FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូបារាំងមានមោទកភាពចំពោះក្រុម តែផ្តាំកីឡាករឱ្យត្រៀមខ្លួនទប់ទល់ Messi
16, Dec 2022 , 9:29 am        
រូបភាព
លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង ថ្ងៃទី១៥ ខែធ្នូ បង្ហាញ មោទកភាពចំពោះកូនក្រុមដែលអាចឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ FIFA World Cup ជាលើកទី២ជាប់គ្នាក្រោយទម្លាក់ម៉ារ៉ុកលទ្ធផល ២-០ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ មុនជំនួបផ្តាច់ព្រ័ត្រទល់អាហ្សង់ទីន គ្រូសញ្ជាតិបារាំងរូបនេះ ផ្តាំកូនក្រុមត្រូវត្រៀមខ្លួនទប់ទល់ Lionel Messi សម្រាប់ជំហ៊ានចុងក្រោយ។



នាជ័យជម្នះដែលបារាំងរកបានលើម៉ារ៉ុក ២-០ នោះ គ្រាប់បាល់បានកើតឡើងចាប់តាំងពី ៥នាទីដំបូងនៃវគ្គទីមួយដោយខ្សែការពារ Theo Hernandez អាចស៊ុតគ្រាប់បាល់ទីមួយសម្រាប់បារាំង ហើយកីឡាករ Randal Kolo Muani ជាអ្នកបន្ថែមគ្រាប់ទីពីរនៅនាទី៧៩ ដណ្តើមបានកៅអីវគ្គផ្តាច់ព្រ័ត្រលើកទី៤ របស់ខ្លួនក្នុងប្រវត្តិសាស្ត្រ World Cup។
 
ក្រោយដឹកនាំបារាំងឡើងវគ្គផ្តាច់ព្រ័ត្រ ២លើកជាប់គ្នាតាំងពីពេលគ្រងជើងឯកឆ្នាំ​ ២០១៨ រួចមក លោក Deschamps បានក្លាយជាគ្រូទី៤ សម្រាប់បារាំងដែលអាចនាំក្រុមឡើងវគ្គផ្តាច់ព្រ័ត្រនេះម្តងហើយម្តងទៀត។ ប្រសិនបើបារាំងអាចការពារជើងឯកបានទៀតនោះ បារាំងនឹងក្លាយជាក្រុមលើកដំបូងដែលឈ្នះពានរង្វាន់ ២លើកជាប់គ្នាចាប់តាំងពីឆ្នាំ​ ១៩៦២ ដែលប្រេស៊ីលធ្លាប់ធ្វើបានក្នុងឆ្នាំ ១៩៥៨ និង ១៩៦២។
 
«ខ្ញុំពិតជាមានមោទកភាពខ្លាំងណាស់ ដែលយើងអាចឈានជើងឡើងវគ្គផ្តាច់ព្រ័ត្រ ២លើកជាប់គ្នា វាអស្ចារ្យណាស់ តែវាក៏មិនមែនជាជ័យជម្នះដែលងាយស្រួលដែរ។ យើងត្រូវការគុណភាពខ្លាំងបន្ថែម ហើយជាពិសេសពួកយើងត្រូវត្រៀមខ្លួនសម្រាប់តទល់ Lionel Messi រព្រោះថារូបគេក្លាយជាកីឡាករដ៏គ្រោះថ្នាក់បំផុត។»។ លោក Deschamps បាននិយាយក្នុងសន្និសីទកាសែតបែបនេះ។
 
មិនត្រឹមតែប៉ុណ្ណោះលោក Deschamps វ័យ ៥៤ឆ្នាំ ក៏បានអះអាងបន្ថែមថា Messi ជាកីឡាករល្អបំផុតប្រចាំពិភពលោក ប្រសិនបើចង់បញ្ឈប់ Messi ក្រុមបារាំងត្រូវលេងដោយដាក់សម្ពាធដាក់ការគាបសង្កត់ខ្លាំងលើរូបគេនៅក្នុងការប្រកួត ដូចអ្វីដែលអាហ្សង់ទីនព្យាយាមចង់បញ្ឈប់កីឡាករបារាំងអ៊ីចឹងដែរ។
 
ជំនួបវគ្គផ្តាច់ព្រ័ត្រ World Cup 2022 រវាងអាហ្សង់ទីន ទល់បារាំងនឹងត្រូវធ្វើឡើងក្នុងកីឡដ្ឋាន Lusail Iconic ប្រទេសកាតា វេលាម៉ោង ១០យប់(ម៉ោងនៅកម្ពុជា) ថ្ងៃទី១៨ ខែធ្នូ មួយថ្ងៃក្រោយការប្រកួតដណ្តើមលេខ៣ រវាងក្រូអាស៊ីនិងម៉ារ៉ុក៕
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com