ជាតិ
សម្ដេច ហ៊ុន សែន រំពឹងថា​កម្ពុជាអាច​ទទួលបាន​ទេសចរផ្ទៃក្នុង​ប្រមាណ ១១លាននាក់ នៅ​ឆ្នាំ​២០២៣
10, Dec 2022 , 8:29 pm        
រូបភាព
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច ហ៊ុន សែន រំពឹងថា​កម្ពុជា​អាច​ទទួល​បាន​ភ្ញៀវទេសចរ​ផ្ទៃ​ក្នុង​ប្រមាណ ១១លាន​នាក់ ក្នុង​ឆ្នាំ​២០២៣ តាម​ផែនការ​ដែល​បាន​ដាក់​ចេញ។ ដោយ​ឡែក​​ សម្រាប់​​ភ្ញៀវទេសចរ​អន្តរជាតិ​វិញ សម្ដេច រំពឹងថា​អាច​មាន​ប្រមាណ ៧លាន​នាក់ រហូត​ដល់​ឆ្នាំ​២០២៦ ឬឆ្នាំ​២០២៧។​



ដើម្បី​ជំរុញ​ការ​ស្ដារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ រដ្ឋាភិបាល​កម្ពុជា​ បាន​អនុម័ត​ដាក់​ឱ្យ​ប្រើ​ប្រាស់​នូវ​ផែន​ទី​ចង្អុល​ផ្លូវ​ស្ដីពី​ផែន​ការស្ដារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិកូវីដ-១៩។ ក្នុង​ផែនទីនោះ ទេសចរណ៍​ឆ្នេរ​ គឺជា​សសរ​ស្ដម្ភមួយ​ក្នុង​ចំណោម​សសរស្ដម្ភ​ទាំង៤ រួម​មាន​ទេសចរណ៍​វប្បធម៌, ទេសចរណ៍ឆ្នេរ, អេកូទេសចរណ៍ និង​ភាព​ជាខ្មែរ។ 
 
ក្នុង​ពិធី​បើក​មហា​សន្និបាត​លើកទី១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នាខេត្តព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​១០ ធ្នូនេះ សម្ដេច ហ៊ុន សែន មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ៖ «ឈរ​លើ​មូលដ្ឋានទាំង​អស់នេះ យើង​រំពឹងថា​អាច​ទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១១លាននាក់ ក្នុងឆ្នាំ២០២៣ តាមផែនការដែលបានដាក់ចេញ និង​ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ រហូតដល់ឆ្នាំ២០២៦ ឬឆ្នាំ២០២៧»។
 
បើតាម​សម្ដេចនាយករដ្ឋមន្រ្តី ក្នុង​រយៈពេល​ជិត ៣ឆ្នាំ​មកនេះ កម្ពុជា​មាន​សេចក្ដី​រីករាយ ដែល​ពិភព​លោក​​ខិតខំ​ប្រឹង​ប្រែង​ និង​រួម​គ្នា​ជា​ធ្លុង​មួយ​ ក្នុង​ការ​ឆ្លើយ​តប​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ចំពោះ​ការ​រាត​ត្បាត​ជំងឺ​កូវីដ-១៩។ សម្ដេច បន្តថា ការ​ជួយ​គ្នា​ទៅ​វិញ​ទៅមក​នេះ បានធ្វើឱ្យ​ទទួល​បាន​នូវជ័យ​ជម្នះ​ រហូត​ឈាន​ដល់​កា​រ​បើក​ប្រទេស​ និង​ចាប់​ផ្ដើម​ស្ដារ​សេដ្ឋកិច្ច​រៀង​ៗខ្លួន​ឡើង​វិញ​។ 
អត្ថបទទាក់ទង

 
សូម​បញ្ជាក់ថា នៅ​ថ្ងៃទី​៩-១១ ធ្នូនេះ កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​មហា​សន្និបាត​លើកទី១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ខណៈពេល​ដែល​ខេត្ត​ព្រះ​សីហនុ ប្រារព្ធ​ពិធី​បុណ្យ​សមុទ្រ​លើកទី៩ ជុំ​ទី​៣។ ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ឆ្នាំ​២០២២នេះ មាន​កម្មវិធី​កម្សាន្ត​សប្បាយជាច្រើន ជាពិសេស​ការ​ប្រគំតន្រ្តី សកម្មភាព​កីឡា រួមទាំង​ការ​តាំង​ពិព័រណ៍​ផលិត​ផល​ជាដើម៕ 
 

Tag:
 ទេសចរណ៍
  ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com