FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ថាក្តីស្រមៃឈ្នះ World Cup បញ្ចប់ហើយ ឯអនាគតជាមួយព័រទុយហ្កាល់ស្រពេចស្រពិល
12, Dec 2022 , 5:29 pm        
រូបភាព
ខ្សែប្រយុទ្ធឆ្នើមប្រចាំក្រុមជម្រើសជាតិព័រទុយហ្កាល់ Cristiano Ronaldo ថ្ងៃទី១១ ខែធ្នូ ថាក្តីស្រមៃឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ត្រូវបានបញ្ចប់ហើយ ក្រោយព័រទុយហ្កាល់ហាលអាវត្រឹមវគ្គ៨ក្រុមចុងក្រោយ ក្រោមថ្វីជើងម៉ារ៉ុក។



ព័រទុយហ្កាល់ជួបរឿងខកចិត្តនៅវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីជម្រើសជាតិម៉ារ៉ុកទម្លាក់ក្នុងលទ្ធផលប្រកួត ១-០ នៅក្នុងកីឡដ្ឋាន Al Thumama ថ្ងៃទី១០ ខែធ្នូ នៃការប្រកួត World Cup 2022។ 
 
តាមរយៈការបង្ហោះសារបង្ហាញពីអារម្មណ៍ដ៏ក្តុកក្តួលទៅកាន់អ្នកគាំទ្រលើបណ្តាញសង្គម Instagram កាលពីថ្ងៃទី១១ ខែធ្នូ ប្រធានក្រុមព័រទុយហ្កាល់ ដែលកំពុងក្លាយជាប្រធានបទដ៏ក្តៅជុំវិញការរំពឹងនៃការចូលនិវត្តន៍ពីក្រុមជម្រើសជាតិរបស់គេ ក្រោយការព្យាយាមតាមប្រម៉ាញ់ពានរង្វាន់ World Cup ជាង ១៦ឆ្នាំ និយាយថាគេព្យាយាមខ្លាំង តែនេះជាពេលត្រូវបញ្ចប់។
 
«ឈ្នះ World Cup សម្រាប់ព័រទុយហ្កាល់គឺជារឿងដ៏ធំបំផុតមួយនៃក្តីស្រមៃក្នុងអាជីពរបស់ខ្ញុំ គ្មានហេតុផលអ្វីដែលត្រូវបញ្ចេញប្រតិកម្មដោយកំហឹងនោះទេ […] ដូចដែលគ្រប់គ្នាបានដឹងរួចហើយថាការលះបង់របស់ខ្ញុំសម្រាប់ព័រទុយហ្កាល់មិនបានបាត់បង់ភ្លាមៗនោះទេ។ ខ្ញុំបានព្យាយាមខ្លាំងណាស់ក្នុងរយៈពេលជាង ១៦ឆ្នាំមកនេះ ជាមួយកីឡាករឆ្នើម កំពូលល្អជាច្រើន សម្រាប់ព័រទុយហ្កាល់ ព្រមទាំងការគាំទ្រពីសំណាក់ប្រជាជនព័រទុយហ្កាល់រាប់លាននាក់ ខ្ញុំបានផ្តល់គ្រប់យ៉ាងដែលមានទាំងអស់នៅលើទីលាន ប៉ុន្តែសោកស្តាយខ្លាំងម្សិលមិញក្តីស្រមៃត្រូវបានបញ្ចប់។»។ Ronaldo បានសរសេរបែបនេះលើបណ្តាញ Instagram របស់ខ្លួន។
 
យ៉ាងណាមិញទាក់ទងទៅនឹងអនាគតជាមួយក្រុមជម្រើសជាតិព័រទុយហ្កាល់ថាតើបន្ត ឬចូលនិវត្តន៍ ម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះមិនបានសរសេរបញ្ជាក់អ្វីឡើយ។
 
Cristiano Ronaldo ២ប្រកួតចុងក្រោយជាមួយក្រុមព័រទុយហ្កាល់ រូបគេតែងត្រូវបានលោក Fernando Santos សម្រេចចិត្តដាក់ឱ្យស្ថិតនៅអង្គុយកៅអីបម្រុង ដោយកាលប្រកួតឈ្នះស្វ៊ីល ៦-១ អតីតខ្សែប្រយុទ្ធ Manchester United និង Real Madriid រូបនេះត្រូវបានផ្លាស់ប្តូរឱ្យចូលលេងបានប្រហែល ១៥នាទីចុងម៉ោង និងទល់ម៉ារ៉ុក បានផ្លាស់ប្តូរចូលនៅដើមវគ្គទីពីរ។
ក្រោយក្រុមធ្លាក់ចេញពីការប្រកួត​ World Cup 2022 បញ្ហាដែលដាក់ឱ្យ ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំ ស្ថិតនៅកៅអីបម្រុងក៏ត្រូវបានអ្នកគាំទ្រជាច្រើនរិះគន់ទៅនឹងការដឹកនាំរបស់លោក Fernando Santos ផងដែរ៕
 
 
 
 

Tag:
 Cristiano Ronaldo
  World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com