អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកស្រី ឌីណា បូលូយ៉ាត ក្លាយជាប្រធានាធិបតីប៉េរូស្រីដំបូង ជំនួសលោក កាស្ទីយ៉ូ ដែលត្រូវទម្លាក់ពីតំណែង
08, Dec 2022 , 3:32 pm        
រូបភាព
លោកស្រី ឌីណា បូលូយ៉ាត ស្បថចូលកាន់តំណែងប្រធានាធិបតីប៉េរូ។ រូបថត AFP
លោកស្រី ឌីណា បូលូយ៉ាត ស្បថចូលកាន់តំណែងប្រធានាធិបតីប៉េរូ។ រូបថត AFP
លោកស្រី ឌីណា បូលូយ៉ាត (Dina Boluarte) ស្បថចូលកាន់តំណែងជាប្រធានាធិបតីប៉េរូនៅថ្ងៃទី៧ ខែធ្នូ ប៉ុន្មានម៉ោងក្រោយលោក ប៉េដ្រូ កាស្ទីយ៉ូ (Pedro Castillo) ត្រូវបានបោះឆ្នោតទម្លាក់ចេញពីតំណែងប្រធានាធិបតី។

 
ពីអនុប្រធានាធិបតី លោកស្រី ឌីណា បូលូយ៉ាត ក្លាយជាប្រធានាធិបតីស្រីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រប៉េរូ។ ការស្បថចូលកាន់តំណែងរបស់លោកស្រីធ្វើឡើង ក្រោយសភាប៉េរូបើកកិច្ចប្រជុំជាបន្ទាន់បោះឆ្នោតទម្លាក់លោក ប៉េដ្រូ កាស្ទីយ៉ូ ចេញពីតំណែងប្រធានាធិបតីជាមួយសំឡេងគាំទ្រ១០១ ប្រឆាំងប្រាំមួយសំឡេង និងអនុបវាទ១០សំឡេង។ 
 
លោកស្រី បូលូយ៉ាត វ័យ៦០ឆ្នាំ អះអាងថានឹងដឹកនាំប្រទេសបន្តអាណត្តិរបស់លោក កាស្ទីយ៉ូ រហូតដល់ខែកក្កដា ឆ្នាំ២០២៦។ ថ្លែងក្រោយស្បថចូលតំណែង ប្រធានាធិបតីប៉េរូរូបនេះអំពាវនាវឱ្យផ្អាកជម្លោះនយោបាយដើម្បីជួយប្រទេសងើបចេញពីវិបត្តិនាពេលបច្ចុប្បន្ន។ 
 
«អ្វីដែលខ្ញុំសុំគឺពេលវេលាជួយសង្រ្គោះប្រទេស»។ នេះបើតាមទីភ្នាក់ងារព័ត៌មាន BBC ស្រង់សម្តីរបស់លោកស្រី បូលីយ៉ាត។ 
 
ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រធានាធិបតីប៉េរូជាបន្តបន្ទាប់ត្រូវបានដកចេញពីតំណែង ឬជាប់ពន្ធនាគារជុំវិញអំពើពុករលួយ។ ក្នុងឆ្នាំ២០២០ ត្រឹមតែរយៈពេលប្រាំថ្ងៃប៉ុណ្ណោះ ប៉េរូផ្លាស់ប្តូរប្រធានាធិបតីដល់ទៅបីនាក់។ 
 
បន្ទាប់ពីរួចផុតពីរដង លោក កាស្ទីយ៉ូ គឺជាប្រធានាធិបតីប៉េរូចុងក្រោយហើយដែលត្រូវបានសភាបោះឆ្នោតទម្លាក់ចេញពីតំណែងជុំវិញការប៉ុងប៉ងរំលាយសភា ហើយបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នពិសេសដើម្បីបង្កើតនីតិរដ្ឋ និងប្រជាធិបតេយ្យថ្មី។ ទាក់ទងរឿងនេះ ប្រមុខតុលាការធម្មនុញ្ញប៉េរូចោទលោកថាធ្វើរដ្ឋប្រហារ។
 
ក្រោយត្រូវបានទម្លាក់ចេញពីតំណែងជាផ្លូវការ អតីតមេដឹកនាំឆ្វេងនិយមរូបនេះត្រូវបានឃុំខ្លួន និងរងបទចោទពីការបះបោរបំពានច្បាប់រដ្ឋធម្មនុញ្ញ។ ថ្មីៗនេះ លោក កាស្ទីយ៉ូ ក៏ប្រឈមនឹងការចោទប្រកាន់ជុំវិញអំពើពុករលួយដែលលោកអះអាងថាជាផែនការទម្លាក់លោកផងដែរ៕
 
 
 
 
 
 
 
 
 
 

Tag:
 ប៉េរូ
© រក្សាសិទ្ធិដោយ thmeythmey.com