ជាតិ
ប្រធានក្លឹបឆ្នេរសមុទ្រ សរសើរសម្ដេច ហ៊ុន សែន ប្រែក្លាយវិបត្តិកូវីដ-១៩ ទៅជាឱកាសដ៏មានសក្កានុពល
10, Dec 2022 , 9:29 pm        
រូបភាព
មីឆែល ប៊ូសូល (Michel Bujold) ប្រធានក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើពិភពលោក។
មីឆែល ប៊ូសូល (Michel Bujold) ប្រធានក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើពិភពលោក។
ភ្នំពេញ៖ លោក​ មីឆែល ប៊ូសូល (Michel Bujold) ប្រធានក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុត សរសើរ​សម្ដេច ហ៊ុន សែន ប្រែក្លាយវិបត្តិកូវីដ-១៩ ទៅជាឱកាសដ៏មានសក្ដានុពលក្នុងការ​អភិវឌ្ឍប្រទេស។ ជាងនេះទៅទៀត លោកកត់សម្គាល់ ឃើញពីភាពរីកចម្រើនក្នុងខេត្តព្រះសីហនុយ៉ាងខ្លាំង គឺជាទីក្រុងដែលមានភ្លឺចិញ្ចាច។



ក្នុងពិធីបើកមហាសន្និបាតលើកទី៦ ក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើសកលលោក សម្ដេច ហ៊ុន សែន បាន ជួបពិភាក្សាជាមួយលោក មីឆែល ប៊ូសូល (Michel Bujold) និងការងារជាមួយប្រតិភូក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។ នេះបើតាមការចេញផ្សាយពីទំព័រហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន។
 
លោក មីឆែល ប៊ូសូល តំណាងឲ្យប្រតិភូក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក បានបង្ហាញភាពរីករាយជាមួយដំណឹងពីសម្ដេច ហ៊ុន សែន នឹងធ្វើដំណើរទៅអឺរ៉ុប ក្នុងការពិភាក្សាការស្វែងរកសន្តិភាព ដែលប្រទេសនៅអឺរ៉ុបត្រូវការបំផុត ជាពិសេសនៅប្រទេសអ៊ុយក្រែន។ ជាងនោះទៅទៀត លោកបានវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់សម្ដេច ក្នុងការគ្រប់គ្រងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងល្អ នាំទៅដល់ការបើកប្រទេសឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញ ការទទួលថ្នាក់ដឹកនាំកំពូលៗ។ ជាមួយគ្នាដែរ គឺការរៀបចំដឹកនាំមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកនៅខេត្តព្រះសីហនុ។
 
«អ្វីជាគំរូដែលប្រតិភូក្លឹបឆ្នេរសមុទ្រ បានកត់សម្គាល់ឃើញនោះគឺ សម្ដេច ហ៊ុន សែន បាន ប្រែក្លាយវិបត្តិជំងឺកូវីដ-១៩ ឱ្យទៅជាសក្តានុពល»។ នេះជាការលើកឡើងរបស់លោក មីឆែល ប៊ូសូល ហើយលោកបានសរសើរសម្ដេចបែបនេះ៖ «សម្តេចបានឆ្លៀតឱកាសកូវីដ១៩ កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធលូ អាងប្រព្រឹត្តកម្មទឹកកខ្វក់ លំអទីក្រុងធ្វើឲ្យចរាចរណ៍ធ្វើដំណើរបានយ៉ាងរលូន បានយ៉ាងល្អ និងធ្វើឲ្យភ្លើងភ្លឺចិញ្ចាចដែលអាចនិយាយបានថា ទីក្រុងព្រះសីហនុជាទីក្រុងភ្លឺចិញ្ចាចដ៏ស្រស់បំព្រង»។
 
ទន្ទឹមនឹងនេះ សម្ដេច ហ៊ុន សែន ក៏បានលើកឡើងដែរថា កូវីដ-១៩ ពិតជាបាននាំមកនូវផលវិបាក ប៉ុន្តែកម្ពុជា គ្រប់គ្រងបានល្អ គឺបានជួយសង្គ្រោះជីវិតមនុស្សប្រមាណ៤ពាន់នាក់មកពីប្រមាណ៧០ប្រទេសដែលជាប់គ្មានកន្លែងចុះចតលើកប៉ាល់វ៉េស្ទើដាម។ សម្ដេច បន្ថែមថា សន្តិភាពផ្ដល់នូវការរស់រានមានជីវិត និងសិទ្ធិដទៃទៀត ដែលបន្តផ្ដើមចេញពីសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍន៍។ លើសពីនេះ កម្ពុជាប្រកាន់ខ្ជាប់នូវការគោរពរាល់លក្ខខណ្ឌជាសមាជិកភាពក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ហើយក៏បានស្នើសុំឲ្យមាន ការពិចារណាដាក់លក្ខខ័ណ្ឌមួយបន្ថែមទៀតនោះ គឺកុំឱ្យមានការប្រើប្រាស់ថង់ប្លាស្ទីកនៅតាមឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក៕
 
 
 
 
 
 

Tag:
 អភិវឌ្ឍន៍
© រក្សាសិទ្ធិដោយ thmeythmey.com