FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ក្រោយបញ្ចប់វគ្គ១៦ក្រុម កីឡដ្ឋាន 974 ត្រូវរដ្ឋាភិបាលកាតារុះរើ
10, Dec 2022 , 6:29 pm        
រូបភាព
កីឡដ្ឋាន 974 ក្នុងចំណោមកីឡដ្ឋានទាំង៨ ដែលត្រូវបានម្ចាស់ផ្ទះកាតាយកមកដំណើរការប្រកួត FIFA World Cup 2022។ កីឡដ្ឋាន 974 បានក្លាយជានិមិត្តរូបមួយនៃនិរន្តរភាពសំណង់មួយដែលបានសាងសងឡើងសម្រាប់ការរៀបចំទទួលបានប្រកួតនានា ​ហើយត្រូវបានលើកសរសើរអំពីភាពច្នៃប្រឌិតនៃសិល្បៈសំណង់ក្នុងសតវត្សទី២១ នេះ។ យ៉ាងណាបន្ទាប់បញ្ចប់ជំនួបវគ្គ១៦ក្រុមចុងក្រោយ កីឡដ្ឋាន 974 នឹងត្រូវរដ្ឋាភិបាលកាតារុះរើ។



កីឡដ្ឋាន 974 ត្រូវបានសាងសងឡើងក្នុងពេលវេលាដ៏អស្ចារ្យមួយព្រមទាំងបានបំបែកកំណត់ត្រារបស់ខ្លួនក្នុងការប្រកួត World Cup ក្នុងនាមជាកីឡដ្ឋានដែលកែច្នៃពីដែកទូកុងតឺន័រទាំងស្រុង មិនធ្លាប់មានកីឡដ្ឋានណាធ្វើបានពីមុនមក។ កីឡដ្ឋាននេះធ្វើឡើងជាមួយខ្លឹមផ្សារនិមិត្តសញ្ញាដ៏សំខាន់មួយ ដោយឈ្មោះរបស់កីឡដ្ឋាននេះ បានសំដៅទៅលើលេខកូដចម្ងាយដែលបានប្រើប្រាស់សម្រាប់ហៅប្រទេសកាតា ព្រមទាំងឈ្មោះបង្ហាញពីចំនួនទូកុងតឺន័រដែលប្រើសម្រាប់សាងសងសរុប។ កីឡដ្ឋាន 974 ដដែលក៏តំណាងឱ្យការធ្វើពាណិជ្ជកម្មដ៏សំខាន់របស់កាតាទៅកាន់ទ្វីបអាហ្រ្វិក និងមជ្ឈឹមបូពា៍ទៅកាន់ទ្វីបអាស៊ីផង។
 
ឈ្មោះ 974 ដ៏ថ្មីប្លែកព្រមទាំងស្នាដៃនៃសំណង់ដ៏ប្រណិតក្នុងសតវត្សទី២១ កីឡដ្ឋានមួយនេះត្រូវបានមនុស្សជាច្រើនលើកសរសើរថាជានិមិត្តសញ្ញានៃនិរន្តរភាពនៃព្រឹត្តិការណ៍ World Cup ដោយវាបានរៀបចំការប្រកួតដ៏មានភាពសប្បាយរីករាយនិងជាមួយស្មារតីបរិស្ថាន។
 
កីឡដ្ឋានដ៏ស្រស់ត្រកាលមួយនេះ បានចាប់ផ្តើមទទួលការប្រកួតដោយបានរៀបចំជំនួបដំបូងរវាង ម៉ិកស៊ិកទល់ប៉ូឡូញ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ដោយបានផ្ទុកចំនួនអ្នកទស្សនាប្រមាណ ៤៤​,០៨៩នាក់ដែលជាចំនួនដ៏ច្រើន។ ទោះជាយ៉ាងនេះក្តីកីឡដ្ឋានមួយនេះក៏បានចំណាយប្រាក់សាងសង់ប្រមាណជិត ២០០លានដុល្លារផងដែរសម្រាប់គ្រឿងសម្ភារវត្ថុធាតុដើម ទោះត្រូវបានកែច្នៃឡើងវិញ។
 
បើតាមការបញ្ជាក់របស់រដ្ឋាភិបាលកាតា កីឡដ្ឋាន 974 មិនទាន់ដឹងឡើយថានឹងត្រូវផ្លាស់ប្តូរទៅកាន់ទីណាឡើយ ។ រដ្ឋាភិបាលកាតានៅមិនទាន់បានសម្រេចចិត្តឡើយទេថាប្រទេសណាមួយដែលត្រូវទទួលបានកីឡដ្ឋាន 974 នេះប៉ុន្តែកាលពីក្រោយបញ្ចប់ការប្រកួតរវាងប្រេស៊ីល និងកូរ៉េខាងត្បូង វាត្រូវបានចាប់ផ្តើមរុះរើបណ្តើរៗហើយ៕
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com