FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ ជើងឯករងក្រូអាស៊ី ឡើងទៅវគ្គ១/២ផ្តាច់ព្រ័ត្រក្រោយឈ្នះប្រេស៊ីលដោយ​បាល់កាត់សេចក្តី ១១ម៉ែត្រ ៤-២
10, Dec 2022 , 12:53 am        
រូបភាព
ប្រេស៊ីលខកខានបន្តការប្រជែងពានរង្វាន់ World Cup 2022 ក្រោយត្រូវក្រូអាស៊ីយកឈ្នះក្នុងវគ្គស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រលទ្ធផល ៤-០២ ក្រោយបញ្ចប់លទ្ធផលស្មើ ១-១ ពេញ១២០នាទីក្នុងកីឡដ្ឋាន Education City ប្រទេសកាតា។ កីឡាករអ្នកចាំទី Dominik Livakovic និង Bruno Petkovic សង្រ្គោះក្រូអាស៊ី ក្រោយត្រូវ Neymar ស៊ុតនាំមុខមុនត្រឹមនាទី ១០៥+១។
 
កាប្រកួតក្នុងវគ្គទីមួយ រវាងក្រូអាស៊ីក្រុមជើងឯករងឆ្នាំ ២០១៨ និងប្រេស៊ីលម្ចាស់ពាន ៥សម័យ  តែងតែបើកការវាយសម្រុកគ្នាខ្លាំងទៅវិញទៅមកធ្វើឱ្យការប្រកួតមានភាពជក់ចិត្តខ្លាំងក្នុងកីឡដ្ឋាន Education City ប្រទេសកាតា។ តែបើទោះបីការវាយសម្រុកគ្នាច្រើនលើកច្រើនសារការបង្កើតឱកាសក្នុងស៊ុតទម្លុះសំណាញ់ទីលើគ្នានៅតែគ្មាន។ លទ្ធផលក្នុងវគ្គទីមួយនៅតែរក្សាលទ្ធផលស្មើ ០-០ រហូតដល់បញ្ចប់ការប្រកួត។
 
ការប្រកួតដ៏ជកចិត្តពោរពេញដោយភាពតានតឹងក្នុងការស្វែងរកគ្រាប់បាល់បានចាប់ផ្តើមការប្រកួតក្នុងវគ្គទីពីរ។ ប្រេស៊ីលហាក់បីកែប្រែយុទ្ធសាស្រ្តខ្លួនក្នុងការវាយសម្រុកលើក្រូអាស៊ីមួយលើកជាពីរលើក ឱកាសបង្កើតគ្រាប់បាល់នាំមុខជាច្រើនលើកបានកើតឡើង ប៉ុន្តែរនាំងការពារចុងក្រោយដ៏រឹងមាំនៃអ្នកចាំទីក្រូអាស៊ី Dominik Livakovic ធ្វើបានល្អខ្លាំងសង្គ្រោះបាល់ជាច្រើនលើក។ 
 
ការប្រកួតប្រជែងដ៏អស្ចារ្យនៅតែបន្តដោយគ្មានលទ្ធផលគ្រាប់បាល់កើតឡើង រហូតដល់ចប់ការប្រកួតពេញ ៩០នាទី ទាំងក្រូអាស៊ីនិងប្រេស៊ីលត្រូវបន្តប្រជែងគ្នាក្នុងការប្រកួតបន្ថែមម៉ោង ១៥នាទី ២ដង។ ការប្រកួតឈានចូលដល់ម៉ោងបន្ថែម ១៥នាទី ២ដងលើកទីមួយ ប្រេស៊ីលនៅតែអាចបំបែកឱកាសបំប៉ោងសំណាញ់ទីលើក្រូអាស៊ី ដោយការស៊ុតបាល់ពីចម្ងាយយ៉ាងល្អដោយ Neymar JR នាទី​ ១០៥+១ រកបានក្តីសង្ឃឹមមាសឱ្យក្រុមឡើងវគ្គបន្ត។ ក្រូអាស៊ីមិនបណ្តោយឱ្យឱកាសបាត់បង់ឡើយនៅនាទី ១១៧ កិឡាករ Bruno Petkovic ស៊ុតតាមស្មើ ១គ្រាប់មកវិញបញ្ចប់ក្តីសង្ឃឹមប្រេស៊ីលវិញ។ 

ក្រូអាស៊ីទម្លាក់ប្រេស៊ីលក្នុងវគ្គស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រក្នុងលទ្ធផល ៤-២ អ្នកចាំទី Dominik Livakovic ក្លាយជាវីរបុរសសង្គ្រោះក្រូអាស៊ីជាមួយ Petkovic។
 
ក្រូអាស៊ីបង្កើតប្រវត្តិសាស្ត្រ ២លើកជាប់គ្នាឈានជើងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសារជាថ្មី និងជាលើកទីពីរចាប់ពីឆ្នាំ ២០១៨ ដែលពួកគេបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ៕
 
 
 
 
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com