អន្តរជាតិ
ហ្គាណា​នឹង​ប្រើ​មាស​ទិញ​ប្រេង​ឥន្ធនៈ​ដើម្បី​ដោះស្រាយ​វិបត្តិ​បំណុល
13, Dec 2022 , 7:21 pm        
រូបភាព
រូបឯកសារ៖ ប្រជាជន​អង្គុយ​នៅ​ខាង​មុខ​ហាង​នានា​ដែល​បាន​បិទ នៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម​​នៃ​ទីក្រុង Accra ប្រទេស​ហ្គាណា។ ម្ចាស់​ហាង​ទាំងនោះ​បិទ​ហាង​របស់​ខ្លួន​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​តម្លៃ​ទំនិញ​ឡើង​ថ្លៃ​ខ្ពស់ខ្លាំង​ នៅ​ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២។
រូបឯកសារ៖ ប្រជាជន​អង្គុយ​នៅ​ខាង​មុខ​ហាង​នានា​ដែល​បាន​បិទ នៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម​​នៃ​ទីក្រុង Accra ប្រទេស​ហ្គាណា។ ម្ចាស់​ហាង​ទាំងនោះ​បិទ​ហាង​របស់​ខ្លួន​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​តម្លៃ​ទំនិញ​ឡើង​ថ្លៃ​ខ្ពស់ខ្លាំង​ នៅ​ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២។
ដោយ: VOA
រដ្ឋាភិបាល​ហ្គាណា​កំពុង​រង​សម្ពាធ​យ៉ាង​ខ្លាំង​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ ដោយសារ​សេដ្ឋកិច្ច​បាន​ដាំ​ក្បាល​ចុះ​ក្រោម ដោយ​អតិផរណា​បាន​ឡើង​ដល់ ៤០% កាលពី​ខែ​តុលា​ដែល​ជា​អត្រា​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក។ អ្នក​ប្រកប​អាជីវកម្ម​នានា​បាន​បិទ​ហាង​របស់​ខ្លួន​កាលពី​ខែ​តុលា​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​ឡើង​ថ្លៃ​តម្លៃ​ទំនិញ​និង​សេវាកម្ម ស្របពេល​ដែល​ប្រជាពលរដ្ឋ​ត្អូញត្អែរ​អំពី​ការ​ចំណាយ​ខ្ពស់​លើ​ការ​រស់នៅ។


ទំនុក​ចិត្ត​លើ​ទីផ្សារ​មាន​កម្រិត​ទាប​យ៉ាង​ខ្លាំង ស្របពេល​ដែល​ប្រទេស​ហ្គាណា​ចរចា​ជាមួយ​នឹង​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ដើម្បី​ទទួល​បាន​កិច្ច​ព្រមព្រៀង​មួយ​ដែល​មាន​ទឹក​ប្រាក់ ៣ ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​ជួយ​ស្តារ​សេដ្ឋកិច្ច​ប្រទេស​នេះ​ឡើង​វិញ។
 
លោក Ken Ofori-Atta រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ហ្គាណា ដែល​ត្រូវ​បាន​អ្នក​តំណាងរាស្ត្រ​មួយ​ចំនួន​មក​ពី​គណបក្ស​កាន់​អំណាច​អំពាវនាវ​ឱ្យ​មាន​ការ​ដក​លោក​ចេញ​ពី​តំណែង បាន​បង្ហាញ​ផែនការ​ថវិកា​សម្រាប់​ឆ្នាំ ២០២៣ នៅ​ក្នុង​សភា​កាលពី​ចុង​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ និង​បាន​ថ្លែង​ថា​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រាក់ cedi របស់​ប្រទេស​ហ្គាណា​នៅតែ​ជា​បញ្ហា​ដ៏​ធំ​មួយ ខណៈ​ដែល​រដ្ឋាភិបាល​ព្យាយាម​ដោះស្រាយ​បញ្ហា​ប្រឈម​នា​ពេល​បច្ចុប្បន្ន​របស់​ប្រទេស។
 
