អន្តរជាតិ
សិង្ហបុរី ផ្ដល់ការបណ្ដុះបណ្ដាលមន្ត្រីទីម័រខាងកើត ដើម្បីត្រៀមខ្លួនក្លាយជាសមាជិកអាស៊ាន
08, Dec 2022 , 9:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ជជែកជាមួយប្រធានាធិបតីទីម័រខាងកើត Jose Ramos-Horta ។ រូបថតក្រសួងគមនាគមន៍សិង្ហបុរី
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ជជែកជាមួយប្រធានាធិបតីទីម័រខាងកើត Jose Ramos-Horta ។ រូបថតក្រសួងគមនាគមន៍សិង្ហបុរី
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ស៊ានឡុង នៅថ្ងៃទី៨ ខែធ្នូ បានអះអាងពីការគាំទ្រជាគោលការណ៍របស់សិង្ហបុរីចំពោះសមាជិកភាពពេញសិទ្ធិក្នុងអាស៊ានរបស់ទីម័រឡេស្តេ។ សិង្ហបុរី ក៏ផ្ដល់កម្មវិធីបណ្ដុះបណ្ដាលមួយចំនួនដល់ទីម័រខាងកើតដែរ។ លោក លី បានលើកឡើងបែបនេះអំឡុងពេលជួបជាមួយប្រធានាធិបតី លោក José Ramos-Horta ក្នុងដំណើរទស្សនកិច្ចនៅសិង្ហបុរី។



ប្រធានាធិបតីទីម័រខាងកើត លោក José Ramos-Horta បានធ្វើទស្សនកិច្ចនៅសិង្ហបុរីចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែធ្នូ។ លោក Ramos-Horta នៅថ្ងៃទី៨ ខែធ្នូ បានជួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ស៊ានឡុង និងប្រធានាធិបតី លោកស្រី Halimah Yacob។ ក្នុងអំឡុងកិច្ចប្រជុំ មេដឹកនាំសិង្ហបុរី និងទីម័រខាងកើតបានបង្ហាញពីទំនាក់ទំនងដ៏កក់ក្តៅ និងយូរអង្វែងរវាងគ្នា ដែលមានតាំងពីមុនពេលទីម័រខាងកើតទទួលបានឯករាជ្យ។ 
 
លោកស្រី Halimah និងលោក លី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សិង្ហបុរីគាំទ្រដល់ការអភិវឌ្ឍរបស់ទីម័រខាងកើតដើម្បីត្រៀមខ្លួនក្លាយជាសមាជិកពេគសិទ្ធិអាស៊ាន តាមរយៈកម្មវិធីបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព និងស្វាគមន៍មន្ត្រីទីម័រឡេស្តេដើម្បីចូលរួមក្នុងកម្មវិធីកិច្ចសហប្រតិបត្តិការសិង្ហបុរី ដែលជាវេទិការដ៏លេចធ្លោមួយសម្រាប់ពង្រឹងជំនួយបច្ចេកទេសដល់ប្រទេសកំពុងអភិវឌ្ឍ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសសិង្ហបុរី។
 
សេចក្ដីប្រកាសដដែលបន្ថែមថា បុរីរដ្ឋនេះនឹងជួយបណ្តុះបណ្តាលមន្ត្រីទីម័រខាងកើតជាង៣០០នាក់ តាមរយៈការផ្ដល់កញ្ចប់ជំនួយបច្ចេកទេសពិសេស (STARS) ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ធ្វើជាសមាជិកអាស៊ាន។ 
 
ក្នុងនោះ មន្ត្រីទីម័រខាងកើតជាង២០០នាក់នឹងទទួលបានវគ្គសិក្សាស្តីពីការទំនាក់ទំនងភាសាអង់គ្លេស ការកត់ត្រា និងការសរសេររបាយការណ៍ ព្រមទាំងជំនាញចរចាទៀតផង។ គ្រូបង្រៀន អ្នកគ្រប់គ្រងសាលា និងមន្ត្រីក្នុងវិស័យអប់រំរបស់ទីម័រខាងកើតប្រមាណ១០០នាក់ ក៏នឹងត្រូវទទួលបានការបណ្តុះបណ្តាល ដើម្បីបង្កើតប្រព័ន្ធអប់រំក្នុងប្រទេសសម្រាប់ក្មេងៗជំនាន់ក្រោយឱ្យចូលរួមក្នុងសហគមន៍អាស៊ានផងដែរ។ 
 
នាយករដ្ឋមន្ត្រីសិង្ហបុរី ក៏បានបញ្ជាក់ពីគោលជំហរគាំទ្ររបស់ខ្លួនចំពោះទីម័រខាងកើត និងការប្តេជ្ញាចិត្តធ្វើការជាមួយប្រទេសសមាជិកផ្សេងទៀតលើផែនទីបង្ហាញផ្លូវសម្រាប់សមាជិកភាពពេញសិទ្ធិនៅអាស៊ានរបស់ទីម័រខាងកើតនៅឆ្នាំ២០២៣។
 
គួរបញ្ជាក់ថា ទីម័រឡេស្តេនៅថ្ងៃទី១១ ខែវិច្ឆិកា បានចូលជាសមាជិកអាស៊ានទី១១ ដោយមានឋានៈជាប្រទេសសង្កេតការណ៍ និងឈានទៅរកការក្លាយជាសមាជិកពេញសិទ្ធិនៅឆ្នាំខាងមុខ៕  
 

Tag:
 សិង្ហបុរី
  ទីម័រខាងកើត
© រក្សាសិទ្ធិដោយ thmeythmey.com