួមប្រកួតប្រជែងមានកម្រិតសមត្ថភាពខ្ពស់គួរឱ្យកត់សម្គាល់ ពោលគឺមានការកើនឡើងជាងឆ្នាំមុនៗ។
 
លោក សាមឺឌី ស៊ីវឌ្ឍនា និយាយថា៖«កីឡាករ-កីឡាការិនី មានកម្រិតបច្ចេកទេស ឆន្ទៈ ថាមពលខ្លាំងក្លា ចេះសាមគ្គី មានសុវជីវធម៌ និងចេះគោរពឱ្យតម្លៃគ្នា»។ បន្ថែមពីលើនេះទៀត កម្រិតអាជ្ញាកណ្តាលក៏មានសមត្ថភាពគ្រប់គ្រាន់ក្នុងការកាត់សេចក្តីនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ តែយ៉ាងណាត្រូវរៀនវគ្គបណ្តុះបណ្តាលកម្រិតបច្ចេកទេសបែបអន្តរជាតិបន្ថែម ដើម្បីឱ្យមានភាពប្រាកដក្នុងនាមជាម្ចាស់ផ្ទះ។
  

លោក សាមឺឌី ស៊ីវឌ្ឍនា អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ថ្លែសុន្ទរកថាបិទបញ្ចប់ការប្រកួតកីឡាការ៉ាតេ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១។
 
បើទោះអត្តពលិកការ៉ាតេបានបង្ហាញគុណផលនៅកីឡាជាតិលើកទី៣នេះក្តី ប៉ុន្តែលោក ស៊ីវឌ្ឍនា ត្រូវការកីឡាករកីឡាការរិនីមានសមត្ថភាពបន្ថែមទៀត ដើម្បីចូលរួមឱ្យគ្រប់វិញ្ញាសានាព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជានឹងរៀបចំឆ្នាំ២០២៣។
កីឡាករ-កីឡាការិនី ដែលត្រូវជ្រើសរើសបន្ថែមលើប្រភេទកីឡាការ៉ាតេ រួមមានវិញ្ញាសា កាតា និងវិញ្ញាសាប្រយុទ្ធ ដើម្បីត្រៀមចូលរួមជាមួយក្រុមជម្រើសជាតិប្រកួតនាស៊ីហ្គេម២០២៣ ខាងមុខ។
 
គួរបញ្ជាក់ថា ការប្រកួតកីឡាការ៉ាតេមានរាជធានី-ខេត្ត និងក្រសួងចំនួន៦ ក្នុងនោះក្លិបការ៉ាតេក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ១ មេដាយសរុប១២ មាស៧ ប្រាក់១ និងសំរឹទ្ធ៤ ខេត្តកំពង់ស្ពឺ មេដាយសរុប៨ មាស២ ប្រាក់៤ និងសំរឹទ្ធ២ ក្រសួងការពារជាតិ មេដាយសរុប៩ មាស២ ប្រាក់២ និងសំរឹទ្ធ៥ ក្រសួងមហាផ្ទៃ មេដាយសរុប៦ មាស១ ប្រាក់២ និងសំរឹទ្ធ៣ រាជធានីភ្នំពេញ មេដាយសរុប៥ ប្រាក់២ និងសំរឹទ្ធ៣ និងខេត្តកណ្តាល មេដាយសរុប៥ ប្រាក់១ និងសំរឹទ្ធ៤៕
 
 

Tag:
 កីឡាការ៉ាតេ
 កីឡាជាតិលើកទី៣
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com