ជាតិ
បោះឆ្នោត
អ្នកចុះឈ្មោះបោះឆ្នោតថ្មីមានជាង៥៧ម៉ឺននាក់ ខណៈឈ្មោះអ្នកបោះឆ្នោតជាង២៥ម៉ឺននាក់ បានលុប
10, Dec 2022 , 12:59 pm        
រូបភាព
ការិយាល័យបោះឆ្នោត។ រូបដោយ វតី
ការិយាល័យបោះឆ្នោត។ រូបដោយ វតី
ភ្នំពេញ៖ រយៈពេល៥០ថ្ងៃនៃការចុះឈ្មោះបោះឆ្នោត គឺមានពលរដ្ឋជាង៥៧ម៉ឺននាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី ហើយចំនួនអ្នកលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានជាង២៥ម៉ឺននាក់។ ជុំវិញ ដំណើរការចុះឈ្មោះបោះឆ្នោត គ.ជ.ប បានជួបបញ្ហាមួយចំនួន គឺតំបន់ខ្លះមានអាកាសធាតុភ្លៀងធ្លាក់ ហើយខ្វះមន្ត្រីដែលមានជំនាញប្រើប្រាស់កុំព្យូទ័រជាដើម។



បើតាមការចេញផ្សាយរបស់ គ.ជ.ប អ្នកចុះឈ្មោះបោះឆ្នោតថ្មីមាន​ជាង៥៧ម៉ឺននាក់។ ដោយឡែក ពលរដ្ឋដែលលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានជាង២៦ម៉ឺននាក់។ ចំពោះ ការលុបឈ្មោះចេញ ដ៏ច្រើននេះ គ.ជ.ប បានបកស្រាយដែរថា ដោយសារចំនួនទាំងនោះ ជាឈ្មោះរបស់អ្នកស្លាប់ អ្នកផ្លាស់​ទីលំនៅជាដើម។ ទន្ទឹមនឹងនេះ គ.ជ.ប ក៏បានបញ្ជាក់ទៀតថា តួលេខអ្នកផ្លាស់ប្ដូរទីលំនៅមានជិត២០ម៉ឺននាក់ ហើយថា តួលេខនេះ ប្រហាក់ប្រហែលគ្នានឹងឈ្មោះអ្នកលុបចេញពីបញ្ជីបោះឆ្នោតផងដែរ។
 
តាមការប៉ាន់ស្មានរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងមានជាង១០លាននាក់ ហើយអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតអំឡុងឆ្នាំ២០២១មានជាង៩លាននាក់។ រីឯ អ្នកចុះឈ្មោះបោះឆ្នោតថ្មីមានជាង៥៧ម៉ឺននាក់។ ដូច្នេះ តួលេខដែលនៅសល់ គឺមានពលរដ្ឋប្រមាណ១លាននាក់ មិនបានចុះឈ្មោះបោះឆ្នោត។
 
ពាក់ព័ន្ធនឹង តួលេខប្រមាណ១លាននាក់នេះ គ.ជ.ប បកស្រាយថា ការធ្វើស្ថិតិប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ផ្អែកលើភាគរយនៃកំណើន​ពលរដ្ឋ ស្ថិតិជាក់ស្ដែងតាមឃុំសង្កាត់ ទិន្នន័យរបស់ក្រសួងផែនការ និងក្រសួងមហាផ្ទៃ។ ម្យ៉ាងទៀត គ.ជ.ប បានលើកឡើងបែបនេះ៖ «ប្រព័ន្ធរៀបចំការចុះបញ្ជីបោះឆ្នោតកម្ពុជា គឺប្រព័ន្ធស្ម័គ្រចិត្ត ហើយការបោះឆ្នោតក៏ជាការស្ម័គ្រចិត្ត ដូចនេះ ពួកគាត់មិនទៅចុះឈ្មោះ និងមិនបោះឆ្នោត គឺជាសិទ្ធិរបស់គាត់»។ យ៉ាងណាក្ដី គ.ជ.ប លើកទឹកចិត្តឲ្យពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់គ្នា។
 
ចំពោះ បញ្ហាប្រឈម អំឡុងពេលចុះបញ្ជីឈ្មោះបោះឆ្នោតវិញ គឺបញ្ហាទឹកជំនន់ និងភ្លៀងធ្លាក់។ បញ្ហាប្រឈមមួយទៀត គឺតាមឃុំសង្កាត់ខ្លះ  ខ្វះមន្ត្រីជំនាញកុំព្យូទ័រ ពេលវេលាខ្លី និងមានប្រាក់កម្រៃទាប៕
 
 

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com