FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ ប្រវត្តិសាស្ត្រអាហ្សង់ទីនឡើងវគ្គផ្តាច់ព្រ័ត្រ ៤លើក រយៈពេល ៤០ឆ្នាំ ក្រោយបំបាក់ក្រូអាស៊ី
14, Dec 2022 , 3:58 am        
រូបភាព
ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនកក់កៅអីវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ World Cup 2022 ក្រោយបំបាក់ក្រូអាស៊ីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលទ្ធផល ៣-០ នៃការប្រកួតក្នុងកីឡដ្ឋាន Lusail Iconic ប្រទេសកាតារាត្រីថ្ងៃទី១៣ ខែធ្នូ។ អាហ្សង់ទីនឈានជើងឡើងដល់វគ្គផ្តាច់ព្រ័ត្រលើកទី៤ របស់ខ្លួនក្នុងរយៈពេល ៤០ឆ្នាំនៃប្រវត្តិសាស្ត្រ World Cup។

 
ជំនួបដ៏អស្ចារ្យរវាងក្រុមម្ចាស់ជើងឯក ២សម័យអាហ្សង់ទីន ទល់ជើងឯករងក្រូអាស៊ីចាប់ផ្តើមវគ្គទីមួយ ដោយក្រូអាស៊ីនៅដើមវគ្គធ្វើបានយ៉ាងល្អក្នុងការដាក់សម្ពាធខ្លាំងលើគូប្រកួតមួយលើកជាពីរលើក ប៉ុន្តែពួកគេគ្មានឱកាសក្នុងស៊ុតសំដៅសំណាញ់ទីអាហ្សង់ទីនបាននោះទេ។ 
 
អាហ្សង់ទីនបានកែប្រែស្ថានកាលចាប់តាំងពីពាក់កណ្តាលវគ្គដោយបានវាយបកសម្រុកលើក្រូអាស៊ីវិញក្រោយពួកគេរកបានឱកាសឆក់យកបាល់ពីការសម្រុករបស់ក្រូអាស៊ី ការវាយបកដ៏មានប្រសិទ្ធភាពអាហ្សង់ទីនទទួលបានឱកាសមាសបាល់ពិន័យ ១១ម៉ែត្រ និងសម្រេចបានដោយ Lionel Messi នៅនាទី៣៤។ មិនដល់ ៥នាទីឡើយពីការនាំមុខ ១-០ យុទ្ធសាស្ត្រដដែលអាហ្សង់ទីនរកបានឱកាសវាយបកពីការសម្រុករបស់ក្រូអាស៊ីរហូតអាចស៊ុតទម្លុះសំណាញ់ទីរកបានគ្រាប់ទី២ ដោយ Julian Alvarez នៅនាទី៣៩ បញ្ចប់វគ្គទីមួយអាហ្សង់ទីននាំមុខលទ្ធផល ២-០ បណ្ណោះអាសន្នលើក្រូអាស៊ី។
 
ឈានចូលដល់ការប្រកួតក្នុងវគ្គទីពីរទោះបីក្រូអាស៊ីព្យាយាមផ្លាស់ប្តូរកីឡាករមួយចំនួនដើម្បីអាចស្វែករកឱកាសខ្លួនក្នុងការវាយបកតាមគ្រាប់បាល់មកវិញលើអាហ្សង់ទីន ប៉ុន្តែគ្មានឱកាសល្អណាមួយអាចឆ្លងកាត់រនាំងការពារដ៏រឹងមាំនៃខ្សែការពារអាហ្សង់ទីន និងអ្នកចាំទី Emiliano Martinez បានឡើយ។ អាហ្សង់ទីននៅតែធ្វើបានល្អក្នុងវគ្គទីពីរដោយនៅនាទី៦៩ គ្រាប់បាល់ទី៣ សម្រាប់អាហ្សង់ទីនបានកើ់តឡើងសារជាថ្មីដោយការសហការគ្នាដ៏ល្អពីខ្សែប្រយុទ្ធឆ្នើម Lionel Messi និង Julian Alvarez ដែលសម្រេចបានគ្រាប់បន្ថែមនាំមុខលើក្រូអាស៊ី ៣-០។ 
 
លទ្ធផលពេញ ៩០នាទីអាហ្សង់ទីនរក្សាការនាំមុខ ៣-០ នាំមុខដដែលរហូតបញ្ចប់ការប្រកួត អាហ្សង់ទីនសងសឹងក្រូអាស៊ីបានសម្រេចក្នុងលទ្ធផល ៣-០ ដដែលទម្លាក់ក្រុមជើងឯករងត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដើម្បីឈានជើងឡើងវគ្គផ្តាច់ព្រ័ត្រនៃ World Cup 2022។ ក្រូអាស៊ីបានត្រឹមខកចិត្តមិនអាចឈានជើងឡើងវគ្គផ្តាច់ព្រ័ត្រជាលើកទី ហើយក្រូអាស៊ីនឹងត្រូវរង់ចាំប្រកួតដណ្តើមយកលេខ៣។
 
នេះជាប្រវត្តិសាស្ត្រសម្រាប់អាហ្សង់ទីនដែលពួកគេបានឈានជើងឡើងដល់វគ្គផ្តាច់ព្រ័ត្រលើកទី៤ ក្នុងរយៈពេល ៤០ឆ្នាំ និងលើកទី៦ ពីការបង្ហាញខ្លួន ១៨លើកនៅព្រឹត្តិការណ៍ World Cup៕
 
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com