FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo នឹងមិនសប្បាយចិត្តទេ បើអាហ្សង់ទីនឈ្នះ World Cup
14, Dec 2022 , 11:07 am        
រូបភាព
Ronaldo វីរបុរសប្រេស៊ីល នឹងមិនសប្បាយចិត្តឡើយ ប្រសិបបើអាហ្សង់ទីនឈ្នះ FIFA World Cup នៅកាតា។ ការលើកឡើងរបស់ម្ចាស់ស្បែកជើងមាស World Cup រូបនេះ បន្ទាប់ពីអតីតក្រុមគូប្រជែងខ្លួនអាហ្សង់ទីនទម្លាក់ក្រូអាស៊ីនៅវគ្គ៤ក្រុមចុងក្រោយ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ។

 
ប្រេស៊ីល ឈ្នះជើងឯកកីឡាបាល់ទាត់ពិភពលោកចុងក្រោយឆ្នាំ ២០០២ នៅកូរ៉េ-ជប៉ុន ដោយ Ronaldo ដើរតួយ៉ាងសំខាន់សម្រាប់ជ័យជម្នះនេះ។ នាព្រឹត្តិការណ៍ក្រោយៗ សាំបាប្រេស៊ីលធ្វើមិនបានល្អឡើយ​ ក្នុងនោះក្រុមយក្សឡាទីនមួយនេះ មិនឈានចូលដល់វគ្គផ្តាច់ព្រ័ត្រឡើយ។
  

Ronaldo ទស្សនាការប្រកួតរវាងអាហ្សង់ទីន និងក្រូអាស៊ី

ស្របពេលប្រេស៊ីលធ្លាក់ត្រឹមវគ្គ៨ក្រុម ហើយអាហ្សង់ទីនកក់កៅអីវគ្គផ្តាច់ព្រ័ត្រនៅកាតា Ronaldo ដែលមានវត្តមានក្នុងការប្រកួតអាហ្សង់ទីន-ក្រូអាស៊ីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បង្ហាញអារម្មណមិនស្រណុកចិត្តឡើយ ដែលឃើញក្រុមគូប្រជែងខ្លួនឈានដល់ឱកាសដណ្តើមពាន។
 
ក្នុងបទសម្ភាសន៍ជាមួយកាសែតអេស្ប៉ាញ Marca បុរសវ័យ៤៦ឆ្នាំ អះអាងថា៖«បើនិយាយថាខ្ញុំនឹងសប្បាយចិត្តសម្រាប់អាហ្សង់ទីន បើពួកគេឈ្នះ World Cup មិនមែនជាការពិតទេ វានឹងក្លាយជាការកុហក ខ្ញុំមិនមែនជាមនុស្សលាក់ពុតនោះទេ»។
 
ទោះប្រេស៊ីលធ្លាក់ក្រោមថ្វីជើងក្រូអាស៊ីវគ្គ១/៤ផ្តាច់ព្រ័ត្រក្តី ប៉ុន្តែ Ronaldo នៅតែសរសើក្រុមលេងបានល្អ ពោលគឺល្អជាងអាហ្សង់ទីន។ ម្ចាស់ក្លិប Real Valladolid នៃលីគកំពូលអេស្ប៉ាញ La Liga រូបនេះបន្ថែមថា៖ «តាមទម្រង់លេងប្រេស៊ីលសមឈ្នះ World Cup នៅកាតានេះ។​ អាហ្សង់ទីនលេងមិនសូវល្អទេ តែពួកគេមានមហិច្ឆតាធំ ពួកគេមានបេះដូងរួមគ្នាតែមួយ ជាពិសេសវត្តមាន Messi ទើបពួកគេឈានដល់វគ្គផ្តាច់ព្រ័ត្រ»។
 
Ronaldo ដែលជាម្ចាស់ពានរង្វាន់ Ballon d'Or ពីរសម័យ ក៏បានលើកឡើងអំពីបេក្ខភាពគ្រូប្រេស៊ីលថ្មី បន្ទាប់ពីលោក Tite ចាកចេញពីតំណែង ក្រោយដឹកនាំក្រុមបរាជ័យនៅ World Cup ពីរលើកជាប់គ្នា។
 
សម្រាប់តំណែងគ្រូថ្មីប្រេស៊ីល Ronaldo មិនប្រកាន់ថាជាគ្រូបរទេសអ្វីឡើយ។ Ronaldo ចង់បានគ្រូថ្មីដូចជា Pep Guardiola, Carlo Ancelotti ឬ Jose Mourinho ទៅបង្វឹកប្រេស៊ីល។ យ៉ាងណា Ronaldo ថាខ្លួនមិនមែនជាអ្នករើសនោះទេ ដោយតួនាទីនេះសម្រាប់សហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) ស្របពេលខ្លួនគ្រាន់តែផ្តល់យោបល់ប៉ុណ្ណោះ៕
 

Tag:
 World Cup
  FIFA
  Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com