ជាតិ
លោក ហង់ជួន ណារ៉ុន ចាត់ក្រុមការងារស្រាវជ្រាវ លើរឿងប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ កិបកេងថវិការដ្ឋ
10, Dec 2022 , 4:59 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចាត់តាំងក្រុមការងារ៦រូប ឲ្យតាម​ដាន និងជួបជជែកជាមួយបុគ្គលិកនៃមន្ទីរអប់រំខេត្តត្បូងឃ្មុំ ដើម្បីស្រាវជ្រាវ ករណីមិនប្រក្រតីនៅមន្ទីរអប់រំខេត្តត្បូងឃ្មុំ។

 
បើតាមលិខិតឧទ្ទេសនាមរបស់រដ្ឋមន្ត្រីក្រសួងអប់រំ ចេញថ្ងៃទី៩ ធ្នូ ក្រុមការងារដែលស៊ើបអង្កេតរឿងមិនប្រក្រតីនៅមន្ទីរអប់រំខេត្តត្បូងឃ្មុំ មាន៦រូប។ ក្រុមការងារនេះ ចេញដំណើរទៅខេត្តត្បូងឃ្មុំនៅថ្ងៃទី៩ធ្នូ ហើយជួបភាគីពាក់ព័ន្ធនៅថ្ងៃទី១០ ធ្នូនេះ។
 
ជុំវិញករណីខាងលើ មកដល់រសៀលថ្ងៃទី១០ធ្នូនេះ ក្រុមការងារខាងលើកំពុងបន្តស្រាវជ្រាវ ដោយយកចិត្តទុកដាក់ខ្ពស់បំផុត។ នេះបើតាមការអះអាងរបស់លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានប្រាប់សារព័ត៌មានថ្មីៗ។ 
 
មុននឹងឈានដល់ការស៊ើបអង្កេតលើភាពមិនប្រក្រតីនៅមន្ទីរអប់រំខេត្តត្បូងឃ្មុំ គឺនាយកសាលារៀនក្នុងខេត្តនាពេលថ្មីៗនេះ បាននាំគ្នាសរសេរលិខិតរាយការណ៍ទៅអភិបាលខេត្តត្បូងឃ្មុំជាបន្តបន្ទាប់ ពីប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ។ ពួកគេ រាយការណ៍ថា ប្រធានមន្ទីរអប់រំខេត្ត បានកិបកេងប្រាក់ខែគ្រូបង្រៀន ប្រាក់សាងសង់អគារ និងប្រេងសាំងខុសគោលការណ៍ជាដើម។ 
 
ទាក់ទិននឹងករណីនេះដែរ ភាគីមន្ទីរអប់រំខេត្ត ក៏បានបង្ហោះលិខិតបំភ្លឺលើទំព័រហ្វេសប៊ុកមន្ទីរអប់រំខេត្តត្បូងឃ្មុំវិញថា ចំនួនទឹកប្រាក់ជាង២០០លានរៀន ដែលលេចចេញព័ត៌មានចចាមអារ៉ាមថាមានការកិបកេងថវិកា សម្រាប់ពង្រីកសាលា បណ្ណាល័យ  គឺមិនមែនជារឿងពិតឡើយ។ ថវិកានេះ គឺមន្ទីរអប់រំខេត្តត្បូងឃ្មុំបានបង្វែរចូលទៅក្នុងថវិការដ្ឋហើយ ដោយពុំបានយកទៅប្រើប្រាស់តម្រូវការផ្ទាល់ខ្លួនឡើយ។ ចំណែក ករណីថវិកាជាង៩៦លានរៀល ទៀត ដែលលើកឡើងថា បានកាត់ប្រាក់ឧបត្ថម្ភគ្រូបង្រៀនជាប់កិច្ចសន្យាជាង៩០នាក់ ក៏មន្ទីរបានបង្វែរចូលថវិការដ្ឋវិញដែរ។ នេះបើតាមលិខិតបំភ្លឺរបស់មន្ទីរអប់រំខេត្តត្បូងឃ្មុំចេញថ្ងៃទី៨ធ្នូ៕ 
 
 
 
 
 
 
 
 
 
 

Tag:
 គ្រូបង្រៀន
© រក្សាសិទ្ធិដោយ thmeythmey.com