លោក Ofori-Atta បាន​ថ្លែង​ថា៖ «តម្រូវការ​នៅ​ក្នុង​ការ​ដោះដូរ​រូបិយបណ្ណ​បរទេស​ដើម្បី​គាំទ្រ​ដល់​តម្រូវការ​នាំចូល​ដែល​មិន​អាច​គ្រប់គ្រង​បាន​របស់​យើង​បាន​ធ្វើ​ឱ្យ​តម្លៃ​ប្រាក់ cedi ចុះ​ខ្សោយ។ នេះ​រួម​ចំណែក​ដល់​ការ​ធ្វើ​ឱ្យ​ធ្លាក់​ថ្លៃ​ប្រាក់ cedi ដែល​បាន​បាត់បង់​តម្លៃ​ប្រមាណ ៥៣,៨% ចាប់​តាំងពី​ដើម​ឆ្នាំ​នេះ​មក។ បើ​ធៀប​ទៅ​នឹង​អត្រា​ធ្លាក់​ចុះ​ជា​មធ្យម​ប្រចាំ​ឆ្នាំ​នៃ​ប្រាក់ cedi ដែល​មាន​ចំនួន ៧% នៅ​ចន្លោះ​ឆ្នាំ ២០១៧ និង​ឆ្នាំ ២០២១ ការ​ធ្លាក់​ចុះ​នា​ពេល​បច្ចុប្បន្ន​ក្នុង​ឆ្នាំ​នេះ​ដែល​ធ្វើ​ឱ្យ​ទំនិញ និង​សេវាកម្ម​ឡើង​ថ្លៃ​ខ្ពស់​សម្រាប់​មនុស្ស​គ្រប់​គ្នា គឺ​ជា​ការ​ខាតបង់​ដ៏​ធំ​មួយ»។
 
នៅ​ក្នុង​ផ្នែក​មួយ​នៃ​វិធានការ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ លោក Ofori-Atta បាន​ប្រកាស​ផ្អាក​ការ​លើកលែង​ពន្ធ​ថ្មី​សម្រាប់​ក្រុមហ៊ុន​បរទេស ពិនិត្យ​ឡើង​វិញ​លើ​ការ​លើកលែង​ពន្ធ​សម្រាប់​ក្រុមហ៊ុន​រុករក​រ៉ែ ប្រេង និង​ឧស្ម័ន និង​កាត់​បន្ថយ​ការ​រួម​ចំណែក​ផ្ដល់​ប្រេង​ឥន្ធនៈ​ដល់​អ្នក​ដែល​ទទួល​បាន​ពី​រដ្ឋាភិបាល។
 
លោក Daniel Amartey ដែល​ជា​សេដ្ឋវិទូ​នៃ​អង្គការ​គំនិត​ផ្តួចផ្តើម​គោល​នយោបាយ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច (Policy Initiative for Economic Development (PIED)) ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​អាក្រា ប្រទេស​ហ្គាណា បាន​ថ្លែង​ថា ការ​កាត់​បន្ថយ​ការ​ចំណាយ​នេះ​គឺ​ជា​សញ្ញា​ល្អ ប៉ុន្តែ​លោក​ចង់​ឱ្យ​រដ្ឋាភិបាល​ផ្តោត​បន្ថែម​ទៀត​លើ​ការ​បង្ការ​កុំ​ឱ្យ​មាន​ការ​បាត់បង់​ប្រាក់​នៅ​ក្នុង​ប្រព័ន្ធ។
 
