FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ម៉ារ៉ុកបន្ថែមជើងហោះហើរ៣០ទៀត ដើម្បីដឹកអ្នកគាំទ្រទៅមើលប្រកួត ម៉ារ៉ុក-បារាំង
13, Dec 2022 , 8:29 am        
រូបភាព
ក្រុមហ៊ុនហោះហើរដ៏ធំរបស់ប្រទេសម៉ារ៉ុក Royal Air Maroc នឹងបន្ថែមជើងហោះហើរពិសេសចំនួន ៣០ ដើម្បីដឹកអ្នកគាំទ្ររបស់ជម្រើសជាតិម៉ារ៉ុកពីទីក្រុង Casablanca ទៅកាន់ទីក្រុងដូហារសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់ម្ចាស់ការពារតំណែងជើងឯកបារាំងនៅថ្ងៃ១៤ ខែធ្នូខាងមុខ។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន Royal Air Maroc នៅថ្ងៃទី១២ ខែធ្នូ។



បើតាមការអះអាងពីក្រុមហ៊ុន Royal Air Maroc ជើងហោះហើរពិសេសចំនួន៣០ នឹងធ្វើដំណើរចាប់ពីថ្ងៃទី១៣ និងថ្ងៃទី១៤ ខែធ្នូ ចំថ្ងៃនៃការប្រកួតផ្ទាល់តែម្តង។ 
គោលបំណងសំខាន់ដែលក្រុមហ៊ុនហោះហើរ Royal Air Maroc បានផ្តល់នូវការហោះហើរពិសេសនេះ ក៏ព្រោះដើម្បីចូលរួមអបអរ ក្រុមជម្រើសជាតិម៉ារ៉ុកដូចប្រជាជនម៉ារ៉ុកដទៃទៀត ក្រោយម៉ារ៉ុកក្លាយជាក្រុមអាហ្រ្វិកលើកដំបូងបង្អស់ដែលឈានជើងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ World Cup។
 
ទោះបីយ៉ាងនេះក្តី សំបុត្រធ្វើដំណើរទៅកាន់កាតា ពីសំណាក់ក្រុមហ៊ុន ​Royal Air Maroc មិនមែនជាសំបុត្រដែលផ្តល់ដោយឥតគិតថ្លៃនោះឡើយ តែជាសំបុត្រដែលស្ថិតក្នុងការបញ្ចុះតម្លៃដ៏ពិសេសសម្រាប់ប្រជាជនម៉ារ៉ុកដើម្បីអាចទៅគាំទ្រក្រុមប្រកួតដោយផ្ទាល់។ Royal Air Maroc ដដែលអះអាងថាអ្នកគាំទ្របានទិញសំបុត្រសម្រាប់វិលមកវិញ ប៉ុន្តែបន្តស្នាក់នៅកាតាដើម្បីគាំទ្រក្រុមថែមទៀត អាចស្នើសុំផ្លាស់ប្តូរថ្ងៃធ្វើដំណើរដោយឥតគិតថ្លៃ និងគ្មានការផាក់ពិន័យអ្វីទាំងអស់។
 
ក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុក បានបង្កើតរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលជាច្រើនក្នុងព្រឹត្តិការណ៍ ​World Cup 2022 នៅប្រទេសកាតា។ ម៉ារ៉ុកបង្ហាញវត្តមានលើកទី៦ របស់ខ្លួនក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ហើយជាប្រវត្តិសាស្ត្រដំបូងរបស់ម៉ារ៉ុកដែលបានបញ្ចប់ចំណាត់ថ្នាក់លេខ ១កំពូលតារាងនៃពូល F មុនឡើងវគ្គ ១៦ ដោយទម្លាក់អេស្ប៉ាញ និងចុងក្រោយនៅវគ្គ៨ក្រុមបានទម្លាក់ព័រទុយហ្កាល់ទាំងផ្ញាក់ផ្អើល។ 
 
ក្រោយឈ្នះអេស្ប៉ាញឡើងវគ្គ ៨ក្រុមចុងក្រោយ ម៉ារ៉ុកក្លាយជាក្រុមអាហ្រ្វិកទី៤ ដែលឡើងដល់វគ្គនេះបន្ទាប់ពីកាមេរូនឆ្នាំ ១៩៩០ សេណេហ្កាល់ឆ្នាំ ២០០២ និងហ្កាណាឆ្នាំ ២០១០។ ទប់ទល់ព័រទុយហ្កាល់ដោយជ័យជម្នះ ១-០ វគ្គ៨ក្រុម ម៉ារ៉ុកបង្កើតប្រវត្តិសាស្ត្រជាក្រុមអាហ្រ្វិកដែលឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដំបូងគេបង្អស់ក្នុងរយៈពេល ៩២ឆ្នាំនៃ ​World Cup។
ជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី១៤ ខែធ្នូ ម៉ារ៉ុកនឹងត្រូវជួបតទល់ជាមួយនឹងក្រុមម្ចាស់ការពារតំណែងជើងឯកបារាំងនៅកីឡដ្ឋាន Al Bayt ដែលជាក្រុមបានទម្លាក់តោកំណាចអង់គ្លេសនៅវគ្គ ៨ក្រុមចុងក្រោយដោយលទ្ធផល ២-១៕
 

Tag:
 World Cup
  Morocco
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com