FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ បាល់ឈ្មោះ «សុបិន» នឹងត្រូវប្រើក្នុងការប្រកួតចាប់ពីវគ្គ ១/២ផ្តាច់ព្រ័ត្រទៅ
13, Dec 2022 , 9:29 am        
រូបភាព
បាល់ដែលមានឈ្មោះថា Al Hilm ដែលមានន័យជាភាសាអារ៉ាប់ប្រែថា «សុបិន» នឹងដាក់ឱ្យប្រើប្រាស់ចាប់ពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA World Cup 2022 តទៅ រហូតដល់វគ្គផ្តាច់ព្រ័ត្រតែម្តង។



សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានប្រកាសថាបាល់ថ្មីឈ្មោះសុបិន នឹងតម្រូវឱ្យប្រើប្រាស់សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ World Cup ជំនួសឱ្យគ្រាប់បាល់ចាស់ដែលមានឈ្មោះថា Al Rihla ដែលប្រើអំឡុងការប្រកួតវគ្គចែកពូល​ ១៦ក្រុម និង ៨ក្រុមចុងក្រោយ។ 
 
Al Hilm បាល់ថ្មីផលិតដោយក្រុមហ៊ុនផលិតសម្ភារកីឡាដ៏ធំប្រចាំពិភពលោក Adidas នឹងប្រើប្រាស់ក្នុងការប្រកួត ៤ចុងក្រោយដែលនៅសល់ក្នុងប្រទេសកាតា។
គ្រាប់បាល់ឈ្មោះថា Al Hilm ដែលន័យជាភាសាអារ៉ាប់បកប្រែថា «សុបិន» នឹងជំនួសបាល់ Al Rihla ប្រែថា «ដំណើរផ្សងព្រេង» នឹងត្រូវប្រើចាប់ពីការប្រកួតរវាងក្រុមក្រូអាស៊ីទល់ដៃគូចាស់អាហ្សង់ទីន និងបារាំងទល់ម៉ារ៉ុក ដែលជាក្រុមទើបបង្កើតកំណត់ត្រាជាក្រុមអាហ្រ្វិកឈានជើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដំបូងគេបង្អស់។ ក្រុមដែលចាញ់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវប្រជែងគ្នាជាមួយក្រុមដែលចាញ់ដូចគ្នាដើម្បីដណ្តើមចំណាត់ថ្នាក់លេខ៣។ 
 
បាល់ Al Hilm មានរូបរាងខុសពីគ្រាប់បាល់ចាស់ Al Rihla ដោយវាបានផ្លាស់ប្តូរពណ៍ពី សរលាយលំពណ៍ខៀវ និងក្បាច់ត្រីកោណពណ៍ក្រហមទឹកក្រូច ទៅជាគ្រាប់បាល់ពណ៍មាសវិញ ជាមួយការរចនាម៉ូតឈ្នូតមានពណ៍ក្រហមនិងខ្មៅបញ្ចូលគ្នាលំនំជារៀងត្រីកោណដែលតំណាងឱ្យវាលខ្សាច់នៅជុំវិញទីក្រុងហូហា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ FIFA។
 
«Al Hilm តំណាងឱ្យពន្លឺនៃថាមពលរបស់កីឡា និងបាល់ទាត់ដើម្បីនាំពិភពលោកឱ្យរួបរួមគ្នា។ មនុស្សរាប់លាននាក់មកពីគ្រប់ប្រទេសស្ទើរទាំងអស់នៅលើពិភពលោក បានប្រមូលផ្តុំ និងជួបជុំគ្នាដើម្បីការប្រកួតបាល់ទាត់ដ៏អស្ចារ្យមួយនេះ ហើយយើងក៏ជួនពរឱ្យក្រុមទាំងអស់ដែលត្រូវប្រកួតក្នុងវគ្គចុងក្រោយនេះឱ្យជួបតែសំណាងល្អ។»។ នេះបើតាមប្រធានក្រុមហ៊ុនរបស់ Adidas លោក Nick Craggs បាននិយាយក្នុងសេចក្តីថ្លែងការណ៍បែបនេះ។
 
គួររំលឹងផងដែរថាបាល់ដែលបានប្រើប្រាស់ក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកសុទ្ធសឹងតែជាបាល់ដែលមានដាក់ប្រព័ន្ធបច្ចេកវិទ្យាជួយតាមដានរាល់សកម្មភាពលើទីលាន និងជាជំនួយដល់ការសម្រេចចិត្តទៅកាន់មន្ត្រីអាជ្ញាកណ្តាលនៅលើទីលាន (Goal Line)៕
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com