អន្តរជាតិ
លោក Putin មើល​ឃើញ​សង្គ្រាម​ដ៏យូរ​នៅ​​អ៊ុយក្រែន​ ប៉ុន្តែ​ថា​មិន​ត្រូវ​ការ​កងទ័ព​បន្ថែម​ទៀត​ទេ​នៅ​​ពេល​នេះ ​
10, Dec 2022 , 8:29 am        
រូបភាព
ដោយ: VOA
ទាហាន​រុស្ស៊ី​ឈរ​ជើង​នៅ​​ទីតាំង​មិន​មាន​ការ​បញ្ជាក់​មួយ​កន្លែង​នៅ​ប្រទេស​អ៊ុយក្រែន នៅ​ក្នុង​រូបថត​នេះ​ដែល​ថត​ពី​វីដេអូ​ផ្សាយ​ដោយ​ក្រសួង​ការពារជាតិ​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២២។

 
ប្រធានាធិបតី​រុស្ស៊ីលោក​ Vladimir Putin ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ថា លោក​រំពឹងពី​សង្គ្រាម​យូរ​អង្វែងតទៅ​មុខ​ទៀតក្នុង​ប្រទេស​អ៊ុយក្រែន​ ប៉ុន្តែ​លោក​មិន​មើល​ឃើញ​ពី​ភាព​ចាំបាច់ណាមួយ​ ក្នុង​ការ​កេណ្ឌ​ទ័ព​បន្ថែមទៀតនោះ​ឡើយនៅពេល​នេះ។​ ​
 
លោកPutin​ បាន​ថ្លែង​ប្រាប់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​វិមាន​ក្រឹមឡាំង ដែល​មាន​ក្រុម​អ្នក​សារព័ត៌មាន​ ក្រុមសកម្មជន​ និង​ក្រុម​មន្ត្រី​សាធារណៈ​ដែល​មាន​ភាព​ស្មោះត្រង់​នឹង​លោក​ ហើយ​ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ផងដែរ​នោះ​ថា ​ប្រទេស​រុស្ស៊ី​នឹង​បន្ត​ការពារ​ខ្លួន​ឯងដោយគ្រប់​មធ្យោបាយ​ទាំង​អស់​ដែល​ខ្លួន​មាន​ នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។​ លោក​អះអាង​ថា​ រុស្ស៊ី​ត្រូវ​បាន​គេ​មើល​ឃើញ​ក្នុង​ប្រទេស​លោក​ខាងលិច​ថា​ «ជា​ប្រទេស​លំដាប់​ទី២​ ដែល​គ្មាន​សិទ្ធិ​ក្នុង​ការ​រស់រាន​ឡើយ»។
 
លោក​បន្ថែម​ទៀត​ថា៖ «សម្រាប់​រយៈពេល​នៃ​ប្រតិបត្តិ​យោធា​ពិសេស​វិញ​ ជា​ការ​ពិត​ណាស់​ នេះ​អាច​ជា​ដំណើរការ​ដ៏​វែង​មួយ»​ ដោយ​លោក​ចង់​និយាយ​សំដៅទៅ​លើ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ដែលនៅ​ពេល​នេះ​កំពុង​ចូល​ដល់​ខែ​ទី​១០​របស់​ខ្លួន​ហើយ។​
 
ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី ក៏​លោកនិយាយ​ថា​ វា​មិន​មាន​ភាព​ចាំ​បាច់​នោះ​ឡើយក្នុង​ការ​កេណ្ឌ​កម្លាំង​កងទ័ព​បន្ថែម​ទៀត​ទេ​ ក្រោយ​ពី​បាន​កេណ្ឌ​កងទ័ព​បម្រុង​យ៉ាង​ហោច​ណាស់ក៏​៣​សែន​នាក់កាល​ពី​ខែកញ្ញា​និង​ខែ​តុលា​កន្លង​ទៅ​ ដែល​ជា​បទ​បញ្ជា​មួយ ​ដែល​ធ្វើ​ឱ្យពលរដ្ឋរុស្ស៊ីជា​ច្រើន​មាន​ភាព​តក់ស្លុត។​ ​
 
ដូច​ដែល​លោក​ធ្លាប់បាន​និយាយ​ក្នុង​ពេល​កន្លងទៅដែរ ​ជុំវិញ​រឿង​សង្រ្គាម​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ​ លោក​Putin គូស​បញ្ជាក់​ថា​ ហានិភ័យ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​មួយកំពុង​កើន​ឡើង​ ប៉ុន្តែ​រុស្ស៊ី​នឹង​មិន​គំរាមកំហែង​ប្រើ​ប្រាស់​អាវុធ​ប្រភេទ​នេះ​ ដោយ​គ្មាន​ការទទួល​ខុសត្រូវ​នោះ​ឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com