អន្តរជាតិ
UN៖ ច្បាប់ព្រហ្មទណ្ឌថ្មីរបស់ឥណ្ឌូណេស៊ី គំរាមកំហែងដល់សិទ្ធិមនុស្ស និងសេរីភាពសារព័ត៌មាន
10, Dec 2022 , 7:29 am        
រូបភាព
អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី៨ ខែធ្នូ បានបង្ហាញការព្រួយបារម្ភចំពោះមាត្រាមួយចំនួននៅក្នុងក្រមព្រហ្មទណ្ឌឥណ្ឌូណេស៊ីដែលបានកែសម្រួលថ្មី ហើយចាត់ទុកជាការបំពានលើឯកជនភាព សិទ្ធិមនុស្ស និងសេរីសារព័ត៌មាន។



ការិយាល័យអង្គការសហប្រជាជាតិ (UN) ប្រចាំឥណ្ឌូណេស៊ី នៅថ្ងៃទី៨ ខែធ្នូ បានចេញសេចក្ដីថ្លែងការណ៍ព្រមានថា មាត្រាមួយចំនួននៃក្រមព្រហ្មទណ្ឌឥណ្ឌូណេស៊ី ដែលបានកែសម្រួលថ្មី អាចប៉ះពាល់ដល់សេរីភាពសារព័ត៌មាន ឯកជនភាព និងសិទ្ធិមនុស្សខណៈឥណ្ឌូណេស៊ីជាប្រទេសប្រជាធិបតេយ្យដ៏ធំបំផុតទីបីរបស់ពិភពលោក។
 
សភាឥណ្ឌូណេស៊ីនៅថ្ងៃទី៦ ខែធ្នូ បានធ្វើវិសោធនកម្មច្បាប់ព្រហ្មទណ្ឌរបស់ខ្លួន ដោយហាមប្រាមការរួមភេទក្រៅអាពាហ៍ពិពាហ៍ និងមុនរៀបអាពាហ៍ពិពាហ៍។ ការកែប្រែច្បាប់ថ្មីក៏មានចែងការហាមប្រមាថប្រធានាធិបតី ទង់ជាតិ និងស្ថាប័នរដ្ឋ ព្រមទាំងច្បាប់តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​លិខិត​អនុញ្ញាត​ធ្វើ​បាតុកម្ម ​ហាមប្រាម​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ក៏ដូចជាទស្សនៈ​ផ្ទុយ​នឹង​មនោគមវិជ្ជា​រដ្ឋផងដែរ។ 
 
«UN បារម្ភថា មាត្រាមួយចំនួននៅក្នុងក្រមព្រហ្មទណ្ឌដែលបានកែសម្រួលបានបំពានលើកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិរបស់ឥណ្ឌូណេស៊ី ទាក់ទងនឹងសិទ្ធិមនុស្ស»។ សេចក្ដីថ្លែងការណ៍ UN ប្រចាំនៅទីក្រុងហ្សាការតាអះអាងបែបនេះ មុនបន្ថែមថា មាត្រាខ្លះនៃក្រមព្រហ្មទណ្ឌមានលទ្ធភាពដាក់​ទោសទណ្ឌ​ដល់​អ្នកសារព័ត៌មាន ហើយមាត្រា​ខ្លះ​ទៀតបង្កឱ្យ​មាន​ការ​រើសអើង​លើ​ស្ត្រី កុមារ និង​ក្រុមអ្នកស្រលាញ់ភេទដូចគ្នា។ 
 
តាមការលើកឡើងរបស់ការិយាល័យ UN កំណែទម្រង់ច្បាប់របស់រដ្ឋាភិបាលហ្សាការតាជាច្រើននេះ អាចប៉ះពាល់ដល់សិទ្ធិបន្តពូជ សិទ្ធិឯកជន និងធ្វើឱ្យមានអំពើហិង្សាយេនឌ័រកាន់តែខ្លាំងឡើង។ ចំណែកក្រុមសង្គមស៊ីវិលបានថ្កោលទោសច្បាប់ថ្មីដោយលើកឡើងថា ការផ្លាស់ប្តូរនេះបង្កើតឱ្យមានការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ ហើយបង្កហានិភ័យដល់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។
 
ជាការឆ្លើយតបនឹងការរិះគន់លើក្រមព្រហ្មទណ្ឌថ្មី ក្រសួងយុត្តិធម៌ឥណ្ឌូណេស៊ីបានលើកឡើងថា ច្បាប់ទាំងនោះនឹងមិនទាន់ចូលជាធរមានភ្លាមៗទេ ព្រោះការផ្លាស់ប្តូរពីច្បាប់ចាស់ទៅច្បាប់ថ្មីត្រូវការពេលជាអតិបរមាបីឆ្នាំ។ លើសពីនេះ ក្រសួងក៏បញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិនិយោគិន និងអ្នកទេសចរបរទេសមិនចាំបាច់ព្រួយបារម្ភឡើយ ពីព្រោះឯកជនភាពរបស់មនុស្សម្នាក់ៗនៅតែត្រូវបានធានាដោយច្បាប់។ 
 
គួរបញ្ជាក់ថា សំណើច្បាប់ទាក់ទងការហាមឃាត់ការរួមភេទមុនរៀបការមានតាំងពីឆ្នាំ ២០១៩ ប៉ុន្តែសេចក្តីព្រាងបានលេចធ្លាយបង្កឱ្យមានការតវ៉ាទូទាំងប្រទេស ក្រោមហេតុផលថា បំពានសេរីភាពផ្ទាល់ខ្លួន។ បច្ចុប្បន្ន ឥណ្ឌូណេស៊ីដាក់ទោសតែអំពើផិតប៉ុណ្ណោះ៕ 
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com