លោកAmartey បាន​ថ្លែង​ថា៖ «អ្វី​ដែល​អាច​ធ្វើ​បាន​ប្រសើរ​ពាក់ព័ន្ធ​នឹង​ការ​កាត់បន្ថយ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​គឺ​ការ​ដោះស្រាយ​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រព័ន្ធ​និង​ការ​ដោះស្រាយ​អំពើ​ទុច្ចរិត​ផ្នែក​ហិរញ្ញវត្ថុ។ ដូច្នេះ​យើង​គួរ​មាន​វិធី​ដោះស្រាយ​អំពើ​ពុករលួយ​និង​បទល្មើស​ពាក់ព័ន្ធ។ រដ្ឋាភិបាល​អាច​នឹង​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ក្នុង​កាត់​បន្ថយ​ចំណាយ ប្រសិនបើ​បាន​ផ្តល់​អំណាច​ដល់​ការិយាល័យ​រដ្ឋអាជ្ញា​ពិសេស​ក្នុង​ការ​ដោះស្រាយ​បញ្ហា​អំពើ​ពុករលួយ​និង​បទល្មើស​ពាក់ព័ន្ធ​នោះ»។
 
ស្រប​ពេល​នេះ​ដែរ លោក​អនុ​ប្រធានាធិបតី Mahamudu Bawumia បាន​ប្រកាស​តាម Facebook ថា ប្រទេស​ហ្គាណា​កំពុង​តាក់តែង​គោល​នយោបាយ​ថ្មី​ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​ក្រោយ​ក្នុង​ការ​ទិញ​ប្រេង​ឥន្ធនៈ​ដោយ​ប្រើ​មាស​ជាជាង​ប្រាក់​បម្រុង​ដុល្លារ​អាមេរិក ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​វិធានការ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ពង្រឹង​តម្លៃ​ប្រាក់ cedi។
 
លោក Gideon Boako អ្នក​នាំពាក្យ​របស់​លោក​អនុ​ប្រធានាធិបតី Bawumia បាន​ពន្យល់​អំពី​ដំណើរការ​នៃ​គោល​នយោបាយ​នេះ​នៅ​ក្នុង​សារ​មួយ​ផ្ញើ​មក​កាន់ VOA ដោយ​បញ្ជាក់​ថា «វា​ជា​ប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល។ ផល​ប៉ះពាល់​ខ្លាំង​បំផុត​លើ​ទីផ្សារ​ទិញ​លក់​រូបិយបណ្ណ​បរទេស​គឺ​បណ្ដាល​មក​ពី​ការ​នាំ​ចូល​ប្រេង​ឥន្ធនៈ។ នៅ​ពេល​អ្នក​ដោះស្រាយ​បញ្ហា​នេះ ស្ថានភាព​នៃ​ការ​ទិញ​លក់​រូបិយបណ្ណ​បរទេស​នឹង​មាន​ភាព​ល្អ​ប្រសើរ»។
 
លោក​បាន​បន្ថែម​ទៀត​ថា៖ «រដ្ឋាភិបាល​ហ្គាណា​នឹង​ទិញ​មាស​ក្នុង​ស្រុក​ដោយ​ប្រើ​ប្រាក់ cedi តាមរយៈ​ធនាគារ​ហ្គាណា និង​ក្រោយ​មក​យក​មាស​នោះ​ទៅ​ទិញ​ប្រេង​ឥន្ធនៈ​ពី​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម»។
 
លោក Amartey បាន​ហៅ​គោល​នយោបាយ​នេះ​ថា​មាន​លក្ខណៈ​ច្នៃ​ប្រឌិត។
លោក Amartey បញ្ជាក់​ដូច្នេះ​ថា៖ «វា​ជា​ការ​វិវឌ្ឍ​ដ៏​ល្អ​មួយ ហើយ​ក្នុង​រយៈពេល​ខ្លី​បំផុត វា​អាច​នឹង​ជួយ​យើង​ដោះស្រាយ​បញ្ហា​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រាក់ cedi បាន។ ដូច្នេះ​យើង​នឹង​ប្រើ​ប្រាក់​ដុល្លារ​អាមេរិក​កាន់​តែ​តិច​សម្រាប់​ការ​នាំ​ចេញ​របស់​យើង»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com